ខេត្តកណ្តាល ៖ បុរសជាប្តីបានតាមទាន់ប្រពន្ធជិះរថយន្តជាមួយមនុស្សប្រុស បំណងដេកក្នុងផ្ទះសំណាក់«មហាលាភ» បានមកប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនដល់បន្ទប់ យកទៅដោះស្រាយតាមច្បាប់ភ្លាមៗតែម្តង។ ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៦ មេសា នៅក្នុងផ្ទះសំណាក់យីហោ «មហាលាភ» បន្ទប់លេខA20 ស្ថិតក្នុងភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា បុរសជាប្តីមានអាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងខណ្ឌចំការមន។ រីឯប្រពន្ធអាយុ៣៤ឆ្នាំ មុខរបរលក់ដូរដូចគ្នា ។ ដោយឡែក បុរសជាប់ចោទជាសហាយ មានអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពពីបុរសជាប្តីបានរៀបរាប់ឲ្យដឹងថា គាត់និងប្រពន្ធបានរៀបការជាមួយគ្នា១៤ឆ្នាំមកហើយ ព្រមទាំងបានបង្ហាញសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ចុះអំឡុងឆ្នាំ២០១១ ទៀតផង ។ មកដល់ពេលនេះគាត់មានកូន៤នាក់ហើយ ក្នុងនោះមានស្រីម្នាក់ផង ។
គាត់បន្តថា ក្នុងរយ:ពេល១ឆ្នាំមកនេះ គាត់និងប្រពន្ធរស់នៅមិនចុះសម្រុងគ្នាទេ ចេះតែឈ្លោះគ្នាជាញឹកញាប់ ដែលគាត់ថា ទំនាស់បានកើតចេញពីប្រពន្ធនេះតែម្តង ។ លុះមកដល់ថ្ងៃកើតហេតុ គាត់បាត់រថយន្តម៉ាកតូយ៉ូតាកាមរី ឆ្នាំស៊េរី១៩៩៧ និងប្រពន្ធមិនឃើញនៅផ្ទះ ក៏បានតាមរកគ្រប់ទីកន្លែង ។ ស្រាប់តែប្រទះឃើញរថយន្តនៅក្នុងផ្ទះសំណាក់មហាលាភ ។ ភ្លាមៗ គាត់មកប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យឃាត់ខ្លួនទាំង២នាក់ យកទៅចាត់ការតាមច្បាប់តែម្តង ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ កំពុងកសាងសំណុំរឿងនេះ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ដោយមិនដឹងថា រវាងពួកគេទាំង៣នេះ នឹងមានការសម្របសម្រួលគ្នាបែបណានោះទៀតទេ ។
ចែករំលែកព័តមាននេះ