លោក ប៊ីល ហ្គេតស៍ (Bill Gates) ដែលជឫស្ថាបនិកក្រុមហ៊ុន Microsoft ដ៏ធំបានលើកឡើងពីគម្រោងការដែលត្រូវអនុវត្តដើម្បីទប់ទល់នឹងកូវីដ ១៩ និងត្រលប់ទៅកាន់ការរស់នៅធម្មតាវិញ ។
លោកបានចែករំលែកទស្សនៈរបស់លោកក្នុងឯកសារដ៏វែងមួយដែលលោកបានចែករំលែកលើអ៊ីនធើណេតកាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក ។ លោកបាននិយាយថា ការបង្កើតថ្មីត្រូវតែកើតមានក្នុង ៥ ផ្នែកដែលមានការព្យាបាល វ៉ាក់សាំង ការធ្វើតេស្ត ការស៊ើបរកមនុស្ស និងគោលនយោបាយសម្រាប់ការបើកដំណើរការសេដ្ឋកិច្ចវិញ ។
គួរបញ្ជាក់ដែរថា លោក ហ្គេតស៍ បានបន្តមានភាពសកម្មក្នុងការចែករំលែកពីវិធីត្រៀមខ្លួនសម្រាប់ការផ្ទុះជំងឺអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ លោកបានផ្តល់ថវិកាសម្រាប់ការស្រាវជ្រាវវ៉ាក់សាំង និងកម្មវិធីសុខភាពពិភពលោកដទៃទៀតតាមរយៈ
មូលនិធិសប្បុរសធម៌ Bill & Melinda Gates Foundation ។
លោកបានបន្ថែមថា «ការផ្ទុះវីរុសកូរ៉ូណាបានជំរុញឲ្យមនុស្សលោកធ្លាក់ក្នុងសង្គ្រាមជាមួយវីរុស ។ វាប្រៀបបានជាសង្គ្រាមលោកមួយដែរ ប៉ុន្តែក្នុងករណីនេះមនុស្សទាំងអស់នៅភាគីតែមួយ» ។
លោក ហ្គេតស៍ បានបកស្រាយថា ពួកយើងត្រូវការការព្យាបាលជំងឺកូវីដ ១៩ ដែលមានប្រសិទ្ធិភាពប្រមាណ ៩៥% ជាមុនសិនទើបមនុស្សមានភាពក្លាហានក្នុងការចេញទៅទីសាធារណៈធម្មតាវិញ ។ ប្រសិនបើមិនមានការព្យាបាលទេ ពួកយើងត្រូវការវ៉ាក់សាំងដែលជួយឲ្យមនុស្សអាចត្រលប់ទៅកាន់ភាពដូចដើមវិញ ។
លោកបានទទួលស្គាល់ពីឧបសគ្គក្នុងការបង្កើតវ៉ាក់សាំងដែរ និងបានបន្ថែមថាពិភពលោកប្រហែលជាត្រូវរងចាំរាប់ឆ្នាំមុនវ៉ាក់សាំងមានក្នុងទីផ្សារ ។ លោកបានបន្ថែមថា រយៈពេល ១៨ខែដែលមន្ត្រីរដ្ឋាភិបាលបានលើកឡើងម្តងហើយម្តងទៀតថាជាពេលដែលមនុស្សត្រូវចងចាំសម្រាប់វ៉ាក់សាំងអាចនឹងមិនត្រឹមត្រូវទាំងស្រុងទេ ។
ការធ្វើតេស្តក៏មានសារៈសំខាន់ក្នុងការជួយឲ្យប្រទេសអាចបើកដំណើរការធម្មតាវិញដែរ ដូច្នេះវិធីដែលល្អជាងគេគឺការអនុញ្ញាតឲ្យមានការធ្វើតេស្តដោយខ្លួនឯងនៅផ្ទះ ។ ក្រៅពីនេះ រដ្ឋាភិបាលត្រូវមានមធ្យោបាយកុងការរក និងតាមដានមនុស្សដែលបានឆ្លងកូវីដ ១៩ ព្រោះវាជាយុទ្ធសាស្ត្រដែលទប់ស្កាត់ការរីកដាលនៃជំងឺនេះ ។
ជាចុងក្រោយ លោក ហ្គេតស៍ បានផ្តល់យោបល់ថាសាលារៀនគួរតែបើកដំណើរការមុនគេព្រោះវាផ្តល់អត្ថប្រយោជន៍ច្រើនដល់សង្គម ខណៈដែលកម្មវិធីធំៗដទៃដូចជាកម្មវិធីកីឡាគួរតែមានការផ្អាកសិន ៕
ចែករំលែកព័តមាននេះ