ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ទី​8​របស់តា​កុងសែ​ត្បូង​បដិសេធ​ការ​​ចោទ​​សម្លា.ប់​​ប្តី

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ឈ្មោះ អេ​ង សា​រឿ​ន អាយុ​៥៤​ឆ្នាំ ដែល​ជា​ប្រពន្ធ​ទី​៨ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ឈ្មោះ អេ​ង សា​រឿ​ន អាយុ​៥៤​ឆ្នាំ ដែល​ជា​ប្រពន្ធ​ទី​៨ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ខណ​:​ពេល​ឃើញ​លិខិត​អញ្ជើញ​ចំនួន​២​ច្បាប់​ដែល​ចេញ​ដោយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន កាលពី​ខែមីនា និង​ខែមេសា ឆ្នាំ​២០២០​នេះ ឱ្យ​គាត់​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ស្ត្រី​ម្នាក់ឈ្មោះ លី​ម គា ហៅ​ម៉ី អាយុ​៣៨​ឆ្នាំ ជា​ប្រពន្ធ​ទី​៧ ដែល​ប្តឹង​ចោទប្រកាន់​ពី​បទ​ធ្វើឃាត​លើ​បុរស​ចំណាស់​ជា​ប្តី​ឈ្មោះងិ​ន មេ​ង អាយុ​៦៩​ឆ្នាំ ដែល​បាន​ស្លាប់ ​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ដោយសារ​រោគាពាធ កាលពី​ពេល​កន្លង​មកនេះ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ អេ​ង សា​រឿ​ន ដែល​ជា​ប្រពន្ធ​ទី​៨ បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​ជាង​៣​ឆ្នាំ​មុន ស្ត្រី​ឈ្មោះ លី​ម គា ហៅ​ម៉ី ជា​ប្រពន្ធ​ទី​៧ បាន​ឈ្លោះ​ទាស់ទែង​ជាមួយ​ប្តី រួច​បាន​ធ្វើ​លិខិត​លែងលះ​គ្នា​នៅ​សង្កាត់​ប៉ៃលិន​ដាច់ស្រេច​អស់ហើយ ថែម​ទាំង​ទៅ​យកប្តី​ម្នាក់​ទៀត និង​មក​រស់នៅ​ក្នុងផ្ទះ​ល្វែង​៥​បន្ទប់ ដែល​គាត់​ចែក​ឱ្យ រួម​ជាមួយនឹង​ដី​ចំនួន​២​ប្លង់​ថែម​ទៀត ។ ការ​បាន​គ្នា​ជា​ប្រពន្ធ​ប្តី​ទី​៨​នេះ ខណៈ​បុរស​ចំណាស់​ពោះម៉ាយ​ជា​ប្តី​បាន​ពឹង​ចាស់ទុំ​ក្នុងភូមិ​ស្តីដណ្តឹង​គាត់ ប្រពន្ធ​ទី​៨ ដែល​ជា​ស្ត្រី​មេម៉ាយ រួច​ក៏​ធ្វើការ​សែនព្រេន​តាម​ផ្លូវច្បាប់​មក​រស់នៅ​ផ្ទះ​របស់​គាត់ រួច​ក្រោយមក​ប្តី​ចំណាស់​នេះ ក៏​នាំ​គាត់​ទៅ​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ។

ប្រភព​បន្ត​ទៀត​ថា ដោយ​ខ្លាចក្រែង​ប្រពន្ធ​ទី​៧​បន្ត​រករឿង ទើប​គាត់​មានគំនិត​ធ្វើ​លិខិត​ផ្ទេរ​ទ្រព្យសម្បត្តិ​ផ្ទះ​ធំ​ដែល​ស្នាក់​នៅ​នឹង​ផ្ទះ​ជួល​៤​បន្ទប់ និង​សម្ភារ​ដែល​នៅ​សេសសល់​ទាំងអស់ ឱ្យមក​គាត់​ជា​ប្រពន្ធ​ទី​៨ កាលពី​ថ្ងៃ​ទី​៤ មក​រា ឆ្នាំ​២០២០ ដោយ​មាន​សាក្សី និង​មេ​ភូមិ​ទទួលស្គាល់ ។ ប៉ុន្តែ​រឿងរ៉ាវ​ក៏​នៅ​តែ​ចៀស​មិន​ផុត ខណៈ​គាត់​ជាប់រវល់​ទៅ​ផ្សារ​ទិញ​ម្ហូបអាហារ ស្រាប់តែ​មាន​ស្រី​ម្នាក់ បាន​ដាក់​ថ្នាំ​បំពុល​ប្តី​របស់​គាត់ ដោយ​យក​អស់​ខ្សែ​ក​.​មាស​ទម្ងន់​១​តម្លឹង​២​ជី​១​ខ្សែ ខ្សែដៃ​មាស​១​ខ្សែ និង​ចិញ្ចៀនពេជ្រ​១​វង់​ផង​ដែរ និង​ធ្វើ​ឱ្យ​គាត់​សន្លប់​អស់​រយ​:​ពេល​៧​យប់​៧​ថ្ងៃ​នៅ​ក្នុង​មន្ទីរពេទ្យ ។ លុះ​ពេល​ជា​សះស្បើយ​រួច​មក គាត់​បាន​ក្លាយទៅជា​មនុស្ស​បាត់បង់​ស្មារតី និង​មានការ​វង្វេង​ជា​ញឹកញាប់ ជួនកាល​ដើរ​ដួល និង​ធ្លាក់​ប្រឡាយ​ជា​ច្រើន​ដង ដោយសារ​ឥទ្ធិពល​ថ្នាំ​បំពុល​នោះ ។

ស្ត្រី​ដែល​ជា​ប្រពន្ធ​ទី​៨​បាន​រំលឹក​ថា ពេល​គាត់​រវល់​ទៅ​ទិញ​ម្ហូប បាន​ចាក់សោ​ប្តី ឱ្យ​នៅ​ក្នុង​បន្ទប់ ស្រាប់តែ​មាន​គេ​ថត​សកម្មភាព​របស់​គាត់​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា គាត់​បាន​ចាក់សោ ឃុំឃាំង​ប្តី​ខុសច្បាប់ បង្អត់អាហារ​រវល់​ទៅ​លេងល្បែង ដែល​ធ្វើ​ឱ្យ​មហាជន​មានការ​យល់​ច្រឡំ​យ៉ាង​ខ្លាំង ហើយ​វី​ដេ​អូ​ដែល​គេ​លួច​ថត​បង្ហោះ​នោះ​ក៏​នៅ​តែ​មាន​អ្នក​បន្ត​ចែករំលែក​(Share) រហូត​មក​ដល់​ពេល​នេះ​ផង​ដែរ ។ គាត់​អះអាង​ថា ប្លង់​ផ្ទះ​ទាំងអស់ គឺ​មិន​មាន​ប្លង់​ណាមួយ នៅ​ក្នុង​ដៃ​របស់​គាត់​នោះ​ទេ គឺ​ប្រពន្ធ​ទី​៧​គេ​យក​ទុក​ទាំងអស់ ទោះបីជា​គាត់​ទាមទារ​យ៉ាងណា ក៏​គេ​មិន​ឱ្យ​ដែរ ដូច្នេះ​គាត់​កំពុង​តែ​រក​មេធាវី​ឱ្យ​ជួយ​ដល់​រឿង​ក្តី​មួយ​នេះ​ផង​ដែរ ។

ទាក់ទិន​ការ​ចោទប្រកាន់​គ្នា​រវាង​ប្រពន្ធ​ទី​៧ និង​ទី​៨ ស្ត្រី​ម្នាក់​ឈ្មោះ មេ​ង គឹ​ម​ឡា​ង ជា​កូន​ទី​៣ របស់​ប្រពន្ធ​ទី​១ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ឪពុក​របស់​គាត់ ពិតជា​បាន​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ឱ្យទៅ​ប្រពន្ធ​ទី​៨ ពិតប្រាកដ​មែន ថែម​ទាំង​ធ្វើ​លិខិត​ផ្ទេរ មុន​ពេល​គាត់​ស្លាប់​ថែម​ទៀត​ផង ។ ប៉ុន្តែ ក្រោយមក​ស្រាប់តែ​ប្រពន្ធ​ទី​៧ ដែល​ចុះ​ចោល​ឪពុក​របស់​គាត់រ​ត់ទៅ​យកប្តី​ក្មេង​ម្នាក់​ទៀត ហើយ​មក​រស់នៅ​លើ​ផ្ទះ​ដែល​ឪពុក​ខ្លួន​ចែក​ឱ្យ បែរជា​ជំទាស់​ទៅ​វិញ ថែម​ទាំង​ប្តឹង​នគរបាល​ចោទ​ពី​រឿង​ធ្វើឃាត​ផង​ដែរ​។ ដូច្នេះ​ក្នុង​នាម​គាត់​ជា​កូន​ដែរ មិន​សុខចិត្ត​នោះ​ទេ ហើយ​ក៏​មិន​ព្រមឱ្យ​ទ្រព្យសម្បត្តិ​ទាំងនេះ​បាន​ទៅ​ស្ត្រី​ដែល​ចុះ​ចោល​ឪពុក​របស់​ខ្លួន​នោះ​ឡើយ ។

កូនស្រី​ប្រពន្ធ​ទី​១(​ដើម​) បាន​អះអាង​ថា ស្ត្រី​ជា​ប្រពន្ធ​ទី​៨ បាន​មើលថែ​ទាំ​ឪពុក​របស់​ខ្លួន ផ្តល់​ទឹក​ក្តៅ​ទឹក​ត្រជាក់​រហូត​ដល់​គាត់​ស្លាប់ ដូច្នេះ​ទ្រព្យសម្បត្តិ​ទាំងនេះ ត្រូវ​តែ​បាន​ចំណែក​ទៅ​លើ​គាត់​ដែរ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​គេ​ចោទ​ថា​ស្ត្រី​ប្រពន្ធ​ទី​៨​ឃុំឃាំង​ប្តី​ខុសច្បាប់ និង​ធ្វើឃាត​បុរស​ចំណាស់​ជា​ប្តី​នោះ លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បាន​បំភ្លឺ​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ២០២០​នេះ​ថា សូមកុំ​សូវ​ជឿ​ទៅ​លើ​បណ្តាញ​សង្គម​ខ្លាំង​ពេក ព្រោះ​គេ​ថត​វី​ដេ​អូ​បុរស​ចំណាស់​ខាងលើ​កាលពី​គាត់​នៅ​រស់ គឺ​ពេល​នោះ​គាត់​វង្វេងស្មារតី​ព្រោះ​មាន​ជំងឺ ខណ​:​ប្រពន្ធ​ទៅ​ទិញ​ម្ហូបអាហារ នៅ​ផ្សារ បើ​មិន​ចាក់សោ​ឱ្យ​គាត់​នៅ​ក្នុងផ្ទះ​ទេ គាត់​នឹង​ដើរ​ចេញពីផ្ទះ វង្វេង​ទៅ​កន្លែង​ផ្សេង​ៗ អាច​នឹង​ធ្លាក់​ប្រឡាយ ធ្លាក់​លូ​ឈ្លក់ទឹក​ស្លាប់​ជាក់​ជា​មិន​ខាន ព្រោះ​បញ្ហា​បែប​នេះ​ធ្លាប់​កើត​ឡើងជា​ញឹកញាប់​មក​ហើយ ។

លោក​បន្ត​ទៀត​ថា ចំពោះ​ការ​ស្លាប់​របស់​បុរស​ចំណាស់​មាន​ប្រពន្ធ​ដល់​ទៅ​៨​នាក់ គឺ​ដោយសារ​រោគាពាធ ព្រោះ​ក្រោយ​ពេល​ស្លាប់​ភ្លាម​ខាង​ប៉ុស្តិ៍​ប៉ៃលិន និង​ខាង​គ្រូពេទ្យ​បាន​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​ដែរ ឃើញ​ថា មិន​មាន​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ ។ ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​ចោទ​ថា ស្ត្រី​ប្រពន្ធ​ទី​៨​ធ្វើឃាត​ប្តី លោក អ៊ុំ សាឡ​ន ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​៨​និង​៤៣​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២០​នេះ​ថា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា ប្រពន្ធ​ទី​៧​នេះ ខាង​លោក​ក៏​បាន​សុំ​គោល​ការ​ពី​សាលាដំបូង ដោយ​ដឹកនាំ​កម្លាំង​នគរបាល ចុះ​ទៅ​ស៊ើបអង្កេត​បឋម ករណី​ការ​ស្លាប់​របស់ លោក ងិ​ន មេ​ង ហៅ​តា​ឡេ​ង ដោយ​មិន​ទាន់​ទទួល​បាន​នូវ​លទ្ធផល​យ៉ាងណា​នៅឡើយ​នោះ​ទេ ហើយ​ខាង​លោក​ក៏​បាន​បញ្ជូន​សំណុំរឿង​នេះ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ឱ្យ​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​កោះសន្តិភាព​បាន​ស្វែងរក​ការ​បំភ្លឺ​ពី​ស្ត្រី​ប្រពន្ធ​ទី​៧ ដែល​បាន​លែងលះ​គ្នា​ទៅ​ហើយ បានឱ្យ​ដឹង​ថា ដោយ​មានការ​សង្ស័យ​ថា ស្ត្រី​ប្រពន្ធ​ទី​៨ អាច​នឹង​ជាប់​ពាក់ព័ន្ធ​ការ​ស្លាប់​របស់​អតីត​ប្តី​គាត់ ទើប​គាត់​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ចុះ​ស៊ើបអង្កេត ព្រោះ​មុន​ពេល​ស្លាប់​ឃើញ​គាត់​ដើរ​ធម្មតា និង​ហូប​បាយ​ដែល​គាត់​បញ្ចុក​ធម្មតា​ដែរ ស្រាប់តែ​នៅ​វេលា​ម៉ោង​២​រសៀល​ឃើញ​គាត់​ស្លាប់​ទើប​មានការ​សង្ស័យ បើ​មិន​ពិត​ក៏​មិនជា​បញ្ហា អ្វី​ដែរ ។

លោក ងិ​ន មេ​ង ហៅ​តា​ឡេ​ង ដែល​ស្លាប់​ទៅ​បន្សល់​ទុក​ជម្លោះ​ដណ្តើម​ទ្រព្យ​គ្នា​នេះ គឺជា​អតីត​កុងសែ​ត្បូង​ល្បីឈ្មោះ​ម្នាក់​នៅ​ប៉ៃលិន ។ គាត់​ក៏​ជា​ម្ចាស់​ដីធ្លី​ច្រើន​កន្លែង​ផង​ដែរ ។ ទោះបី​គាត់​មាន​ប្រពន្ធ​ដល់​ទៅ​៨​នាក់​ក្តី តែ​គាត់​មានកូន​តែ​៣​នាក់​ប៉ុណ្ណោះ គឺ​ប្រុស​ម្នាក់ ស្រី​២​នាក់ ដែល​ជា​កូន​ជាមួយ​ប្រពន្ធ​ទី​១ ដែល​ជា​ប្រពន្ធ ដើម បាន​ស្លាប់​ទៅ​ហើយ ។ ចំណែក​ប្រពន្ធ​ទី​២​រហូត​ដល់ទី​៨​នេះ មិន​មានកូន​នោះ​ទេ ដោយ​ក្នុង​ចំណោម​ប្រពន្ធ​ក្រោយ​ទាំង​៧​នាក់​នេះ ខ្លះ​យក​គាត់​ធ្វើ​ប្តី​ព្រោះតែ​ចង់បាន​ទ្រព្យ​ប៉ុណ្ណោះ ដោយ​ខ្លះ​ក៏​លែងលះ​គ្នា​វិញ និង​ខ្លះ​រត់​ចោល​គាត់ ក្រោយ​ពី​បានទ្រព្យ​ដែល​ចែក​ឱ្យ​រួច​ហើយ​នោះ​ដូច​ជា​ប្រពន្ធ​ទី​៧ ក៏​បាន​ចែកទ្រព្យ​ឱ្យ​ដែរ និង​មាន​ប្តី​ថ្មី​ទៅ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ