ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! មហាសេដ្ឋី Bill Gates ថា​យើង​មិន​ទាន់​ឆ្លង​ផុត​កូ​វី​ដ ១៩ បាន​ពាក់កណ្តាល​នៅឡើយ​ទេ

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​បន្ត​ចេញ​មុខមាត់​ដើម្បី​ចែករំលែក​ពី​ចំណេះដឹង និង​បទ​ពិសោធន៍​លើ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩…

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​បន្ត​ចេញ​មុខមាត់​ដើម្បី​ចែករំលែក​ពី​ចំណេះដឹង និង​បទ​ពិសោធន៍​លើ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ និង​បាន​និយាយ​ថា ការ​ផ្ទុះ​ជំងឺ​នេះ​ប្រៀប​បានជា​ការ​យល់សប្តិ​អាក្រក់ ហើយ​ជា​ព្រឹត្តិការណ៍​ដែល​មនុស្ស​នឹង​ចង​ចាំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

លោក​បាន​និយាយ​ក្នុង​បទ​សម្ភាស៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​សារព័ត៌មាន NBC ថា ពិភពលោក​ត្រូវការ​រយៈពេល​យូរ​ទៀត​ទើប​អ្វី​ៗ​អាច​ត្រលប់​មក​កាន់​សភាព​ដូច​ដើម​វិញ ។ លោក​បាន​បន្ត​ថា «​ខ្ញុំ​ចង់​និយាយ​ថា​ពួក​យើង​ឆ្លង​ផុត​វា​បាន​ពាក់កណ្តាល​ហើយ ។ តែ​ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ​» ។

មហាសេដ្ឋី​រូប​នេះ​គិត​ថា សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​មហាអំណាច អាច​នឹង​ត្រូវការ​ជា​ច្រើន​ខែ ឬ​ឆ្នាំ​ទៀត​ទើប​អាច​ផលិត​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​បាន ។ យ៉ាងណា​ក្តី លោក​សង្ឃឹមថា​វ៉ាក់សាំង​អាច​នឹង​ត្រូវ​បាន​បង្កើត​ក្នុង​ពេល​ឆាប់​ៗ ។

លោក​បាន​បកស្រាយ​ក្នុង​បទ​សម្ភាសន៍​ខាងលើ​ថា «​ជា​ទូទៅ វ៉ាក់សាំង​ត្រូវការ​ច្រើន​ជាង ៥​ឆ្នាំ​ទៀត​ព្រោះ​វា​មាន​ច្រើន​ដំណាក់កាល​» ។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា លោក​មើលឃើញ​ភស្តុ​តាង​ដែល​បង្ហាញ​ថា​វ៉ាក់សាំង​សម្រាប់​កូ​វី​ដ ១៩ អាច​នឹង​ត្រូវ​បាន​ផលិត​ក្នុង​កំឡុង​ពេល​ពី ១៨ ទៅ ២៤​ខែ​ពិតមែន ។ លោក​ក៏​បាន​ចែករំលែក​ថា​វ៉ាក់សាំង​អាច​នឹង​មាននៅ​ពាក់កណ្តាល​ឆ្នាំ ២០២១ ខាង​មុខ​នេះ ។

មក​ដល់​ពេល​បច្ចុប្បន្ន មូលនិធិ​សប្បុរសធម៌​របស់​លោក ហ្គេ​ត​ស៍ គឺ Bill & Melinda Gates Foundation បាន​សន្យា​ថា​នឹង​បរិច្ចាគ ២៥០​លាន​ដុល្លារ​ដើម្បី​ជួយ​ផលិត​វ៉ាក់សាំង​សម្រាប់​វីរុស​កូ​រ៉ូ​ណា​ដែល​ជា​វិធី​តែ​មួយ​ទេ​ក្នុង​ការ​ធ្វើ​ឲ្យ​ពិភពលោក​ត្រលប់​ទៅ​កាន់​សភាព​ដូច​ដើម​វិញ​បាន ។

ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក ហ្គេ​ត​ស៍ ក៏​បាន​ចេញ​មុខមាត់​យ៉ាង​សកម្ម​ក្នុង​ការ​រិះគន់​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​សម្រាប់​កូ​វី​ដ ១៩ ដែរ ។ កាលពី​ខែ​មិ​នា លោក​បាន​និយាយ​ថា សហរដ្ឋអាមេរិក​មិន​បាន​ចេញ​សកម្មភាព​លឿន​គ្រប់គ្រាន់​ដើម្បី​ចៀសវាង​ការ​បិទ​សេដ្ឋកិច្ច​ទាំងមូល​ទេ ហើយ​ថែម​ទាំង​និយាយ​ថា​ការ​សម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ក្នុង​ការ​ផ្អាក​ការ​បរិច្ចាគ​ទៅ​ដល់​អង្គការ​សុខភាព​ពិភពលោក​ថា​ជា​ការ​សម្រេចចិត្ត​ដ៏​គ្រោះថ្នាក់​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ