ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា អេ​ស៊ី​អ៊ី នឹង​ផ្តល់​អាហា​រូប​ករណ៍ ១០០% សម្រាប់​ការ​សិក្សា​មួយ​ឆ្នាំ​ពេញ​ចំនួន ២០០​កន្លែង​ដល់​សិស្ស និស្សិត​​គ្រប់​កម្រិត

3 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​លើកទឹកចិត្ត​អោយ​ស្ថាប័ន​អប់រំ​នានា​បន្ត​ជួយ​សិស្ស​និស្សិត ដើម្បី​បន្ត​បង្កើន​ចំណេះដឹង រួម​ទាំង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឬ​ពី​ចម្ងាយ​ដើម្បី​ចៀសវាង​នូវ​ជំងឺ​កូ​វី​ដ ១៩ មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល (​សាលា​អេ​ស៊ី​អ៊ី​) បាន​ផ្តល់​ជូន​សិស្ស និស្សិត​របស់​ខ្លួន​នូវ​ការ​សិក្សា​ពី​ចម្ងាយ​ដែល​អាច​អោយ​សិស្ស​និស្សិត​បាន​រៀន និង​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​លោកគ្រូ…

ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​លើកទឹកចិត្ត​អោយ​ស្ថាប័ន​អប់រំ​នានា​បន្ត​ជួយ​សិស្ស​និស្សិត ដើម្បី​បន្ត​បង្កើន​ចំណេះដឹង រួម​ទាំង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឬ​ពី​ចម្ងាយ​ដើម្បី​ចៀសវាង​នូវ​ជំងឺ​កូ​វី​ដ ១៩ មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល (​សាលា​អេ​ស៊ី​អ៊ី​) បាន​ផ្តល់​ជូន​សិស្ស និស្សិត​របស់​ខ្លួន​នូវ​ការ​សិក្សា​ពី​ចម្ងាយ​ដែល​អាច​អោយ​សិស្ស​និស្សិត​បាន​រៀន និង​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​មិត្ត​រួម​ថ្នាក់​ពី​ចម្ងាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ថ្មី​ទំនើប ។

ជាមួយនឹង​ការ​គាំទ្រ​ពី​សំណាក់​ស្ថាប័ន IDP Education ក្រោម​កម្មវិធី​កិច្ចការ​សង្គម​ក្នុង​វិស័យ​អប់រំ សាលា អេ​ស៊ី​អ៊ី ប្រកាស​ផ្តល់​ជូន​សិស្ស និស្សិត​នូវ​អាហារូបករណ៍​មួយ​រយ​ភាគរយ​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ​ពេញ​ចំនួន ២០០​កន្លែង ដើម្បី​សិក្សា​នៅ​សាខា​ណាមួយ​ក្នុង​ចំណោម​ទីតាំង​ទាំង​ប្រាំមួយ ដោយ​រួម​ទាំង​ទីតាំង​ថ្មី​នៅ​តា​ខ្មៅ​ផង​ដែរ ។

លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន IDP Education និង​សាលា អេ​ស៊ី​អ៊ី បាន​មាន​ប្រសាសន៍​ថា ៖ កំឡុង​ពេល​ដែល​សាលា អេ​ស៊ី​អ៊ី គ្រប់​ទីតាំង​ផ្អាក​ការ​បង្រៀន​ក្នុង​ថ្នាក់ ការ​បង្រៀន​ពី​ចម្ងាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​និយាម​សិក្សាធិការ​ទំនើប​ដែល​អាច​អោយ​សិស្ស និស្សិត​សន្ទនា​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​មិត្ត​រួម​ថ្នាក់ ព្រមទាំង​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ (education apps) កំពុង​ត្រូវ​បាន​អនុវត្ត​ក្នុង​ការ​បន្ត​ផ្តល់​នូវ​ការ​អប់រំ​ដែល​មានគុណ​ភាព​ដល់​សិស្ស អេ​ស៊ី​អ៊ី ទាំងអស់ ។

ហើយ​តាម​រយៈ​ការ​ផ្តល់​នូវ​អាហារូបករណ៍​មួយ​ឆ្នាំ​ពេញ​ចំនួន ២០០​កន្លែង​នេះ​នឹង​ផ្តល់​ឱកាស​នូវ​ការ​អប់រំ​ដែល​មានគុណ​ភាព​នេះ​ដល់​សិស្ស​និស្សិត ដែល​អាច​ជួប​ការ​លំបាក​ក្នុង​ការ​បន្ត​ការ​សិក្សា​ដែល​មាន​ប្រសិទ្ធភាព ឬ​មាន​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​កំឡុង​ពេល​ដ៏​លំបាក​នេះ ។

លោក Ashley Irving ចាងហ្វាង​សាលា អេ​ស៊ី​អ៊ី បាន​ថ្លែង​ថា ៖ ដើម្បី​បន្ត​ជ្រោមជ្រែង​ការ​សិក្សា​របស់​សិស្ស​នៅ​គេហដ្ឋាន ក្រុមការងារ​បច្ចេកទេស​ខាង​អប់រំ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ ដើម្បី​ផ្តល់​ជូន​សិស្ស និស្សិត នូវ​បទ​ពិសោធន៍​សិក្សា​ដែល​មាន​វិសាលភាព ។

ក្រុមការងារ​យើងខ្ញុំ​មិន​ត្រឹមតែ​ជ្រើសរើស​យក​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដែល​នាំមុខ​លើ​ពិភពលោក​ដូច​ជា Zoom for Education, ClassDojo និង Google Classroom មក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​បង្កើត​នូវ​វី​ដេ​អូ​ណែនាំ ថ្នាក់រៀន​បង្ហាញ​ពី​គន្លឹះ​នៃ​ការ​រៀន​ពី​ចំងាយ និង​ថ្នាក់​បង្ហាត់​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​សិក្សា​ផ្សេង​ៗ ដើម្បី​ផ្តល់​ជូន​ដល់​សិស្ស និស្សិត​ទាំងអស់​នូវ​ចំណេះ និង​ជំនាញ​សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​របស់​គាត់ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្លឹ​ប​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ថ្មី​សម្រាប់​ជំនួយ និង​ជំរុញ​ដល់​ការ​សិក្សា​របស់​សិស្ស​ត្រូវ​បាន​បង្កើត​ឡើង ដែល​សិស្ស​និស្សិត និង​លោកគ្រូ អ្នកគ្រូ​ទាំងអស់​អាច​ចែករំលែក​អំពី​វិធីសាស្ត្រ​សិក្សា​ល្អ​ៗ ដើម្បី​អោយ​ការ​សិក្សា​កាន់តែ​មាន​ភាព​ជោគជ័យ ។ កញ្ញា ម៉​ម ជូ​លី​ណា និង​លោក Andrew Millar ដែល​ជា​អ្នក​ទទួល​រ៉ាប់រង​នូវ​កិច្ចការ​លើកកំពស់​បទ​ពិសោធន៍​សិក្សា​របស់​សិស្សសាលា អេ​ស៊ី​អ៊ី បាន​មាន​មតិ​ថា ៖ កម្រិត​នៃ​ចំណេះដឹង និង​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និករ​បស់ សិស្ស និស្សិត និង​លោកគ្រូ អ្នកគ្រូ​បាន​អភិវឌ្ឍ​យ៉ាង​ខ្លាំង​គួរ​អោយ​កត់សម្គាល់ ។

កញ្ញា សុ​ខេ​ង បញ្ច​នាថ ដែល​ជា​គ្រូបង្រៀន និង​អ្នកឯកទេស​ផ្នែក​អប់រំ​នៅ​សាលា អេ​ស៊ី​អ៊ី បាន​លើក​ឡើង​ថា ៖ លោកគ្រូ អ្នកគ្រូ​នៅ​សាលា អេ​ស៊ី​អ៊ី តែងតែ​បង្ហាញ​នូវ​អារម្មណ៍​វិជ្ជមាន​ក្នុង​ការ​អនុវត្ត​ការ​បង្រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដើម្បី​ជំនួយ​ដល់​ការ​សិក្សា​របស់​សិស្ស​នៅ​តាម​គេហដ្ឋាន ។

បច្ចេកវិទ្យា​មិន​អាច​ជំនួស​គ្រូបង្រៀន​បាន​ទេ ប៉ុន្តែ​គ្រូបង្រៀន​ដែល​មាន​ភាព​ច្នៃប្រឌិត​អាច​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ជំនួយ​ដល់​ការ​សិក្សា​របស់​សិស្ស​អោយ​មាន​ភាព​ជោគជ័យ ដោយ​ជា​ពិសេស​ផ្តោត​ទៅ​លើ​គោលការណ៍​រក្សា​សុខភាព និង​សុវត្ថិភាព​របស់​សិស្ស មាតាបិតា លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ទាំងអស់​នៅ​ក្នុង​ស្ថានភាព​ជំងឺ​កូ​វី​ដ ១៩ នា​ពេល​បច្ចុប្បន្ន​នេះ ។

ឆោម សុវណ្ណ​រ៉ូ​ហ្សា ដែល​ជា​សិស្សសាលា​អេ​ស៊ី​អ៊ី កំពុង​សិក្សា​កម្មវិធី​សិក្សា​អង់គ្លេស​កម្រិត​ទូទៅ​បាន​និយាយ​ថា​៖ មុន​ដំបូង ខ្ញុំ​គិត​ថា ការ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​មាន​ភាព​លំបាក ប៉ុន្តែ​ក្រោយ​ពី​បាន​រៀន​មួយរ​យៈមក ខ្ញុំ​បានឃើញ​ថា​វា​មាន​ចំណុច​ល្អ និង​គួរ​អោយ​ចាប់អារម្មណ៍​ជា​ច្រើន ដែល​ធ្វើ​អោយ​ខ្ញុំ​ចង់​បន្ត​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ។

ង៉ោ ពេជ្រ​មរកត ដែល​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​រាប់​ម៉ឺន​នាក់​ដែល​កំពុង​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និករ​បស់​សាលា អេ​ស៊ី​អ៊ី បានឱ្យ​ដឹង​ថា​៖ ខ្ញុំ​កំពុង​តែ​សម្រប​ខ្លួន និង​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ ហើយ​ខ្ញុំ​ក៏​បាន​ចូលរួម​ថ្នាក់​បង្រៀន​ពី​របៀប​ប្រើប្រាស់​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ផ្តល់​ជូន​ដោយ​សាលា​អេ​ស៊ី​អ៊ី ឥឡូវ​ខ្ញុំ​យល់​ពី​របៀប​ប្រើប្រាស់​កម្មវិធី​ទាំងនោះ​បាន​ប្រសើរ​ជាង​មុន ។

សិស្សសាលា អេ​ស៊ី​អ៊ី ថន វីរ​បុត្រ ក៏​បាន​ចែករំលែក​ថា​៖ ខ្ញុំ​មិន​ដែល​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ពី​មុន​មក​ទេ វា​ផ្តល់​ឱកាស​អោយ​ខ្ញុំ​ទទួល​បាន​នូវ​ការ​សិក្សា​មួយ​ដែល​សម​ស្រប​ជាមួយ​របៀប​សិក្សា​បែប​ទំនើប​របស់ខ្ញុំ ។

លោកស្រី Samira Hazari គ្រូ​បណ្តុះបណ្តាល​នៅ​សាលា អេ​ស៊ី​អ៊ី ដែល​បាន​រួមចំណែក​ក្នុង​ការ​បង្កើត​ឡើង​នូវ​ឯកសារ​សិក្សា​សម្រាប់​ការ​សិក្សា​តាម​ប្រព័ន្ធ​ថ្មី​នេះ បាន​លើក​ឡើង​ថា ៖ សិស្ស​ទទួល​បានការ​បង្ហាត់​ណែនាំ​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដើម្បី​អោយ​ពួក​គាត់​ទទួល​បានការ​សិក្សា​ដែល​មាន​ប្រសិទ្ធភាព ។

លោក វ៉ា​ន់ កុសល ដែល​ជា​គ្រូបង្រៀន​នៅ​សាលា អេ​ស៊ី​អ៊ី ក៏​បាន​ថ្លែង​ថា​៖ ជាមួយនឹង​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក សិស្ស​អាច​ទទួល​បាន​នូវ​ឯកសារ និង​សកម្មភាព​សិក្សា​ផ្សេង​ៗ ព្រមទាំង​អាច​ចូលរួម​ក្នុង​ការងារ និង​ការ​ពិភាក្សា​ជា​ក្រុម ។

លោកស្រី ហូ កុឡាប ដែល​មាន​បុត្រ​ម្នាក់​កំពុង​សិក្សា​កម្មវិធី​សម្រាប់​កុមារ​នៅ​សាលា អេ​ស៊ី​អ៊ី បាន​មាន​ប្រសាសន៍​ថា​៖ មុន​ដំបូង​ខ្ញុំ​ឆ្ងល់​ថា កូន​រៀន​ពី​ផ្ទះ​តាម​របៀប​ណា ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ឃើញ​ថា គាត់​រៀន​បាន​ចេះ​ច្រើន ហើយ​សប្បាយ ។ ការ​រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និករ​បស់​សាលា អេ​ស៊ី​អ៊ី ផ្តល់​នូវ​សកម្ម​ភាពល្អ​ៗ​អោយ​កូន​ខ្ញុំ​ដូច​ពេល​គាត់​រៀន​នៅ​សាលា​ដែរ ។

លោក ចាន់ ដា​រ័​ត្ន ដែល​មាន​បុត្រ​រៀន​នៅ​សាលា អេ​ស៊ី​អ៊ី ដែរ ក៏​បាន​មាន​មតិ​ថា​៖ កូន​របស់ខ្ញុំ​គាត់​អង្គុយ​រៀន​នៅផ្ទះ នៅ​ពេល​ដែល​លោកគ្រូ​អ្នកគ្រូ​គាត់​អង្គុយ​បង្រៀន​ពី​ក្នុង​ថ្នាក់ ។ ខ្ញុំ​សប្បាយចិត្ត​ដែល​គាត់​នៅ​តែ​បាន​រៀន​ពី​ចម្ងាយ​ដោយ​មិនបាច់​បារម្ភ​ខ្លាច​គាត់​ឆ្លង​ជំងឺ​ពេល​ចេញ​ទៅ​ក្រៅ ។

ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្ស និង​និស្សិត​ទទួល​បានការ​សិក្សា​ដែល​មានគុណ​ភាព អាហារូប​ករណ៍ ២០០​កន្លែង​សម្រាប់​ការ​សិក្សា​មួយ​ឆ្នាំ​ពេញ​ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​កម្មវិធី​សិក្សា​សម្រាប់​កុមារ​អាយុ​ពី ៨ ដល់ ១០ ឆ្នាំ កម្មវិធី​សិក្សា​សម្រាប់​សិស្ស​មធ្យមសិក្សា​អាយុ​ពី ១១​ដល់ ១៤ ឆ្នាំ កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​ទូទៅ​សម្រាប់​សិស្ស​អាយុ​ចាប់ពី ១៥ ឆ្នាំ​ឡើង និង​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​កម្រិត​ខ្ពស់ និង​សម្រាប់​ត្រៀមខ្លួន​ទៅ​សិក្សា​នៅ​បរទេស ។

បេក្ខជន ឬ អាណាព្យាបាល​អាច​ដាក់​ពាក្យ​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​តាម​រយៈ https://acecambodia.org/ACEScholarship ឬ ទាក់ទង​ទៅ​កាន់​លេខ ០៨៥ ៨០៩ ៥៨៩ / ០១៥ ៣៦០ ៨៤៦ សម្រាប់​ព័ត៌មាន​បន្ថែម ។ បេក្ខជន​នឹង​ទទួល​បានការ​ធ្វើតេស្ត​វាស់​ស្ទង់​កម្រិត​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដោយ​ឥត​គិតថ្លៃ​ដើម្បី​ចូល​រៀន​ក្នុង​កម្រិត​ដែល​ត្រូវ​នឹង​សមត្ថភាព​ភាសា​អង់គ្លេស​របស់​ខ្លួន ។

ដើម្បី​អោយ​បេក្ខជន​ទាំងអស់​ទទួល​បាន​ឱកាស​ស្មើ​ៗ​គ្នា លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​រួម​មាន សមភាព​យេ​ន​ឌ័​រ ថ្នាក់ និង​ម៉ោង​សិក្សា​ដែល​មាននៅ​សាលា អេ​ស៊ី​អ៊ី តម្រូវការ និង​សក្តានុពល​ក្នុង​ការ​ប្រើប្រាស់​ជំនាញ​ភាសា​អង់គ្លេស​ដែល​បេក្ខជន​បំពេញ​ក្នុង​ពាក្យសុំ​អាហារូបករណ៍ ។

បេក្ខជន​ជ័យ​លា​ភី​នឹង​ចាប់ផ្តើម​ចូល​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ ថ្ងៃ​ទី ៨ ខែឧសភា ឆ្នាំ​២០២០ ហើយនឹង​អាច​ជ្រើសរើស​ចូល​រៀន​នៅ​ទីតាំង​ណាមួយ​ក្នុង​ចំណោម​ទីតាំង​សាលា​អេ​ស៊ី​អ៊ី ទាំងអស់ នៅ​ពេល​ណា​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​អោយ​បើក​សាលារៀន​ជា​ធម្មតា​ឡើង​វិញ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ