រាជធានីភ្នំពេញ ៖ ឪពុកមាជូនក្មួយប្រុសអាយុ១១ឆ្នាំម្នាក់ទៅលេងផ្ទះ ប៉ុន្តែជាអកុសលពេលធ្វើដំណើរតាមផ្លូវក៏ជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបុកជាមួយម៉ូតូ១គ្រឿងដែលជិះគ្នា៣នាក់ដួលអូសជាង១០ម៉ែត្រ បណ្តាលឲ្យក្មួយប្រុសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឪពុកមា និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងរ ត្រូវបានរថយន្តឯកជនដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយបេតុងច្រកចូលវត្តព្រៃស្ពឺ ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ភាគីខាងជនរងគ្រោះទាំង៣នាក់ខាងលើ រួមមាន ១-ក្មួយប្រុសដែលបាត់បង់ជីវិតខាងលើឈ្មោះ សុន ប៉េងយ៉ុង ភេទប្រុស អាយុ១១ឆ្នាំ ស្នាក់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពង់ចាម ២-បុរសជាឪពុកមាដែលរងរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណនោះទេ និង៣-អ្នករួមដំណើរម្នាក់ដែលរងរបួសធ្ងន់ ក៏មិនស្គាល់អត្តសញ្ញាណដែរ ។ ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១IF-៤៩៧១ ។
ភាគីខាងរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង មិនស្គាល់ស្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង១គ្រឿងមិនចាំស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសដៅគ្នា ក្នុងល្បឿនយ៉ាងលឿនបានបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យអូសជនរងគ្រោះចេញពីម៉ូតូជាង១០ម៉ែត្រ ហើយក្មេងប្រុសម្នាក់អាយុ១១ឆ្នាំបានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែកមនុស្ស២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានខាងរថយន្តឯកជនដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។
បន្ទាប់ពីកើតហេតុ គេឃើញកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២បានចុះមកដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងធ្វើចរាចរណ៍បញ្ចៀសការកកស្ទះ ហើយកុំអោយមានបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើងទៀត និងបាញ់ថ្នាំសម្គាល់នៅកន្លែងកើតហេតុ ព្រមទាំងម៉ូតូយកចេញពីកន្លែងកើតហេតុមកដាក់អែបខាង បន្ទាប់មកបានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ។
ក្នុងហេតុការណ៍ខាងលើនេះដែរ គេឃើញសាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះបានមកដល់នាំគ្នាយំស្រែកដោយមានការសោកស្តាយជាពន់ពេក និងបានរៀបរាប់ថា កូនប្រុសរបស់ពួកគាត់ម្នាក់នេះត្រូវបានឪពុកមានាំទៅលេងផ្ទះ ប៉ុន្តែជាអកុសលកូនប្រុសរបស់ពួកគាត់បានបាត់បង់ជីវិត ចំណែកឪពុកមាបានរងរបួសធ្ងន់ទៀតផងដែរ ។
ក្រោយពេលកើតហេតុ ផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យធ្វើលិខិតប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ