ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី Messenger Kids ជួយ​កុមារ​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​គ្រួសារខណៈកូ​វី​ដ​-១៩ រាតត្បាត

3 ឆ្នាំ មុន

Facebook បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា ក្រុមហ៊ុន នឹង​ដាក់​កម្មវិធី Messenger Kids ឱ្យ​ដំណើរការ​ក្នុង​ប្រទេស​ចំនួន ៧០ ទូ​ទាំង​ពិភពលោក ដោយ​មានការ​បញ្ចូល​នូវ​ចំណុច​ពិសេស​ថ្មី​ៗ​ជា​ច្រើន…

Facebook បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា ក្រុមហ៊ុន នឹង​ដាក់​កម្មវិធី Messenger Kids ឱ្យ​ដំណើរការ​ក្នុង​ប្រទេស​ចំនួន ៧០ ទូ​ទាំង​ពិភពលោក ដោយ​មានការ​បញ្ចូល​នូវ​ចំណុច​ពិសេស​ថ្មី​ៗ​ជា​ច្រើន ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ឪពុក​ម្តាយ ក្នុង​ការ​ជួយ​ឲ្យ​កូន​ៗ​របស់​ពួក​គាត់​រក្សា​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​មិត្តភក្តិ​របស់​ពួក​គេ ។

ជាមួយ​គ្នា​នេះ​មាតា​-​បិតា និង​អាណាព្យាបាល​ក្នុង​ប្រទេស​កម្ពុជា ក៏​អាច​ទាញ​យក​កម្មវិធី​នេះ ដើម្បី​ឲ្យ​កូន​ៗ​របស់​ខ្លួន​ប្រើប្រាស់​ចាប់ពី​ថ្ងៃនេះ​តទៅ​ទាំង​លើ​ប្រព័ន្ធ Android និង IOS ផង​ដែរ ។

ខណៈ​ដែល​សហគមន៍​ជា​ច្រើន​កំពុង​តែ​ស្វែងរក​វិធីសាស្ត្រ​ផ្សេង​ៗ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​វីរុស​កូ​វី​ដ​-១៩ និង​ស្រប​ពេល​ដែល​សាលារៀន​នានា​បាន​បិទ​ជា​បណ្តោះអាសន្ន ហើយ​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​អនុវត្ត​នីតិវិធី B គម្លាត​ក្នុង​សង្គម ឪពុក​ម្តាយ​ជា​ច្រើន​កំពុង​តែ​ចាប់អារម្មណ៍​កាន់ តែ​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ជួយ​ឲ្យ​កូន​ៗ​របស់​ពួក​គាត់​រក្សា​ទំនាក់ទំនង​ជាមួយនឹង​មិត្ត​ភ​ក្កិ និង​ក្រុម​គ្រួសារ ប៉ុន្តែ​ក៏​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គាត់​ផង​ដែរ ។

Messenger Kids ជា​កម្មវិធី​ផ្ញើ​សារ និង​ជជែក​កម្សាន្ត​ជា​វី​ដេ​អូ ។ កម្មវិធី​នេះ​នឹង​ជួយ​ឲ្យ​កុមារ​ៗ រក្សា​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​យ៉ាង​សប្បាយ​រីករាយ ក្នុង​កម្រិត​មួយ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឪពុក​ម្តាយ​របស់​ខ្លួន ។ Facebook បាន​ធ្វើការ​យ៉ាង​ប្រកៀក​ជាមួយនឹង​ទីប្រឹក្សា​យុវជន ឬ Youth Advisors ដែល​ជា​ក្រុម​ជំនាញ​ផ្នែក​សុវត្ថិភាព​លើ​ប្រព័ន្ធ​អន​ឡាញ ការ​អភិវឌ្ឍ​របស់​កុមារ និង​បណ្តាញសារព័ត៌មាន ដើម្បី​រួម​គ្នា​បង្កើត​កម្មវិធី Messenger Kids នេះ​ឡើង ។

Facebook នៅ​តែ​បន្ត​ធ្វើការ​ពិភាក្សា​ជាមួយនឹង​អ្នកជំនាញ​ក្នុង​វិស័យ​អប់រំ និង​ទីប្រឹក្សា​ផ្នែក​សុវត្ថិភាព​កុមារ ដើម្បី​ធានា​ឲ្យ​បាន​ថា ក្រុមហ៊ុន​កំពុង​តែ​ផ្តល់​សេវា​មួយ ដែល​ជួយ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​គ្រប់គ្រង​របស់​ឪពុក​ម្តាយ និង​មុខងារ​ទាំងឡាយ​ដែល​ជួយ​ឲ្យ​កុមារ​បាន​រៀន​អំពី​របៀប​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​លើ​អន​ឡាញ​ប្រកបដោយ​ការ​ទទួលខុសត្រូវ ។

Messenger Kids មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​សម្រាប់​ក្មេង​ៗ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​រក្សា​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ​បាន ។ នៅ​ពេល​ដែល​ឪពុក​ម្តាយបង្កើត​គណនី​ឲ្យ​កូន​ៗ កូន​ៗ​ក៏​អាច​ចាប់ផ្តើម​ជជែក​កម្សាន្ត​ជា​វី​ដេ​អូ មួយ​ទល់​នឹង​មួយ ឬ​ជា​ក្រុម​ក៏​បាន ។ ជាមួយ​គ្នា​នេះ​ឪពុក​ម្តាយ​អាច​ចូល​ទៅ​ត្រួតពិនិត្យ​មើល​បញ្ជី​ឈ្មោះ​មនុស្ស​ដែល​កូន​ៗ​របស់​ពួក​គាត់​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ និង​មើល​ថា តើ​អ្នក​ទាំងនោះ​បើក​អន​ឡាញ​នៅ​ពេល​ណា ។

កម្មវិធី​នេះ​មាន​រូបភាព​តំណាង​ឲ្យ​ម៉ាស​ការពារ រូប emoji ដ៏​សម្បូរ​បែប និង​សំឡេង​និមិត្ត​ផ្សេង​ៗ នឹង​ធ្វើ​ឲ្យ​ការ​សន្ទនា មាន​ភាព​រស់​រវើក ។ ក្រៅពី​ការ​ជជែក​ជា​វី​ដេ​អូ​ទៅ ក្មេង​ៗ​ក៏​អាច​ផ្ញើ​រូបថត វី​ដេ​អូ ឬ​សារ​ជា​អក្សរ ទៅ​កាន់​មិត្តភក្តិ របស់​ពួក​គេ ក៏​ដូច​ជា​ផ្ញើ​សារ​ចូល​ទៅ​កាន់​កម្មវិធី Messenger ធម្មតា របស់​អ៊ុំ ពូ មីង របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឪពុក​ម្តាយ ។ មានកម្ម​វិធី​សម្រាប់​ក្មេង​ៗ​ដ៏​សម្បូរ​បែប ដូច​ជា GIF ស៊ុម​រូបថត ស្ទីក​ឃើ ម៉ាស​ការពារ និង​កម្មវិធី គូររូប​ផ្សេង​ៗ​នឹង​អនុញ្ញាត​ឲ្យ​ក្មេង​ៗ អាច​បង្កើត​មាតិកា​ជា​ច្រើន ក៏​ដូច​ជា​បង្ហាញ​ពី​ការ​យល់​ឃើញ របស់​ពួក​គេ​ផង​ដែរ ។ Messenger Kids ផ្ដល់​ជូន​ឪពុក​ម្តាយ នូវ​លទ្ធភាព​កាន់តែ​ច្រើន ដើម្បី​គ្រប់គ្រង​កូន​ៗ បញ្ជី​មិត្តភក្តិ​របស់​កូន​ៗ ព្រមទាំង​អាច​ចូល​ទៅ​ពិនិត្យ​មើល​ថា​តើ​កូន​ៗ​កំពុង​តែ​ប្រើប្រាស់​កម្មវិធី​នេះ ដើម្បី​ធ្វើ​អ្វីខ្លះ​ផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត ឪពុក​ម្តាយ​ក៏​អាច​គ្រប់គ្រង​គណនី និង​បញ្ជី​មិត្តភក្តិ​របស់​កូន​ៗ​បាន​ផង​ដែរ តាម​រយៈ​ប្រអប់ Messenger Kids Parent Dashboard នៅ​ក្នុង Facebook ផ្ទាល់​របស់​ពួក​គាត់​តែ​ម្ដង ដែល​ដំណើរការ​ទាំង​លើ​ប្រព័ន្ធ iOS និង Android ហើយ​អាច​ទាញ​យក​កម្មវិធី Messenger Kids ដើម្បី​ដំឡើង​លើ iPad, iPod ឬ​ទូរស័ព្ទ iPhone ពី App Store ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ