ស្នងការ​ខេត្តកណ្ដាល​បញ្ជា​ឲ្យ​វៀតណាម រុះរើ​តង់​៩​កន្លែង ចេញពី​តំបន់​ស វិញ​ជា​បន្ទាន់


ខេត្តកណ្ដាល ៖ ទាហាន​វៀតណាម បាន​ចូល​មក​ក្នុង​តំបន់​ស សាងសង់​តង់​បណ្ដោះអាសន្ន និង​តង់​ចង​ជា​អង្រឹង ចំនួន​៩​កន្លែង ក្រោម​ហេតុផល​ថា ជា​ការ​ទប់ស្កាត់​កូ​វី​ដ​-១៩​នោះ ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍ត្រី ឈឿ​ន សុចិត្ដ ស្នងការ​នគរបាល​ខេត្ដកណ្ដាល ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់ ហើយ​បញ្ជា​ឲ្យ​ភាគី​ខាង​វៀតណាម រុះរើ​តង់​ចេញ​ឲ្យ​ឆ្ងាយ​ពី​បន្ទាត់​ស វិញ​ផង​ដែរ ។

ប្រភព​ពី​ស្នងការដ្ឋាន​ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ២០២០​ម្សិលមិញ​នេះ លោក​ឧត្ដមសេនីយ៍ត្រី ឈឿ​ន សុចិត្ដ បាន​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​រួម​មាន​៖ លោកស្នងការ​រង​, មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៦០៥, លោក​អធិការ​ស្រុក និង​កម្លាំង​ប៉ុស្ដិ៍​ដំបូក​ចែវ ជា​ច្រើន​រូប​ទៀត ចុះ​ទៅ​ពិនិត្យ​ដោយ​ថ្មើរជើង តាម​បន្ទាត់​ព្រំដែន ពី​ចំណុច​បាក​ដាយ ដល់​ចំណុច​ចំការ​ចេក ដែល​ជា​គោលដៅ​ចំណុះ​ឲ្យ​ប៉ុស្ដិ៍​ដំបូក​ចែវ ។

ការ​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​នេះ លោក​ឧត្ដមសេនីយ៍ត្រី ឈឿ​ន សុចិត្ដ បានអោយ​ដឹង​ថា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ក្នុង​តំបន់​ស មិន​មានការ​រំលោភ សាងសង់ ឬ​ដាំ​ដំណាំ​ផ្សេង​ៗ ពី​ភាគី​ខាង​វៀតណាម ចូល​ក្នុង​ទឹកដី​ខ្មែរ បាន​ឡើយ ។

ក្រោយ​ពី​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង ឃើញ​មាន​តង់​ចំនួន​៩​កន្លែង ដែល​ទាហាន​វៀតណាម សាងសង់​ចូល​ក្នុង​តំបន់​ស ក្រោម​ហេតុផល​ទប់ស្កាត់​កូ​វី​ដ​-១៩​នោះ លោកស្នងការ ឈឿ​ន សុចិត្ដ ក៏​បាន​បញ្ជា​ឲ្យ​ភាគី​ខាង​វៀតណាម រុះរើ​តង់​ចេញ និង​ដកថយ​ក្រោយ​ឲ្យ​បាន​ឆ្ងាយ​ពី​បន្ទាត់​ព្រំដែន​ជា​តំបន់​ស ភ្លាម​ៗ ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្នងការ​ក៏​បាន​ប្រាប់​ឲ្យ​លោក​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៦០៥ ធ្វើ​យ៉ាងណា​ជម្រុញ​កម្លាំង​ប៉ុស្ដិ៍​តាម​បន្ទាត់​ព្រំដែន​ឲ្យ​ដើរ​ល្បាត ជាប់​ជា​ប្រចាំ តាម​បន្ទាត់​ព្រំដែន​នៅ​ជាប់​តំបន់​ស នោះ ។

លោកស្នងការ ឈឿ​ន សុចិត្ដ ក៏​បាន​បញ្ជាក់​ដែល​ថា ប៉ុស្ដិ៍​ព្រំដែន​ដំបូក​ចែវ មាន​គោលដៅ​២​ប៉ុស្ដិ៍​បន្ថែម​ទៀត ដែលមានប្រវែងពីគ្នា ជិត៥គីឡូម៉ែត្រ (​ប៉ុស្ដិ៍​បាក​ដាយ​ និង​ប៉ុស្ដិ៍​ចំការ​ចេក​) កម្លាំង​តាម​ប៉ុស្ដិ៍​ព្រំដែន ត្រូវ​តែ​ដើរ​ល្បាត​ជា​ប្រចាំ ដើម្បី​ធ្វើ​យ៉ាង​រក្សា​សន្ដិសុខ ស្ថេ​រ​ភាព និង​ទប់ស្កាត់​បង្ការ បទល្មើស​តាម​បន្ទាត់​ព្រំដែន ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ