រាជធានីភ្នំពេញ៖ នៅពេលកន្លងមកក៏ដូចនៅពេលបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាភាគច្រើន បានទន្ទឹងរង់ចាំមើលដំណក់ប្រេងដំបូងដែលកម្ពុជាផលិតបាន ប៉ុន្តែវាមិនដូចអ្វីដែលខ្លួនរង់ ចាំមើលនោះទេ ។ ស្របពេលប្រជាពលរដ្ឋរង់ចាំមើលលទ្ធផលប្រេងដំបូងរបស់ខ្លួន វិស័យ ប្រេងកាតកម្ពុជានៅលើដែនគោកមានប្លុកចំនួន ៨ ក្នុងចំណោម ១៩ប្លុក កម្ពុជាកំពុងធ្វើការ ចរចារជាមួយក្រុមហ៊ុនវិនិយោគ ខណៈប្លុក D មួយផ្សេងទៀតក្រៅពីប្លុក A នឹងត្រៀមចាប់ ផ្តើមសិក្សាស្រាវជ្រាវ ។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបានឱ្យ ដឹងកាលពីពេលថ្មីៗនេះថា ការងារបង្កើនខឿនឧស្សាហកម្មសារណកម្មប្រេងកាតនេះនៅ ក្នុងឆ្នាំ ២០១៩ សម្រេចបានសមិទ្ធផលលើការសិក្សាស្រាវជ្រាវភូមិសាស្ត្រ និងវាយតម្លៃ សេដ្ឋកិច្ច ហើយនៅក្នុងនេះយើងបានបែងចែកនៅលើដែនគោក ។
លោក ជៀប សួរ បានឱ្យដឹងទៀតថា «នៅលើដែនគោកយើងបានចែកជាតំបន់សម្រាប់ ការសិក្សាប្រេងកាតចំនួន ១៩ប្លុក ដែលបច្ចុប្បន្ននេះយើងមានប្លុកចំនួន ៨ កំពុងធ្វើកិច្ច ចរចារប្រេងកាតជាមួយក្រុមហ៊ុនមកពីកាណាដា តែសម្រាប់ប្លុកផ្សេងៗទៀតយើងនៅទំនេ ។ នៅលើដែនសមុទ្រយើងធ្វើការបែងចែកសម្រាប់ស្វែងរុករកចំនួន ៦ប្លុកដែលយើងឱ្យ ឈ្មោះថា A,B,C,D,E,F ។ ប្លុក A យើងបានដឹងហើយថា បានរកឃើញមានសក្តានុពល ប្រេងដែលអាចធ្វើពាណិជ្ជកម្មបានកាលពីឆ្នាំ ២០១០ ហើយបច្ចុប្បន្នក្រុមហ៊ុន គ្រីសអ៊ិនណឺជី នៃប្រទេសសឹង្ហបុរីកំពុងធ្វើការអភិវឌ្ឍដើម្បីផលិតប្រេងនៅពេលខាងមុខ ។ ប្លុក D យើងបានចុះកិច្ចព្រមព្រៀងជាមួយ ខេមបូឌានរីហ្សស់អ៊ិនណឺជី ដែលក្រុមហ៊ុននេះ នឹងចាប់ផ្តើមធ្វើការស្រាវជ្រាវ ។ ចំណែកប្លុក B,C,E,F ក្នុងដែនសមុទ្រ គឺនៅទំនេនៅឡើយ កម្ពុជាកំពុងរង់ចាំ និងស្វាគមន៍អ្នកវិនិយោគថ្មី» ។
បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ប្លុកប្រេងនៅលើដែនសមុទ្រត្រួតស៊ីគ្នា
ជាមួយថៃនៅមិនទាន់មានសកម្មភាពស្វែងរុករកអ្វីនោះទេដោយសារប្រទេសទាំងពីរមិនទាន់ស្វែងរកដំណោះស្រាយជាមួយគ្នាបាន ហើយនៅក្នុងវិស័យប្រេងកាតនេះកម្ពុជាទទួល បានចំណូលនៅមានចំនួនតិចតួច ព្រោះកម្ពុជាមិនទាន់ធ្វើការផលិតប្រេងបាន ។លោកបន្តថា «នៅពេលកន្លមកនេះវិស័យប្រេងកាតបានទទួលចំណូលប្រមាណ ១១,៦៣ ពាន់លានរៀលស្មើប្រមាណ ១១៤% នៃផែនការ ។ ចំណូលនេះយើងដឹងស្រាប់ហើយមាន តែឈ្នួលផ្ទៃក្រឡា កម្រៃសេវាសាធារណៈផ្សេងៗ ព្រោះយើងមិនបានផលិតប្រេង ដូចនេះ ចំណូលទទួលបាន គឺមានចំនួនតិចតួច» ។
ទន្ទឹមនឹងវិស័យប្រេងកាតមិនទាន់បានបង្ហាញពីលទ្ធផលល្អ ឬភាពជោគជ័យនៃការផលិត ជូនដល់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្នតាមការចង់បាន ក្រសួងរ៉ែ និងថាមពល ពិសេស អគ្គនាយកដ្ឋានប្រេងកាតមានផែនការ និងទិសដៅអភិវឌ្ឍន៍វិស័យប្រេងកាតឱ្យស្របតាម ចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ។លោកលើកឡើង ដើម្បីអភិវឌ្ឍន៍វិស័យប្រេងកាតឱ្យស្របតាមចក្ខុវិស័យរបស់រារដ្ឋាភិបាល បង្កើតនូវបរិយាកាសទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស និងធានាឱ្យការ អភិវឌ្ឍន៍ឧស្សាហកម្មប្រេងកាតប្រព្រឹត្តិទៅប្រកបដោយចីរភាព និងការទទួលខុសត្រូវខ្ពស់ ដោយយកចិត្តទុកដាក់ខ្ពស់លើបច្ច័យចម្បង គឺសេដ្ឋកិច្ច សង្គម និងបរិស្ថាន ។
ក្រសួងត្រូវសម្រេចឱ្យបានទិសដៅការងារអភិវឌ្ឍន៍វិស័យប្រេងកាត៖ បង្កើតនៅខឿន ឧស្សាហកម្មនិស្សារណៈកម្ម គឺយើងនឹងបន្តជំរុញការរកឃើញបន្ថែមទៀតនូវធនធាន ប្រេងកាត, បន្តកសាងបន្ទុកទិន្នន័យប្រេងកាត, ការចងក្រងទិន្នន័យប្រេងកាតឱ្យកាន់តែ ប្រសើ, ខិតខំទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនលើការស្វែងរុករកធនធានប្រេង កាត, ជំរុញឱ្យមានការផលិតប្រេងចាប់ពីឆ្នាំ ២០២០ តទៅ ជំរុញអភិវឌ្ឍន៍មូលដ្ឋានផ្គត់ផ្គង់ឧស្ម័ន LNG និងឧស្ម័ន LPG ជំរុញការអភិវឌ្ឍគម្រោងមូលនិធិសង្គមនៃវិស័យប្រេងកាត និងការ ចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋានដោយក្រុមហ៊ុនប្រេងកាតជាដើម ៕
ចែករំលែកព័តមាននេះ