ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​ជួប​បញ្ហា​កូ​វី​ដ ១៩ តែ​ការ​នាំ​ចេញ​កៅស៊ូ​ទៅ​ក្រៅប្រទេស​នៅ​តែ​កើនឡើង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល ១​ត្រីមាស​ដើមឆ្នាំ ២០២០​នេះ ជា​ពេល​ដែល​ពិភព លោក​កំពុង​ជួប​បញ្ហា​នូវ​ជំងឺ​កូ​វី​ដ ១៩ ក្នុង​នោះ បណ្ដា​វិស័យ​ជា​ច្រើន​បាន​ប៉ះពាល់…


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល ១​ត្រីមាស​ដើមឆ្នាំ ២០២០​នេះ ជា​ពេល​ដែល​ពិភព លោក​កំពុង​ជួប​បញ្ហា​នូវ​ជំងឺ​កូ​វី​ដ ១៩ ក្នុង​នោះ បណ្ដា​វិស័យ​ជា​ច្រើន​បាន​ប៉ះពាល់ និង​ធ្វើ ឱ្យ​ចរន្ត​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយ​ៗ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ។ ដោយឡែក​សម្រាប់ កម្ពុជា​ក៏​ដូច្នោះ​ដែរ ក្នុង​នោះ​ការ​នាំ​ចេញ​ក៏​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ ក៏​ប៉ុន្តែ​សម្រាប់​ការ​នាំ ចេញ​កៅស៊ូ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស ក្នុង​រយៈពេល​បី​ខែ​នេះ បាន​កើនឡើង ប្រមាណ ១០​ភាគរយ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា គិត ត្រឹម​ដំណាច់​ខែមីនា ២០២០​នេះ ការ​នាំ​ចេញ​កៅស៊ូ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស មាន​ចំនួន ប្រមាណ ៥៣.០៥៧​តោន បាន​កើនឡើង​ចំនួន​ជាង​៥ ពាន់​តោន ហើយ​បើ​ធៀប​នឹង​រយៈ ពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៩ បាន​កើនឡើង​ប្រមាណ ១០​ភាគរយ ។

របាយការណ៍​ដដែល​នេះ​បាន​បង្ហាញ​ផង​ដែរ​ពី​តម្លៃ​កៅស៊ូ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០ គឺ ក្នុង​ម​ត្លៃ​ប្រមាណ ១.៤២០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន បើ​ធៀប​នឹង​ត្រីមាស​ទី ១​ឆ្នាំ​មុន តម្លៃ​នេះ​បាន​កើនឡើង​ប្រមាណ ១៤១​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ឬ​ប្រមាណ ១១​ភាគ រយ ។ ដោយឡែក​ក្នុង​ខែមីនា តម្លៃ​កៅស៊ូ​លក់​ចេញ​បាន​ប្រមាណ ១៣៩៧​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​តោន ថយ​ចុះ​ប្រមាណ ១៧​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ឬ​ស្មើនឹង​ប្រមាណ ១,២១ ភាគរយ បើ​ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ ២០២០ តែបើ​ធៀប​នឹង​ខែមីនា ឆ្នាំ ២០១៩​គឺ​តម្លៃ​នេះ​កើន ឡើង​ប្រមាណ ៣៥​ដុល្លារ​អា​មេ​រិ​ក ឬ ៣​ភាគរយ ។

របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ពី​ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​ប្រមាណ ៤០៥.៤៨៥​ហិច​តា ដែល ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រកៅស៊ូ​មាន​ប្រមាណ ២៥០.៧៥០​ហិច​តា ស្មើនឹង​ប្រមាណ ៦២​ភាគរយ និង​ផ្ទៃដី​កំពុង​ថែទាំ​មាន​ចំនួន ១៥៤.៧៣៥​ហិច​តា ស្មើនឹង​ប្រមាណ ៣៨​ភាគរយ ។ ក្នុង​ចំណោម​ផ្ទៃដី​ទទួលផល​ទាំងអស់ ក្នុង​រយៈពេល ៣​ខែ​នេះ ទទួល​បាន​ផល​កៅស៊ូ​សរុប ប្រមាណ ៥៣.២៧២​តោន កើនឡើង ៥.០៨៩ ស្មើនឹង​ប្រមាណ ១១​ភាគរយ​ធៀប​នឹង​រយៈ ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

បើ​តាម​លោក ខេ​ង សេង​ឡាំង ម្ចាស់​ចំការ​កៅស៊ូ​នៅ​ខេត្តរតនគិរី បានឱ្យ​ដឹង​ថា បើ​ទោះបី ជា​បញ្ហា​កូ​វី​ដ ១៩ កើតឡើង​នៅ​ក្នុង​ប្រទេស​ក្ដី ក៏​ដំណើរការ​ចៀរ​ជ័រកៅស៊ូ នៅ​ក្នុង​ចំការ របស់​លោក​នៅ​តែ​បន្ត ដោយ​លោក​បាន​ចាប់ផ្ដើម​ចាក់​ចៀរ​ជ័រ​បណ្ដើរ​ៗ​ហើយ តែ​យ៉ាងណា ទើបតែ​ចាប់ផ្ដើម​បែប​នេះ មិន​ទាន់​ដឹង​ថា ទិន្នផល​នឹង​បាន​ប៉ុន្មាន​នោះ​ទេ គឺ​រង់ចាំ​ដល់​ខែ វស្សា​ទើប​ដឹង​ថា វាទ​ទួល​បាន​ទិន្នផល​ច្រើន ឬ​ក៏​តិច ។

លោក​បន្ត​ថា បើ​ការ​នាំ​ចេញ​វិញ ក៏​មាន​ភាព​យឺតយ៉ាវ​ដែរ ដោយសារ​តែ​ត្រូវ​ប្តូរ​ទំនិញ​នៅ តំបន់​ស​នៃ​ច្រកព្រំដែន​នីមួយ​ៗ ដូច្នេះ​ហើយ​ការ​នាំ​ចេញ​នៅ​តែ​មាន​តែ​ការ​ដឹក​ជញ្ជូន ការ ផ្ទេរ​មិន​ដូច​មុន ទើប​ធ្វើ​ឱ្យ​ឈ្មួញកណ្ដាល​ខ្លះ​គាត់​យក​ឱកាស​នេះ ដើម្បី​បញ្ចុះតម្លៃ​កៅស៊ូ មក​នៅ​ទាប​ជាង​មុន ។ លោក​បន្ថែម​ទៀត​ថា ៖ «​បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​មាន​ម្ចាស់ ចំការ​មួយ​ចំនួន​បន្ត​ចៀរ​ជ័រ ដើម្បី​យក​ទុក និង​ដើម្បី​ឱ្យ​បងប្អូន​កម្មករ​មាន​ចំណូល​ខ្លះ បើ​ពុំ នោះ​ទេ គឺ​កម្មករ​មិន​មានការ​ងារ​ធ្វើ ហើយ​ពួក​គាត់​ក៏​មិន​មាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់ ជីវភាព​គ្រួសារ​គាត់​ដែរ​» ។

គួរ​បញ្ជាក់​ថា សកម្មភាព​នៃ​ការ​នាំ​ចេញ​កសិផល​ពី​កម្ពុជា បើ​តាម​របាយការណ៍​របស់ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឃើញ​ថា​នៅ​តែ​មានការ​នាំ​ចេញ​ជា​ហូរហែរ ដោយឡែក​មាន​តែ​អង្ក​រស និង​ស្រូវ​ប៉ុណ្ណោះ ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​បិទ​ការ​នាំ ចេញ ដើម្បី​ទុក​ផលិតផល​ទាំងនោះ សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​បង្កា​ការ​ខ្វះខាត​ណាមួយ ក្នុង​ពេល​កូ​វី​ដ ១៩ រាលដាល​យូរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ