ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​​ប្រកួត​​ ជើង​ខ្លាំង​ឡៅ ចិត្រា ប្រឈម​នឹង​ការ​បាត់​មុខ​ពី​​សង្វៀន​មួយ​រយៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឡៅ ចិ​ត្រា ជើង​ខ្លាំងប្រចាំ​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ បន្ទាប់​ពី​ប្រកួត​ចាញ់​មឿ​ន សុខ​ហ៊ុ​ច ជើង​ខ្លាំង​ប្រចាំ​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ៍​សែន​ជ័យ អាច​ប្រឈម​នឹង​ការ​បាត់​មុខ​ពីលើ​សង្វៀន​មួយ​រយៈ​ដោយសារតែ​គេ​រង​របួស​បាក់​ម្រាមដៃ​ចង្អុល​ឆ្វេង​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​លោក​ម៉ា សេរី…

រាជធានី​ភ្នំពេញ ៖ ឡៅ ចិ​ត្រា ជើង​ខ្លាំងប្រចាំ​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ បន្ទាប់​ពី​ប្រកួត​ចាញ់​មឿ​ន សុខ​ហ៊ុ​ច ជើង​ខ្លាំង​ប្រចាំ​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ៍​សែន​ជ័យ អាច​ប្រឈម​នឹង​ការ​បាត់​មុខ​ពីលើ​សង្វៀន​មួយ​រយៈ​ដោយសារតែ​គេ​រង​របួស​បាក់​ម្រាមដៃ​ចង្អុល​ឆ្វេង​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​លោក​ម៉ា សេរី នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី កាលពី​ស​ប្ដា​ហ៍​មុន​។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ឡៅ ស៊ី​ណាតដែល​ត្រូវជា​បង​បង្កើត និង​ជា​គ្រូបង្វឹក​ទៀត​ផង​នោះ បាន​បង្ហាញ​រូបថត​៣​សន្លឹក​ស្ដី​ពី​ស្ថានភាព​របួស​ឆ្អឹង​ម្រាមដៃ​ជា​ទម្ងន់​របស់​ប្អូនប្រុស​ឡៅចិ​ត្រា​ដោយ​មានការ​បញ្ជាក់​ពី​គ្រូពេទ្យ​ជំនាញ​ទៀត​ផង ។ តាម​រយៈ​លទ្ធផល​ត្រួតពិនិត្យ​របស់​គ្រូពេទ្យ​បង្ហាញ​ថា កីឡាករ​រូប​នេះ​មិន​អាច​ឡើង​សង្វៀន​ប្រកួត​បាន​ទៀត​ទេ ត្រូវ​សម្រាក​ព្យាបាល​មួយ​រយៈ​សិន ដោយសារ​តែ​ម្រាមដៃ​ចង្អុល​ខាងឆ្វេង​ត្រូវ​បាក់​គល់​ឆ្អឹង​ស្ទើរតែ​ដាច់​ចេញពី​គ្នា​ទៅ​ហើយ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ដដែល​លោក​ឡៅ ស៊ី​ណាត​ឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​នាំ​ឱ្យ ចិ​ត្រា​រង​របួស​បែប​នេះ​ដោយសារ​តែ​គេ​វាយ​ចំ​ក្បាលមឿ​ន សុខ​ហ៊ុ​ច យ៉ាង​ពេញទំហឹង នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​លោក ម៉ា សេរី​កាលពី​ថ្ងៃ​ទី​២៥ មេ​សា នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី ។​លោក​ថា ចិ​ត្រា​បាន​រង​របួស​តាំងពី​ទឹក​ទី​១​មក​ម៉្លេះ ​តែ​រូបគេ​តស៊ូ​ប្រកួត​រហូត​ដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​ពិន្ទុ មឿ​ន សុខ​ហ៊ុ​ច មិន​ឯកច្ឆន្ទ​។

ជាមួយនឹង​ការ​បរាជ័យ​របស់​ឡៅ ចិ​ត្រា នា​ពេល​នោះ បាន​ជួយ​ឱ្យ​មឿ​ន សុខ​ហ៊ុ​ច ក្លាយជា​ម្ចាស់​ពានរង្វាន់​លោក​ម៉ា សេរី​រដូវ​កាល​ទី​៤​អម​ជាមួយ​ថវិកា​ចំនួន​៤​លាន​រៀល ។ ជា​ចុង​ក្រោយ គ្រូ​ពេទ្យ​ជំនាញ​បញ្ជាក់​ថា ស្ថានភាព​របួស​របស់​កីឡាករ ឡៅ ចិ​ត្រា ត្រូវ​សម្រាក​ព្យាបាល​មួយ​រយៈ ។ ចំណែក​លោក​ឡៅ ស៊ី​ណាត បាន​អះអាង​ថា របួស​ប្អូនប្រុស​លោក​ត្រូវ​សម្រាក​ព្យាបាល​ជា​ច្រើន​ស​ប្ដា​ហ៍​ទើប​ជា​សះស្បើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ