ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម ៖ កសិផលកម្ពុជានៅតែមានទីផ្សារទាំងការនាំចេញ និងទីផ្សារក្នុងស្រុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ថា​កសិផល​ខ្មែរ​គ្មាន​ទីផ្សារ​ដោយសារ​តែ​ការ​កើត​មាន​ជំងឺ​កូ​វី​ដ​-១៩ រហូត​មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​ត្រូវ​ប​ង្ខ​ចិត្ត​ចាក់ចោល​ផ្លែស្វាយ​ដោយសារ​គ្មាន​ទីផ្សារ​នោះ ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា កសិផល​កម្ពុជា​នៅ​តែ​មាន​ទីផ្សារ​ទាំង​សម្រាប់​ការ​នាំ​ចេញ​ និង​ទីផ្សារ​ក្នុងស្រុក​បើសិន​ទំនិញ​ទាំងនោះ​មានគុណ​ភាព ។​ យោង​តាម​សេចក្តី​បំភ្លឺ​របស់​ក្រសួងពាណិជ្ជកម្ម​ចុះ​ថ្ងៃ​ទី ២៥ ខែមេសា​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​រូបភាព​និង​វី​ដេ​អូរ​និង​វី​ដេ​អូ​រៀបរាប់​អំពី​ការ​បង្ខំចិត្ត​ចាក់ចោល​ផ្លែស្វាយ​ដោយសារ​គ្មាន​ទីផ្សារ​ក្នុង​កាលៈទេសៈ​នៃ​ជម្ងឺ​កូ​វីត​-១៩…

រាជធានី​ភ្នំពេញ​៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ថា​កសិផល​ខ្មែរ​គ្មាន​ទីផ្សារ​ដោយសារ​តែ​ការ​កើត​មាន​ជំងឺ​កូ​វី​ដ​-១៩ រហូត​មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​ត្រូវ​ប​ង្ខ​ចិត្ត​ចាក់ចោល​ផ្លែស្វាយ​ដោយសារ​គ្មាន​ទីផ្សារ​នោះ ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា កសិផល​កម្ពុជា​នៅ​តែ​មាន​ទីផ្សារ​ទាំង​សម្រាប់​ការ​នាំ​ចេញ​ និង​ទីផ្សារ​ក្នុងស្រុក​បើសិន​ទំនិញ​ទាំងនោះ​មានគុណ​ភាព ។

យោង​តាម​សេចក្តី​បំភ្លឺ​របស់​ក្រសួងពាណិជ្ជកម្ម​ចុះ​ថ្ងៃ​ទី ២៥ ខែមេសា​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​រូបភាព​និង​វី​ដេ​អូរ​និង​វី​ដេ​អូ​រៀបរាប់​អំពី​ការ​បង្ខំចិត្ត​ចាក់ចោល​ផ្លែស្វាយ​ដោយសារ​គ្មាន​ទីផ្សារ​ក្នុង​កាលៈទេសៈ​នៃ​ជម្ងឺ​កូ​វីត​-១៩ នោះ គឺជា​រឿង​មិន​ពិត​នោះ​ទេ ការ​ពិត​គឺ​ដោយសារ​តែ​ផ្លែស្វាយ​ខូច​ដោយសារ​ទុំ​ក្នុង​កញ្ចប់​មិន​អាច​យក​ទៅ​កែ​ច្នៃ​អ្វី​កើត ។

​ប្រភព​ដដែល​បាន​អះអាង​ថា លេខាធិការដ្ឋាន​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​មាន​កិត្តិយស​សូម​ធ្វើការ​បំភ្លឺ​ជម្រាប​ជូន​ប្រិ​យ​មិត្ត​ហ្វេ​ស​ប៊ុ​ក និង​សាធារណៈជន​ទូទៅ​មេត្តា​ជ្រាប​ថា បន្ទាប់​ពី​បានឃើញ​រូបភាព និង​វី​ដេ​អូ​រៀបរាប់​អំពី​ការ​បង្ខំចិត្ត​ត្រូវ​ចាក់ចោល​ផលិតផល​កសិកម្ម​ជា​ផ្លែស្វាយ​ដោយសារ​គ្មាន​ទីផ្សារ​ក្នុង​កាលៈទេសៈ​នៃ​ជម្ងឺ​កូ​វីត​-១៩ រួច​មក ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ដោយ​ចិត្ត​ទុកដាក់​ចំពោះ​ករណី​នេះ ក្នុង​គោលបំណង​ស្វែងរក​ការ​ពិត និង​ចាត់វិធានការ​ជាក់លាក់​ដើម្បី​ជួយ​ដល់​កសិករ​រង​គ្រោះ​។

ជាក់ស្ដែង បន្ទាប់​ពី​បាន​ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្វាយ​ដែល​បាន​ចាក់ចោល​នេះ ព្រមទាំង​សាកសួរ​ដល់​ភាគី​ពាក់ព័ន្ធ ក្រុមការងារ​បាន​រក​ឃើញ​ថា ទីតាំង​កើតហេតុ​ស្ថិត​នៅ​ចំការ​ស្វាយ​ភូមិ​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ «​ហើយ​ស្វាយ​ទាំងនោះ ជា​ស្វាយ​ដែល​ខូច​ដោយសារ​ទុំ​ក្នុង​កញ្ចប់ មាន​បរិមាណ​ប្រហែលជា​ពីរ​តោន ដែល​ត្រូវ​តែ​ចាក់ចោល​ដោយសារ​អ្នកទិញ មិន​អាច​ទទួល​ទិញ​បាន ព្រោះ​មាន​បញ្ហា​ទាក់ទង​នឹង​គុណភាព​»​។

ក្រសួងពាណិជ្ជកម្ម​បាន​បន្ត​ថា សាធារណៈជន​ក៏​អាច​សំគាល់​មើល​ជាក់ស្តែង​ក្នុង​រូបភាព​ដែល​បង្ហាញ​រូប​ស្វាយ​ទុំ​ជោរ​ពណ៌​លឿង ដែល​ពុំ​អាច​នឹង​ទុក​ឱកាស​អោយ​ដឹក​ជញ្ជូន​ទៅ​លក់​ឯណា​ទៀត​បាន សូ​ម្បី​តែ​យក​ទៅ​រោងចក្រ​ធ្វើ​តំណាប់​ស្វាយ កុំ​ថា​ឡើយ​នាំ​ចេញ​ទៅ​បរទេស​ដែល​ត្រូវការ​រយៈពេល​សំរាប់​ដឹក​ជញ្ជូន ដូច្នេះ​ទាមទារ​ផ្លែស្វាយ​ដែល​មានគុណ​ភាព​តាម​តម្រូវការ​ទីផ្សារ​។

ប្រភព​ដដែល​បាន​ថ្លែង​ថា «​ក្រសួង​សូម​ឆ្លៀតឱកាស​នេះ​ជម្រាប​ជូន​ថា បច្ចុប្បន្ន​នេះ ទោះជា​ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ជម្ងឺ​កូ​វីត​-១៩ ក៏​ដោយ ក៏​កសិផល​កម្ពុជា​នៅ​តែ​មាន​ទីផ្សារ​ទាំង​សម្រាប់​ការ​នាំ​ចេញ និង​ទីផ្សារ​ក្នុងស្រុក អោយ​តែ​ទំនិញ​ទាំងនោះ​មានគុណ​ភាព​ស្រប​តាម​តម្រូវការ​ទីផ្សារ ពិសេស​ផ្លែស្វាយ​» ។

​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា ផ្លែស្វាយ​ដែល​មានគុណ​ភាពល្អ រោងចក្រ​ផលិត​ដំណាប់​ស្វាយ​ទទួល​ប្រមូល​ទិញ​ក្នុង​តម្លៃ​ពី ៥០០​រៀល ទៅ ៥៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​ផ្លែស្វាយ​ដែល​ខ្ចប់​ក្នុង​កញ្ចប់​សំរាប់​នាំ​ចេញ​គឺ បាន​ថ្លៃ​ដល់ ៩០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ដូច្នេះ អោយ​តែ​ស្វាយ​មានគុណ​ភាពល្អ ពុំ​ខ្វះ​ទីផ្សារ​ឡើយ​។ បច្ចុប្បន្ន នៅ​ខេត្តកំពង់ស្ពឺ ពុំ​មាន​សល់​ស្វាយ​ក្នុង​ចំការ​ច្រើន​ទេ ឈ្មួញកណ្ដាល​ដឹក​ស្វាយ​តាំងពី​ខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រះ​វិហារ ដើម្បី​យក​មក​លក់​ឱ្យ​ឃ្លាំង​ធំ​ៗ​នៅ​កំពង់ស្ពឺ សំរាប់​នាំ​ចេញ និង​បំរើ​តម្រូវការ​រោងចក្រ​កែ​ច្នៃ​ក្នុងស្រុក​។ ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ស្វះស្វែង​បើក​ច្រក​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​កសិផល​កម្ពុជា​ឱ្យ​កាន់តែ​បាន​ច្រើន​ថែម​ទៀត​ទៅ​កាន់​ទីផ្សារ​ពិភពលោក​។

សូម​រម្លឹក​ថា​ថ្មី​នេះ ប្រជា​កសិករ ដាំ​ដំណាំ​ទុរេន​នេះ លោក សាយ សា​វឿ​ន មាន​អាយុ ៤៣ ឆ្នាំ រស់នៅ​ក្នុងភូមិ​ទឹក​ប៉ោង ឃុំ​បឹង​ព្រាវ​ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​អះអាង​ថា​ទុរេន​ឆ្នាំ​នេះ​ត្រូវប៉ាន់​ជាង​ឆ្នាំ​មុន ព្រោះ​ទុរេន​ឆ្នាំ ២០២០ នេះ​គាត់​លក់​ចេញ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​បាន​តម្លៃ​ដល់​ទៅ ៣៥,០០០ រៀល​ក្នុង​មួយ​គីឡូក្រាម កើនឡើង​ជាង​ឆ្នាំ​២០១៩ ដែល​លោក​អាច​លក់​ក្នុង​មួយ​គី​ឡួ​ក្រាន​បាន​ត្រឹមតែ ២៥,០០០ រៀល​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ