ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម៣ខែដើមឆ្នាំ កម្ពុជា​នាំ​ចូល​អំបិល​ពី​ឥណ្ឌា៤​ពាន់​តោន​បំពេញតម្រូវការ​ក្នុងស្រុក

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្វី​ត្បិត​តែ​កម្ពុជា​មាន​ធនធានទឹក​សមុទ្រ​ដែល​អាច​ផលិត​អំបិល​បាន​ក្ដី តែ​កម្ពុជា​មិន​អាច​ផលិត​អំបិល​សម្រាប់​ផ្គត់ផ្គង់​គ្រប់​នៅ​លើ​ទីផ្សារ​នោះ​ទេ គឺ​បាន​នាំ​ចូល​ពី​ប្រទេស​ក្រៅ​មក​បំពេញតម្រូវការ ជាក់ស្ដែង​កន្លង​ទៅ កម្ពុជា បាន​នាំ​អំបិល​ពី​ប្រទេស​ចិន​ហើយ​ឆ្នាំ ២០២០​នេះ គិត​ចាប់ពី​ខែ…

រាជធានី​ភ្នំពេញ ៖ ថ្វី​ត្បិត​តែ​កម្ពុជា​មាន​ធនធានទឹក​សមុទ្រ​ដែល​អាច​ផលិត​អំបិល​បាន​ក្ដី តែ​កម្ពុជា​មិន​អាច​ផលិត​អំបិល​សម្រាប់​ផ្គត់ផ្គង់​គ្រប់​នៅ​លើ​ទីផ្សារ​នោះ​ទេ គឺ​បាន​នាំ​ចូល​ពី​ប្រទេស​ក្រៅ​មក​បំពេញតម្រូវការ ជាក់ស្ដែង​កន្លង​ទៅ កម្ពុជា បាន​នាំ​អំបិល​ពី​ប្រទេស​ចិន​ហើយ​ឆ្នាំ ២០២០​នេះ គិត​ចាប់ពី​ខែ មក​រា ដល់​ខែ មីនា កម្ពុជា​បាន​នាំ​ចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា​ប្រមាណ​៤០០០​តោន ដើម្បី​បំពេញ​ការ​ខ្វះខាត​នៅ​លើ​ទីផ្សារ​។​ការ​ខ្វះខាត​អំបិល​នៅ​កម្ពុជា ទើបតែ​កើតឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ​តែ​ប៉ុណ្ណោះ គឺ​ដោយសារ​តែ​ពលរដ្ឋ​ដែល​ធ្លាប់​ផលិត​អំបិល​កាលពីមុន​នោះ បាន​បោះបង់​ចោលការ​ផលិត​ជា​បន្តបន្ទាប់ ព្រោះតែ​ខ្វះ​កំលាំង​ពលកម្ម ។

បើ​តាម លោក ហួ​ន សុ​រង្សី ប្រធាន​នាយកដ្ឋាន​កិច្ចការ​សិប្បកម្ម​នៃ​ក្រសួង​ឧស្សា​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​អំបិល​ជា​ទំនិញ​យុទ្ធសាស្ត្រ ក្រសួង​បាន​តាមដាន​ជាប់​ជា​ប្រចាំ​ដោយ​ត្រួតពិនិត្យ​ទៅ​លើ​អំបិល​ក្នុង​ស្តុក​តើ​គ្រប់​នឹង​តម្រូវការ​ដែរ​ទេ ។​បើ​មិន​គ្រប់​នាំ​ត្រូវ​អនុញ្ញាត​អោយ​ឈ្មួញ​នាំ​ចូល​បន្ថែម ដើម្បី​បំពេញតម្រូវការ ។ ជា​លទ្ធផល រហូត​មក​ដល់​ពេល​នេះ អំបិល​មាននៅ​ក្នុង​ឃ្លាំង​

ប្រមាណ​ជាង​៣​ម៉ឺន​តោន ហើយ​តម្រូវការ​ក៏​មាន​ប្រមាណ​ជាង​៣​ម៉ឺន​តោន​នេះ​ដែរ ។
លោក​បន្ត​ថា ចាប់តាំងពី​ខែ មក​រា ដល់​ខែ មីនា ដើមឆ្នាំ ២០២០​នេះ ឈ្មួញ​អំបិល​ម្នាក់​បាន​នាំ​ចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា​ប្រមាណ​៤​ពាន់​តោន​និង​សល់​ក្នុង​ឃ្លាំង​ប្រមាណ​៥០០​តោន​ទៀត​ផង​ដែរ ដូច្នេះ​ឆ្នាំ​នេះ ការ​ផ្គត់ផ្គង់​អំបិល​ឆ្នាំ​នេះ នឹង​មិន​មានការ​ខ្វះខាត​ទេ ហើយ​ក៏​អាច​រក្សា​បាន​នូវ​ស្ថិរភាព តម្លៃ​ផង​ដែរ ។ បច្ចុប្បន្ន​តម្លៃ​អំបិល​លក់​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា មាន​តម្លៃ​ចន្លោះ​ពី ១៥០០​រៀល​ទៅ​២០០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ។


លោក​បន្ត​ទៀត​ថា ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​ផលិតផល​អំបិល​ក្នុង​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់ និង​ជំរុញ​អោយ​មានការ​វិនិយោគ​លើ​ការ​ផលិត​អំបិល​ដោយ​ទំនើប​កម្ម ក៏​ប៉ុន្តែ​ការងារ​នេះ គឺជា​ការងារ​ធំ ដូច្នេះ​ត្រូវ​ធ្វើការ​ម្ដង​មួយ​ដំណាក់​ៗ មិន​អាច​ធ្វើ​បាន​លឿន​រហ័ស​នោះ​ទេ ។ លោក​ថា ៖« កន្លង​មក​មាន​អ្នក​សិក្សា​ជា​ច្រើន​មក​ហើយពី​ការ​ផលិត​អំបិល​តាម​ទំនើប​កម្ម ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ »លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ ការ​ផលិត​អំបិល​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ធ្វើ​ឡើង​តាម​រូបភាព​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ ដោយ​មិន​មានការ​ផលិត​ជា​លក្ខណៈ​សហគមន៍​ដូច​ពី​មុន​ទៀត​ឡើយ ដោយសា​តែ​មិន​មានកំ​លាំង​ពលកម្ម​គ្រប់គ្រាន់​ក្នុង​ការ​ផលិត​ជា​លក្ខណៈ​សហគមន៍ ។

បើ​តាម​លោក ខាត់ សា​មឿ​ន​ផលិតករ​អំបិល​មួយ​រូប នៅ​ក្នុង​ខេត្តកំពត បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​បញ្ហា​សម្រាប់​អ្នក​ផលិត​អំបិល នៅ​ក្នុង​ខេត្តកំពត គឺ​មិន​មានកំ​លាំង​ពលកម្ម​សម្រាប់​ផលិត ដូច្នេះ​ហើយ​ទើប អ្នក​ផលិត​អំបិល​ភាគច្រើន​ចាប់ផ្ដើម​បោះបង់​ការ​ផលិត​របស់​ខ្លួន ព្រោះតែ​រក​កំលាំង​ពលកម្ម​មិន​បាន ។

លោក​បន្ត​ថា កំលាំង​ពលកម្ម​មាន​ដែរ តែ​ជា​មនុស្ស​ចាស់​ៗ ព្រោះថា​កំលាំង​ពលកម្ម​ក្មេង​ៗ ពួក​គេ នឹង​មិន​ធ្វើការ​ក្រោម​កំ​ដៅ​ថ្ងៃ​ទេ គឺ​ពួក​គេ​នឹង​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​រោងចក្រ​ក្រោម​ម្លប់ ងាយស្រួល និង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​ផង​ដែរ ។ លោក​ថា​៖« អ្នក​ផលិត​អំបិល​ក៏​ចង់អោយ​កម្រៃ​ពលកម្ម​ទៅ​កម្មករ​ច្រើន​ដែរ ក៏​ប៉ុន្តែ មិន​អាច​ផ្ដល់​ជូន​ច្រើន​បាន​នោះ​ទេ គឺ​បាន​តែ​មួយ​សម​ល្មម ហើយ​ត្រូវ​ធ្វើការ​នៅ​ក្រោម​កំ​ដៅ​ថ្ងៃ​ទៀត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ