ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និន្នាការថ្មីជិះកង់ហាត់ប្រាណគយគន់ទេសភាពបេតិកភណ្ឌនៅសៀមរាប-អង្គរ

4 ឆ្នាំ មុន
  • សៀមរាប

សៀមរាប ៖ វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក៏​មិន​អាច​ដើរ​ចេញ​ទស្សនា​ក្រៅប្រទេស​បាន រីឯ​ភ្ញៀវ​ទេសចរ​ជាតិ​ក៏​ស្ថិត​នៅ​ក្នុងផ្ទះ​មិនសូវ​ដើរ​ចេញ​ក្រៅ​ប៉ុន្មាន​ឡើយ ធ្វើ​ឱ្យ​រមណីយដ្ឋាន​ទេសចរណ៍​នានា​ជួប​នូវ​ភាព​ខ្សត់​វត្តមាន​ភ្ញៀវ​ទេសចរ ក្នុង​នោះ​សៀមរាប​-​អង្គរ​ក៏​មិន​ខុស​គ្នា​ដែរ​។ ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ​នូវ​មធ្យោបាយ​ទេសចរណ៍​ថ្មី​មួយ​ក៏​បាន​លេចឡើង​នៅ​អង្គរ​-​សៀមរាប ដោយ​គេ​ឃើញ​មាន​ប្រជាពលរដ្ឋ…

សៀមរាប ៖ វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក៏​មិន​អាច​ដើរ​ចេញ​ទស្សនា​ក្រៅប្រទេស​បាន រីឯ​ភ្ញៀវ​ទេសចរ​ជាតិ​ក៏​ស្ថិត​នៅ​ក្នុងផ្ទះ​មិនសូវ​ដើរ​ចេញ​ក្រៅ​ប៉ុន្មាន​ឡើយ ធ្វើ​ឱ្យ​រមណីយដ្ឋាន​ទេសចរណ៍​នានា​ជួប​នូវ​ភាព​ខ្សត់​វត្តមាន​ភ្ញៀវ​ទេសចរ ក្នុង​នោះ​សៀមរាប​-​អង្គរ​ក៏​មិន​ខុស​គ្នា​ដែរ​។

ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ​នូវ​មធ្យោបាយ​ទេសចរណ៍​ថ្មី​មួយ​ក៏​បាន​លេចឡើង​នៅ​អង្គរ​-​សៀមរាប ដោយ​គេ​ឃើញ​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ភាគច្រើន​បាន​នាំ​គ្នា​ជិះ​កង់​ហាត់ប្រាណ ឬ​រត់​ហាត់ប្រាណ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​យ៉ាង​ពេញ​និយម​។

ពួក​គេ​ជិះ​កង់​ចេញពី​ក្រុង​សៀមរាប​ឆ្ពោះទៅ​ឧទ្យាន​អង្គរ ដោយ​ភាគច្រើន​កាត់​តាម​មុខ​ប្រាសាទអង្គរវត្ត ភ្នំ​បាខែង ចូល​ក្រុង​អង្គរធំ​តាម​ខ្លោងទ្វារ​ទន្លេ​អុំ ប្រាសាទ​បា​យ័ន្ត ប្រាសាទបាពួន ព្រះ​លានជល់ដំរី​។ នៅ​ពេល​មក​ដល់​កន្លែង​នេះ អ្នកខ្លះ​ក៏​ឈប់​សម្រាក​សិន ឯ​អ្នកខ្លះ​ទៀត​ក៏​បន្តដំណើរ​តាម​ផ្លូវ​វង់​តូច ដោយ​កាត់​តាម​ខ្លោងទ្វារ​ជ័យ សួន​បណ្ដុះ​កូន​ឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ប្រាសាទតាកែវ ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្ដី ស្រះស្រង់ ប្រាសាទ​ក្រវាន់​ជាដើម​។

ចំណែកឯ​អ្នកខ្លះ​ក៏​បន្ត​ពី​ព្រះ​លានជល់ដំរី​ទៅ​តាម​ផ្លូវ​វង់​ធំ​កាត់​តាម​ខ្លោងទ្វារ​ដី​ឆ្នាំង ប្រាសាទ​ក្រោល​រមាស ប្រាសាទព្រះខ័ន បារាយណ៍​ខាងជើង ដែល​មាន​ប្រាសាទនាគព័ន្ធ​នៅ​ចំ​កណ្ដាល ប្រាសាទក្រោលគោ ប្រាសាទតាសោម បារាយណ៍​ខាងកើត និង​ប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប ស្រះស្រង់​ជាដើម និង​បន្ត​មក​ដល់ក​សិន្ធុ​ខាងកើត​ប្រាសាទអង្គរវត្ត​។

លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​សៀមរាប បានឱ្យ​ដឹង​ថា ឱ្យ​តែ​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ឡើង ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចាប់ផ្ដើម​ជិះ​កង់ និង​រត់​ហាត់ប្រាណ​រហូត​ដល់​ម៉ោង ៧-៨ ព្រឹក ក៏​នៅ​តែ​មាន​អ្នក​ជិះ​កង់​ដែរ ហើយ​នៅ​ពេល​ល្ងាច​វិញ គេ​ឃើញ​មាន​អ្នក​ជិះ​កង់​ចាប់ពី​ម៉ោង ៤ រហូត​ដល់​ព្រលប់​ក៏​មាន​។

បើ​តាម​លោក ង៉ូ​វ សេង​កាក់ បច្ចុប្បន្ន​នៅ​ខេត្តសៀមរាប​មិន​មាន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​នោះ​ទេ ភ្ញៀវ​ទេសចរ​ដែល​និយម​ជិះ​កង់​ហាត់ប្រាណ​នេះ ភាគច្រើន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប និង​បណ្ដា​ស្រុក​នានា​ក្នុង​តំបន់​អង្គរ ចំណែកឯ​ភ្ញៀវ​អន្តរជាតិ​វិញ​ក៏​សុទ្ធតែ​ជា​អ្នក​រស់នៅ​ក្រុង​សៀមរាប​យូរ​ឆ្នាំ​មក​ហើយ​ដែរ ខណៈ​អ្នកខ្លះ​ជា​គ្រូបង្រៀន អ្នកជំនួញ អាជីវករ បុគ្គល​អង្គការក្រៅរដ្ឋាភិបាល​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ