អាហារ​​ទាំង​៨ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក


ជំងឺមហារីក​ជា​បញ្ហា​សុខភាព​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ដែល​អាច​ឆក់​យកអាយុ​ជីវិត​មនុស្ស​បាន​យ៉ាង​ងាយ​។

ទោះជា​យ៉ាងណា ជំងឺមហារីក​មិន​លូតលាស់​ភ្លាម​ៗ​ត្រឹម​រយៈពេល​តែ​មួយ​យប់​នោះ​ទេ ហើយ​មាន​វិធី​បង្ការ​បែប​សាមញ្ញ​ច្រើន​ណាស់​ដែល​អ្នក​គួរ​អនុវត្ត​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​នេះ​ដោយ​គ្រាន់តែ​កែប្រែ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូច​ជា​ការ​ទទួលទាន​អាហារ និង​ភេសជ្ជៈ ព្រមទាំង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​កាត់​បន្ថយ​ជំងឺមហារីក ៖

១. ផ្លែ​ឈើ​ប្រភេទ Citrus ៖
រួម​មាន​ផ្លែក្រូច ទំពាំងបាយជូរ ក្រូចឆ្មារ​ជាដើម​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C​។ វីតាមីន​នេះ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំងក្លា​បំផុត​មួយ​ដែល​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទប់ស្កាត់​ការ​កកើត​នៃ​សារធាតុ nitrosamine ដែល​បង្ក​មហារីក​ក្រោយ​ពេល​ទទួលទាន​សាច់​កែ​ច្នៃ​ផង​ដែរ​។ ម្យ៉ាងវិញទៀត​ផ្លែក្រូច​មាន​ផ្ទុក​សារធាតុ D- limonene ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ច្រើន​ប្រភេទ​ដូច​ជា​ជំងឺមហារីក​សួត ជំងឺមហារីក​ស្បែក និង​សូ​ម្បី​មហារីក​សុដន់​។

២. ផ្លែ​បឺ​រ ៖
មាន​ផ្ទុក​សារធាតុ Lutein ម៉ា​ញ៉េ​ស្យូ​ម និង​ខ្លាញ់​ល្អ monounsaturated​។ ការ​ទទួលទាន​ផ្លែ​បឺ​រ​ជា​ប្រចាំ​អាច​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ មហារីក​សុដន់ និង​ក្រពេញ​ប្រូ​ស្តា​ត​។

៣. សណ្ដែកខ្មៅ ៖
សណ្ដែកខ្មៅ​មាន​ផ្ទុក​សារធាតុ Phytochemical និង flavonoid ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​កម្ចាត់​ការ​រលាក​ដ៏​មាន​ឥទ្ធិពល​ជួយ​ទប់ស្កាត់​ការ​រីក​លូតលាស់​នៃ​កោសិកា​មហារីក​ក្នុង​រាង​កាយ​។

៤. ម្នាស់ ៖
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ គឺ​វីតាមីន C​។ សារធាតុ​ប្រឆាំង​អុក​សីតកម្ម​នេះ​ជួយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ដែល​បង្ក​ជំងឺមហារីក​។ លើស​ពី​នេះ​ទៅ​ទៀត ម្នាស់ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ bromelain អាច​រារាំង​ទប់ស្កាត់​ការ​លូតលាស់​នៃ​កោសិកា​មហារីក​និង​ថែម​ទាំង​ធ្វើ​ឱ្យ​កោសិកា​មហារីក​ងាប់​ផង​ដែរ ជា​ពិសេស​ជំងឺមហារីក​ពោះវៀនធំ​។

៥. តែ​បៃតង ៖
ក្រៅពី​សារធាតុ catechin តែ​បៃតង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ polyphenols និង​សារធាតុ flavonoids ដែល​សុទ្ធតែ​អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជា​ច្រើន​ចំពោះ​សុខភាព​រាង​កាយ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ដែល​បំផ្លាញ​ដល់​កោសិកា​សុខភាព​ល្អ​បង្ក​បញ្ហា​សុខភាព​ផ្សេង​ៗ​រួម​បញ្ចូល​ទាំង​ជំងឺមហារីក​។

៦. ផ្សិត​ម្ជុល ៖
នេះ​ក៏​ព្រោះតែ​ផ្សិត​ម្ជុល​មាន​ផ្ទុក​សារធាតុ proflamin ដែល​ជា​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​ដុំ​សាច់​មហារីក​។ ដូច្នេះ​ការ​ទទួលទាន​ផ្សិត​ម្ជុល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​គួរ​ឱ្យ​កត់​សម្គាល់​។ លើស​ពី​នេះ​ទៅ​ទៀត​ផ្សិត​ម្ជុល​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីត​ដែល​កាត់​បន្ថយ oxidative stress ព្រមទាំង​ប្រយុទ្ធ​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ​ដែល​អាច​ជួយ​ទប់ស្កាត់​ជំងឺមហារីក​។

៧. ផ្លែ​អូ​លីវ ៖
ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​រលាក​រ៉ាំរ៉ៃ​ជា​កត្តា​ចម្បង​មួយ​នៃ​ជំងឺមហារីក​។ ផ្លែ​អូ​លីវ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បាន​តាម​រយៈ​ការ​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​។

៨. ខ្ទឹមស ៖
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ស្ពាន់ធ័រ សារធាតុ arginine និង​សេ​លេ​ញ៉ូ​ម​ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។ ដូច្នេះ​ការ​ទទួលទាន​ខ្ទឹមស​ជា​ប្រចាំ​អាច​ជួយ​កាត់​បន្ថយ​កា​រវិ​វត្ត​នៃ​កោសិកា​មហារីក​ផ្សេង​ៗ​នៅ​ក្នុង​រាង​កាយ​៕ (​ប្រភព​ពី​៖ Health.com.kh) (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ