ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តម្លៃ​កណ្តុរ​ធ្លាប់​តែលក់​មាន​តម្លៃ​ថ្លៃ តែ​បច្ចុប្បន្ន កូវីដ១៩បាន​ប្រហារខ្ទេចខ្ទីរ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មេរោគ​កូ​វី​ដ​១៩​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​ទូទៅ​មិន​រើសមុខ​ទេ សូ​ម្បីតម្លៃ​កណ្តុរ​នៅ​ក្នុង​ទីផ្សារ​ខេត្តកណ្តាល ដែល​ធ្លាប់តែ​មាន​តម្លៃ​ខ្ពស់ ទោះ​រកបាន​ប៉ុន្មាន​ក៏​លក់​មិន​ដែល​សល់​នោះ ប៉ុន្តែ​ពេល​នេះ​ស្រាប់តែ​ចុះថ្លៃស្រឺ​ត​ៗ ដោយសារ​មិនសូវ​មាន​អ្នក​បរិភោគ​ដូច​មុន​នោះ​ទេ សូ​ម្បី​ទីផ្សារ​នៅ​ព្រំដែន​វៀត…

ខេត្តកណ្ដាល ៖ មេរោគ​កូ​វី​ដ​១៩​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​ទូទៅ​មិន​រើសមុខ​ទេ សូ​ម្បីតម្លៃ​កណ្តុរ​នៅ​ក្នុង​ទីផ្សារ​ខេត្តកណ្តាល ដែល​ធ្លាប់តែ​មាន​តម្លៃ​ខ្ពស់ ទោះ​រកបាន​ប៉ុន្មាន​ក៏​លក់​មិន​ដែល​សល់​នោះ ប៉ុន្តែ​ពេល​នេះ​ស្រាប់តែ​ចុះថ្លៃស្រឺ​ត​ៗ ដោយសារ​មិនសូវ​មាន​អ្នក​បរិភោគ​ដូច​មុន​នោះ​ទេ សូ​ម្បី​ទីផ្សារ​នៅ​ព្រំដែន​វៀត ណាម​ក៏​ផ្អាក​ទិញ​ដែរ ។ នេះ​បើ​តាម​អ្នក​ប្រកប​មុខរបរ​ទាក់​កណ្តុរ​លក់ ប្រាប់​កោះសន្តិភាព​ម្សិលមិញ ។

លោកពូ ង៉ែត ជា​កសិករ និង​ជា​អ្នក​ប្រកបរ​បរទាក់​កណ្តុរ​លក់ ស្ថិត​ក្នុងភូមិ​ព្រែក​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​មក ធ្វើ​ឲ្យ​តម្លៃ​កណ្តុរ​ដែល​ធ្លាប់​លក់​មាន​តម្លៃ​ថ្លៃ បាន​ចុះថោក​ជាង​មុន ហើយ​ការ​ទាក់​កណ្តុរ​វិញ ក៏​មិនសូវ​បាន​ដូច​មុន​ទេ ។ លោកពូ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ឥឡូវនេះ ខ្ញុំ​រក​មិនសូវ​បាន​នោះ​ទេ បើ​រកបាន​ក៏​លក់​មិនសូវ​ដាច់​ដូច​មុន​ដែរ ។ គាត់​ថា បើ​គិត​កណ្តុរ​ធ្វើ​ស្អាត​រួច​ហើយ យក​ទៅ​លក់​នៅ​ផ្សារ​ជិត​ៗ​បាន​ប្រាក់​២ ឬ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

កណ្តុរ​ឥឡូវ​វា​ចុះថោក ហើយ​ខ្ញុំ​មិនសូវ​បាន​ដាក់​ព្រោះ​ជាប់​ធ្វើស្រែ​ដែរ ។ លោកពូ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​តម្លៃ​កណ្តុរ​ចុះថ្លៃ​មក​ត្រឹម​៧​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ធ្វើ​រួច​ហើយ ដោយ​ដាក់​បាន​តែ​៣​ទៅ​៤​គីឡូ​ប៉ុណ្ណោះ ឬ​លើស​ពី​នេះ​តិចតួច ដែល​ពី​មុន​បាន​ច្រើន ហើយ​មាន​តម្លៃ​ថ្លៃ​ទៀត មាន​ប៉ុន្មាន​ក៏​មិន​សល់​ដែរ ។
លោក​បន្ត​ថា មិន​ត្រឹមតែ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ក៏​មាន​ជំងឺ​មួយទៀត​ឈ្មោះ​ហាន់​តា​វីរុស ដែល​កើត​នៅ​ក្នុង​ប្រទេស​ចិន ក៏​ធ្វើ​ឲ្យ​អ្នក​ដែល​ធ្លាប់​បរិភោគ​សាច់​កណ្តុរ​ភ័យ​ខ្លាច គេ​ក៏​ផ្អាក​បរិភោគ​ទើប​កណ្តុរ​ចុះថោក ។

លោក​បាន​បញ្ជាក់​ថា ជំងឺ​កូ​វី​ដ​១៩ និង​ជំងឺ​ហាន់​តា​វីរុស បាន​ធ្វើ​ឱ្យ​កណ្តុរ​ថោក ព្រោះ​កាលពីមុន​កណ្តុរ​បាន​ថ្លៃ ដោយ​ក្នុង​មួយ​គីឡូ​តម្លៃ​ជាង​១​ម៉ឺន​រៀល (​ធ្វើ​ហើយ​) មួយ​ថ្ងៃ​លក់​បាន​ពី​៥​ទៅ​៦​ម៉ឺន​រៀល ឬ​លើស​ពី​នេះ ប៉ុន្តែ​បន្ទាប់​ពី​ជំងឺ​នេះ​ចេញ​មក គេ​អត់​ហូប​កណ្តុរ​មួយ​រយៈ ម្ល៉េះ​ហើយ​ក៏​ខ្ជិល​ទៅ​រក​ចាប់​ដែរ ។បើ​តាម​អ្នករក​កណ្ដុរ​លក់​ដ៏​ទៃ​ទៀត​បាន​ឲ្យ​ដឹង​ទៀត​ថា កណ្តុរ​ដែល​រកបាន​ហើយ បាន​លក់​នៅ​ក្នុងភូមិ និង​តាម​ទីផ្សារ​នៅ​ជិត​ផ្ទះ ។ ចំណែក​អ្នក​ធ្លាប់តែ​ប្រមូល​ទិញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ក៏​ផ្អាក​ទិញ​ដែរ ។ គាត់​រៀបរាប់​ថា កណ្តុរ​បាន​ទាក់​មក ដោយ​ប្រើប្រាស់​ឧបករណ៍​អង្គប់​សម្រាប់​ទាក់​ប្រមាណ​១០០ ទៅ​១៥០០​អង្គប់ ដែល​ទិញ​យក​មក​ពី​ប្រទេស​វៀតណាម ។ អង្គប់​នេះ​ត្រូវ​ម៉ូយ​ដែល​ប្រមូល​ទិញ​កណ្តុរ​លក់​ទៅ​វៀតណាម យក​មក​លក់​ឲ្យ​មួយ​មាន​តម្លៃ​១​ពាន់​រៀល ។

លោក​បញ្ជាក់​ថា ពេល​ខ្លះ​កណ្តុរ​ដែល​ដាក់​បាន​លក់​ទៅ​ឲ្យ​ម៉ូយ ដែល​យក​អង្គប់​មក​លក់​ឲ្យ​(​យក​ទៅ​វៀតណាម​) ប៉ុន្តែ​មួយ​រយៈពេល​នេះ​កណ្តុរ​ចុះថ្លៃ គាត់​លក់​សល់​ក៏​គាត់​ផ្អាក​ទិញ ។ ឥឡូវ​ម៉ូយ​ពី​វៀតណាម​គេ​ថា លក់​លែង​ចំណេញ​ដូច​មុន​ហើយ គេ​ឈប់​មួយ​រយៈ​សិន ព្រោះ​ហាង​ផឹកស៊ី​ក្លែម​ក៏​គេ​បិទ​អស់​ដែរ ។ លោក​ក៏​បាន​ឲ្យ​ដឹង កណ្តុរ​ដែល​លក់​ឲ្យ​ម៉ូយ​វៀតណាម​នោះ​ជា​កណ្តុរ​រស់ ដោយ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ពី​៧​ពាន់ ទៅ​១​ម៉ឺន​២​ពាន់​រៀល ដែល​ចាត់​ទុក​ថា មាន​តម្លៃ​ខ្ពស់​ហើយ ។ បើ​តាម​លោកពូ​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងភូមិ​មាន​អ្នក​ប្រកបរ​បរទាក់​កណ្តុរ​ច្រើន​គ្នា ប៉ុន្តែ​កណ្តុរ​ចុះថោក​ហើយ​ពិបាក​លក់​ទៀត មិន​ដូច​ពី​មុន​ទេ​ដឹង​តែ​ពី​អស់ ពេល​នេះ​ដួល​រលំ​ឯកឯង​តែ​ម្ដង ។

ចំណែក​អ្នក​មីង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​បាន​ដាក់​អង្គប់​រាល់​យប់ ដោយ​ដាក់​ពេល​ព្រឹក​ដល់​ពេល​ល្ងាច​ទៅ​មើល​ម្តង ហើយ​ដាក់​បន្ត​រហូត​ដល់​ភ្លឺ​ទៅ​មើល​ម្តងទៀត ដើម្បី​យក​កណ្តុរ​មក​ធ្វើ​លក់ ដោយ​ក្នុង​មួយ​ថ្ងៃ​បាន​ប្រមាណ​៥​ទៅ​៦​គីឡូ ហើយ​ពេល​ខ្លះ​បាន​ច្រើន​ជាង​នេះ​ក៏​មាន ។ អ្នក​មីង​ថា កណ្តុរ​ឥឡូវ​ចុះថោក​ជាង​ពេល​កន្លង​មក ដោយសារ​អ្នក​ហូប​មានការ​ភ័យ​ខ្លាច​ជំងឺ​កូ​វី​ដ​១៩ និង​ហាន់​តា​វីរុស​ដែល​គេ​ថា កើត​ចេញពី​សត្វ​កណ្តុរ ។ គាត់​ថ្ងូរ​ថា មុខរបរ​នេះ​រកស៊ី​លែង​បាន​ហើយ​ក្មួយ​ហើយ តាំងពី​អា​កូ​វី​ដ​វាយប្រហារ​មក ។

ដោយឡែក​ អ្នក​ដែល​ទទួល​ទិញ​កណ្តុរ​តាម​ភូមិ​វិញ​បាន​ឲ្យ​ដឹង​ថា កណ្តុរ​ឥឡូវ​លក់​មិនសូវ​ដាច់​ដូច​មុន​នោះ​ទេ ទោះបីជា​កណ្តុរ​ចុះថោក​ជាង​មុន​ក៏​ដោយ ។ អ្នក​ដែល​ធ្លាប់​ហូប​កណ្តុរ គេ​នាំ​គ្នា​ខ្លាច​ជំងឺ​កូ​វី​ដ​ពី​សត្វ​កណ្តុរ ។ សូម​ជម្រាប​ថា កណ្តុរ​ត្រូវ​បាន​អ្នក​ដែល​បរិភោគ​យក​មក​ធ្វើ​ជា​ម្ហូប​ច្រើន​ប្រភេទ ដូច​ជា​អាំង​ជ្រលក់​នឹង​ទឹកប្រហុក​លាយ​អំពិល​ទុំ ឬ​ទឹក​ម្ជូរ​ផ្សេង ឆា​គ្រឿង និង​ម្ហូប​ផ្សេង​ៗ​ទៀត ដូច​ជា​ស្ល​កកូរ និង​ម្ជូរ​គ្រឿង​ជា ដើម ពេញ​និយម​ណាស់ ៕

អត្ថបទសរសេរ ដោយ