ខេត្តសៀមរាប ៖ គោយន្តច្នៃដឹកឥដ្ឋមួយគ្រឿង ក្នុងពេលបើកប្រុងបត់ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តទំនើបពីក្រោយ បណ្តាលឱ្យមនុស្សរងរបួសធ្ងន់២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកសូទ្រនិគមភ្លាមៗ ។ ហេតុការណ៍កើតឡើង នៅវេលាម៉ោង០៣និង៤០នាទីរសៀលថ្ងៃទី២៣ មេសា ស្ថិតលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចចន្លោះគីឡូម៉ែត្រលេខ២៨៤ និង២៨៦ ក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
អ្នកបើកគោយន្តកែច្នៃឈ្មោះ ហឿន ព្រីង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប អ្នករួមដំណើរជាមួយគោយន្តកន្ទ្រៃ មានឈ្មោះឡាន សុខី ភេទស្រី អាយុ១៥ឆ្នាំ ។ រីឯម្ចាស់រថយន្តម៉ាសដា ពណ៌ស ពាក់ស្លាកលេខ2E1617 ឈ្មោះយាន រី ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិប៉លីឡៃ សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទោយមានជ័យ (របួសធ្ងន់)។
បើតាមប្រភពពីកម្លាំងជំនាញស្រុកសូទ្រនិគមបានប្រាប់នៅរសៀលថ្ងៃទី២៤ មេសា នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាស់ដា ពណ៌.ស ពាក់ស្លាកលេខ2E-1617 បើកបរដោយឈ្មោះ យាន រី ភេទប្រុស អាយុ៤០ ទីលំនៅភូមិប៉ាលីឡៃ សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកបរពីកើតទៅលិច ។ រីឯគោយន្តច្នៃធ្វើដំណើរពីត្បូងទៅជើង ហើយបត់ទៅកើត មិនបានប្រុងប្រយ័ត្ន បណ្ដាលឱ្យជ្រុលទៅបុករថយន្តពីក្រោយ ហើយរថយន្តនេះជ្រុលទៅបុកដើមឈើ បណ្ដាលឱ្យរបួសមនុស្សធ្ងន់ខាងក្នុងរថយន្តចំនួន២នាក់ ។
ខណៈនោះ ត្រូវបានកម្លាំងនគរបាលជំនាញដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកសូទ្រនិគម
ភ្លាមៗផងដែរ។ ហើយបានអូសយកគោយន្តកន្ទ្រៃកែច្នៃដឹកឥដ្ឋ និងរថយន្ជនរងគ្រោះទៅរក្សាទុកនៅអធិការនគរបាលស្រុកបណ្តោះអាសន្ន ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានកម្លាំងជំនាញបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ ចំណែករថយន្ត និងគោយន្ត យកមករក្សាទុកនៅអធិការនគរបាលស្រុកសូទ្រនិគម ដើម្បីទុកដោះស្រាយទៅតាមនីតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ