ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​សម្តែង​ល្ខោនខោល​ដ៏​ធំ​នា​ចុង​ឆ្នាំ​នេះ អាច​លើក​ពេល ព្រោះ​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​សម្តែង​ល្ខោនខោល​ដ៏​ធំ​នា​ចុងឆ្នាំ​២០២០​នេះ អាច​នឹង​ត្រូវ​លើក​ពេល​ទៅ​ឆ្នាំ​ក្រោយ ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូ​ទាំង​សកល​លោក ខណៈ​ពេល​ដែល​មូលនិធិ​ប្រមូល​ថវិកា​១០០០​រៀល​ពី​សប្បុរសជន​នៅ​តែ​បន្ត​ធ្វើ​ដដែល​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ស៊ុប…

រាជធានី​ភ្នំពេញ ៖ គម្រោង​សម្តែង​ល្ខោនខោល​ដ៏​ធំ​នា​ចុងឆ្នាំ​២០២០​នេះ អាច​នឹង​ត្រូវ​លើក​ពេល​ទៅ​ឆ្នាំ​ក្រោយ ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូ​ទាំង​សកល​លោក ខណៈ​ពេល​ដែល​មូលនិធិ​ប្រមូល​ថវិកា​១០០០​រៀល​ពី​សប្បុរសជន​នៅ​តែ​បន្ត​ធ្វើ​ដដែល​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ស៊ុប ស័​ក្ខ​រា នាយក​សាល​សិល្បៈ​ហ្វូ​ណ​ន និង​ជា​សមាជិក​មួយ​រូប​ដែល​ជា​អ្នក​ផ្ជុ​ង​ផ្តើម​ការ​សម្តែង​ល្ខោនខោល​ដ៏​ធំ​នេះ ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២០​នេះ តាម​សារ​អេ​ឡិច​ត្រូ​ប​និ​ច​។

លោក​បញ្ជាក់​ថា តាម​គម្រោង​ព្រឹត្តិការណ៍​សម្តែង​ល្ខោនខោល​ដ៏​ធំ​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​បំណាច់​ឆ្នាំ​២០២០​នេះ ប៉ុន្តែ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូន​វី​ដ​១៩ នា​ពេល​នេះ កម្មវិធី​របស់​យើង​អាច​នឹង​លើក​ពេល​ទៅ​សម្តែង​នៅ​ឆ្នាំ​ក្រោយ ក្នុង​ពេល​ដែល​រហូត​មក​ទល់​ពេល​នេះ​មូល​ធិ​និ​ទទួល​ថវិកា​សប្បុរសជន​នានា​នៅ​តែ​បន្ត​ធ្វើ​។

លោក​បាន​លើក​ឡើង​បន្ត​ថា បើ​ទោះបីជា​ការ​សម្តែង​ល្ខោនខោល​ដ៏​ធំ​នេះ ត្រូវ​បាន​លើក​ពេល​ក៏​ដោយ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា​អាច​មាន​ភាព​ប្រសើរ​ឡើង​វិញ​នោះ យើង​ក៏​នឹង​រៀបចំ​កម្មវិធី​សម្តែង​តូច​មួយ​នៅ​ចំ​ថ្ងៃ​ដដែល​នោះ សម្រាប់​មហាជន​ទស្សនា ហើយ​ក៏​ឆ្លៀត​ពេល​ប្រកាស​ពី​ការ​ពន្យា​ពេល​ការ​សម្តែង​ដ៏​ធំ​របស់​យើង​នៅ​ឆ្នាំ​ក្រោយ​។

បើ​តាម​លោក ស៊ុប ស័​ក្ខ​រា ថា រហូត​មក​ដល់​បច្ចុប្បន្ន​សម្រាប់​មូលនិធិ​១០០០​រៀល សម្រាប់​រ៉ៃ​អង្គាស​ថវិកា​ទ្រទ្រង់​ការ​សម្តែង​ល្ខោនខោល​ដ៏​ធំ​នេះ គឺ​យើង​ទទួល​បាន​មួយ​ចំណែក​តូច​ប៉ុណ្ណោះ ប៉ុន្តែ​យ៉ាងណា យើង​នៅ​តែ​បន្ត​ទទួល​ក្នុង​ពេល​ដែល​យើង​ទទួល​បានការ​គាំទ្រ​ច្រើន​ផង​ដែរ​ពី​មហាជន​។

ជា​ការ​កត់សម្គាល់ កន្លង​មក លោក ស៊ុប ស័​ក្ខ​រា ធ្លាប់​បាន​លើក​ឡើង​ថា គម្រោង​រៃ​អង្គាស​ថវិកា​សប្បុរសធម៌​ចំនួន​១​ពាន់​រៀល​ពី​ប្រជាពលរដ្ឋ​ម្នាក់ នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​ទ្រទ្រង់​ការ​សម្តែង​នា​ពេល​នេះ គឺ​បង្ហាញ​ពី​ការ​សាមគ្គីភាព អំពី​ការ​ផ្តល់​សេចក្តី​ស្រឡាញ់​ចូលរួម ដើម្បី​ជីវិត​ល្ខោន​ខោល​។

លោក​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​ប្រកាស​រៃ​អង្គាស​ថវិកា​នេះ​ផង​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​គាំទ្រ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​តួលេខ​នៃ​ចំនួន​អ្នក​ដែល​បាន​ចូលរួម និង​ថវិកា​ដែល​ទទួល​បាន​នា​ពេល​នេះ​ឡើយ ដោយ​អ្វី​ៗ​កំពុង​តែ​ដំណើរការ​ទៅ​មុខ​។ លោក​បន្ថែម​ថា តាម​គម្រោង​យើង​ត្រូវការ​ថវិកា​ប្រមាណ​១​លាន​ដុល្លារ ដែល​ថវិកា​ទាំងនោះ​ត្រូវ​បាន​បែងចែក​ទាំង​ការ​សម្តែង និង​ការ​បញ្ជៀប​ទម្រង់​ល្ខោនខោល​ទៅ​កាន់​មហាវិទ្យាល័យ​ចំនួន​៣០​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​សម្តែង​លោ្ខ​ន​ខោល​ដ៏​ធំ​របស់​យើង​បាន​គ្រោង​សម្តែង​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ស្តា​ត​ចាស់ ឬ​នៅ​កោះ​ពេជ្រ ខណៈ​ពេល​យើង​រំពឹង​ថា ការ​ចូល​ទស្សនា​ពី​សំណាក់​ទស្សនិកជន​អាច​មាន​ដល់​រាប់​ម៉ឺន​នាក់ ក្នុង​នោះ​យើង​បាន​រៀបចំ​សិល្បករ​ចូលរួម​សម្តែង​ប្រមាណ​២០០​នាក់​។

ទោះជា​យ៉ាងណា បើ​ទោះបីជា​ការ​សម្តែង​ព្រឹត្តិការណ៍​ល្ខោនខោល​ដ៏​ធំ​នេះ ត្រូវ​បាន​លើក​ពេល​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​តែ​រំពឹង​ថា សប្បុរសជន​ទាំងអស់​នឹង​នៅ​តែ​គាំទ្រ ចូលរួម​បរិច្ចាគ​ថវិកា​១០០០​រៀល​ក្នុង​ម្នាក់ ដើម្បី​ទ្រទ្រង់​ការ​សម្តែង ក៏​ដូច​ជា​ការ​ចូលរួម​លើក​ស្ទួយ និង​ថែរក្សា​សិល្បៈ​បុរាណ​ដូច​តា​ខ្មែរ​ឲ្យ​បាន​គង់វង្ស​កុំ​ឲ្យ​បាត់បង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ