ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កូដកម្ម​កម្មករ​រោងចក្រ​ ក្រោយ​ថៅកែ​លេងល្បិច​បញ្ឈប់​ពី​ការងារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ កម្មការិនី ជាង​៣០០​នាក់ ក្នុង​ចំណោម​១០២០​នាក់ ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​ហ៊ូ លូ ហ្គា​មេន​»…

រាជធានី​ភ្នំពេញ ៖ កម្មករ កម្មការិនី ជាង​៣០០​នាក់ ក្នុង​ចំណោម​១០២០​នាក់ ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​ហ៊ូ លូ ហ្គា​មេន​» បាន​ធ្វើ​កូដកម្ម​តវ៉ា ខណៈ​ដែល​ថៅកែ​បញ្ឈប់​ពួក​គាត់​ពី​ពី​ការងារ ប៉ុន្តែ​បែរជា​ដាក់​នៅ​ក្នុង​លិខិត​ថា ពួក​គាត់​ដែល​ជា​កម្មរ​ទាំងអស់​គ្នា​ជា​អ្នក​សុំ​ឈប់​ទៅ​វិញ ។

បន្ទាប់​មក​ថៅកែ​បាន​ឲ្យ​ពួក​គាត់​នូវ​ប្រាក់​៤០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​តែ​ប៉ុណ្ណោះ ហើយ​បាន​មិន​ផ្ដល់​ប្រាក់​អតីតភាព​ការងារ​ផ្សេង​ជូន​ពួក​គាត់​ឡើយ ដោយ​យក​លេស​ថា ពួក​គាត់​សុំ​ឈប់​ទៅ​វិញ ដែល​កូដកម្ម​នេះ​បាន​ផ្ទុះ​ឡើង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២០ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ខាងលើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

កម្មករ​បាន​និយាយ​ថា នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​នេះ មាន​កម្មករ​កម្មការិនី​បម្រើ​ការងារ​ចំនួន​១០២០​នាក់ ហើយ​ពួក​គាត់​ខ្លះ​បាន​បម្រើ​ការងារ​នៅ​ទីនោះ​ជាង​១០​ឆ្នាំ និង​ខ្លះ​ទៀត​ជាង​៥​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​ចុង​ក្រោយ​នេះ​ពុំ​បានដឹង​ថា រោងចក្រ​ត្រូវ​ក្ស័យធន ឬអ្វី​នោះ​ទេ ។ ស្រាប់តែ​រោងចក្រ​បាន​ប្រកាស​ផ្អាក​បណ្ដោះអាសន្ន និង​ផ្ដល់​ជូន​កម្មករ​ម្នាក់​ៗ​នូវ​ប្រាក់​ចំនួន​៤០​ភាគរយ​នៃ​ចំនួន​ប្រាក់ខែ​គោល​ហើយ​មាន រយៈពេល​២​ខែ​កន្លង​មក​ហើយ ។

រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ​ខាង​ក្រុមហ៊ុន​បាន​ហៅ​ឲ្យ​កម្មករ​១​វគ្គ ចំនួន​ជាង​៣០០​នាក់​ទៅ​បើកប្រាក់​៤០​ភាគរយ​ដូច​ខែ​មុន​ទៀត ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ស្រាប់តែ​ម្នាក់​ៗ​ស្រឡាំងកាំង​ដោយសារ​តែ​ខាង​ក្រុមហ៊ុន​សរសេរ​នៅ​ក្នុង​លិខិត​ការងារ​ដាក់​ថា កម្មករ​ទាំងអស់​ជា​អ្នក​សុំ​លាលែង​(​សុំ​ឈប់​)​ពី​ការងារ​ទៅ​វិញ​។

កម្មករ​ដដែល​បាន​បន្ត​ទៀត​ថា ការ​ដាក់​ក្នុង​លិខិត​ការងារ​ថា ពួក​គាត់​ជា​អ្នក​លាឈប់​ពី​ការងារ​បែប​នេះ គឺ​ក្រុមហ៊ុន មាន​បំណង​លុប​បំបាត់​មិន​បើក​ផ្ដល់​ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គាត់​ឡើយ​គឺ​ផ្ដល់​ឲ្យ​តែ​ប្រាក់​៤០​ភាគរយ​ប៉ុណ្ណោះ ។​ហើយដោយ​សារ​តែ​បែប​នេះ​ទើប​ពួក​គាត់​ដែល​ជា​កម្មករ​មិន​អាច​ទទួលយក​បាន​ក៏​នាំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើក​ឈ្នួល​និង​ប្រាក់​អតីតភាព​ការងារ​ផ្សេង​ៗ​ជូន​ពួក​គាត់​ទៅ​តាម​ច្បាប់​ការងារ ។

ព្រោះ​ពួក​គាត់​មិន​បាន​សុំ​លាលែង​ឈប់​ពី​ការងារ​នោះ​ទេ តែ​ខាង​ក្រុមហ៊ុន​ទៅ​វិញ​ទេ ដែល​បញ្ឈប់​ពួក​គាត់​ហើយ​មិន​បាន​អនុវត្ត​តាម​ច្បាប់​ការងារ និង​ដាក់​នៅ​ក្នុង​លិខិត​ការងារ​មិន​ពិត ។​ទន្ទឹម​និង​នេះ​ពួក​គាត់​ក៏​ស្នើរ​សុំ​ឲ្យ​ក្រសួង​ការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ