ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របខ័ណ្ឌ Ligue 1, 2 ត្រូវ​រំសាយ​ចោល​ដោយសារការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ប្រទេស​បារាំង ​៖ ក្របខ័ណ្ឌ Ligue 1, 2 រដូវ​កាល ២០១៩-២០ ត្រូវ​បាន​រំសាយ​ចោល បន្ទាប់​ពី​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​បារាំង​លោក…

ប្រទេស​បារាំង ​៖ ក្របខ័ណ្ឌ Ligue 1, 2 រដូវ​កាល ២០១៩-២០ ត្រូវ​បាន​រំសាយ​ចោល បន្ទាប់​ពី​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​បារាំង​លោក Edouard Philippe ថា រាល់​ព្រឹត្តិការណ៍​កីឡា​ទាំងអស់ ត្រូវ​បាន​ផ្អាក​រហូត​ដល់​ខែកញ្ញា នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Goal.com ។

លោក Edouard Philippe បាន​បញ្ជាក់​ថា មិន​មាន​លទ្ធភាព​ណាមួយ​នៃ​ក្របខ័ណ្ឌ​កំពូល Ligue 1 ដែល​អាច​ចាប់ផ្តើម​ឡើង​វិញ​មុន​ខែកញ្ញា ចំ​ពេល​ដែល​មានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩​នោះ​ទេ ដោយ​បច្ចុប្បន្ន​ប្រទេស​បារាំង កំពុង​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​គាំង​នៅឡើយ ។

លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និបាតជាតិ​កាលពី​ថ្ងៃ​អង្គា​រថា «​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​មិន​អាច​កើតឡើង​មុន​ពេល​ខែកញ្ញា​ទេ ហើយ​បាល់ទាត់​អាជីព​រដូវ​កាល ២០១៩-២០ នឹង​មិន​អាច​វិល​ត្រឡប់​មក​វិញ​បាន​ទេ​»​។

ស្ថាប័ន​លី​គ​អាជីព​បារាំង (LFP) បាន​ប្រកាស​ពី​ផែនការ​ដើម្បី​ចាប់ផ្តើម​យុទ្ធនាការ​លី​គ​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៧ ខែ​មិថុនា​ស​ប្តា​ហ៍​មុន ហើយ UEFA បាន​កំណត់​ថ្ងៃ​ទី២ ខែសីហា ​សម្រាប់​បញ្ចប់​លី​គ​ក្នុងស្រុក ដើម្បី​ឈាន​ដល់​ការ​ប្រកួត Champions League និង Europa League ឡើង​វិញ ។

ទោះ​យ៉ាងណា​ ការ​អត្ថាធិប្បាយ​របស់​លោក Edouard Philippe បាន​បញ្ចប់​ក្តី​សង្ឃឹម​ទាំងអស់​នៃ​ការ​ចង់​វិល​ត្រឡប់​ទៅ​រក​សកម្មភាព សម្រាប់​ក្លិប​បារាំង​នៅ​រដូវក្តៅ​នេះ ដែល​ឥឡូវនេះ Ligue 1 និង Ligue 2 ត្រូវ​បាន​លុប​ចោល​ទាំងស្រុង​តែ​ម្តង ។

គណៈ​គ្រប់គ្រង​បាល់ទាត់​បារាំង គ្រោង​នឹង​ជួប​គ្នា​នៅ​ខែឧសភា ដើម្បី​ពិភាក្សា​ពី​ចំណាត់ថ្នាក់​លី​គនា​ពេល​បច្ចុប្បន្ន ដោយ​មិន​ទាន់​កំណត់​ថា នរណា​នឹង​ក្លាយជា​ម្ចាស់​ជើងឯក និង​នរណា​ជា​ក្រុម​ដែល​ត្រូវ​កាត់​ចោល (Relegated) ហើយ​នរណា​នឹង​ជា​ក្រុម​ដែល​ត្រូវ​ឡើង​ថ្មី (Promotion) ។

បើ​យើង​ក្រឡេក​មក​មើល​ចំណាត់ថ្នាក់​ក្នុង​តារាង Ligue 1 ក្រុម PSG កំពុង​កាន់កាប់​តំណែង​កំពូល​តារាង​ក្រោយ​មាន ៦៨​ពិន្ទុ ។ ដោយឡែក​ក្រុម Marseille និង​ក្រុម Rennes កំពុង​ឈរ​នៅ​តំណែង​កៅអី Champions League ខណៈ​ដែល​ក្រុម Lille ស្ថិត​នៅ​តំណែង​កៅអី Europa League សម្រាប់​រដូវ​កាល​ក្រោយ ។

ចំណែកឯ​ក្រុម Nimes, Amiens និង Toulouse បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់ ដែល​ត្រូវ​កាត់​ចោល ។

គិត​ត្រឹម​ថ្ងៃ​ទី ២៩ ខែ មេ​សា ករណី​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩​មាន​ជិត ១៦៦,០០០​ករណី និង​មាន​អ្នក​សា្ល​ប់​សរុប​ចំនួន ២៣,៦៦០ នាក់ ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ