ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង ដែល​បា.ញ់​សម្លា.ប់​ប្អូនថ្លៃ មក​ស្នងការ​ខេត្តកណ្ដាល

3 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង ដែល​បាន​បាញ់​សម្លាប់​ប្អូនថ្លៃ នៅ​កោះ​ឧកញ៉ា​តី ហើយ​រត់គេច​ខ្លួន​អស់​រយៈពេល​៧​ថ្ងៃ​មក ត្រូវ​បាន​កម្លាំង​នគរបាល តាម​ចាប់​បាន​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២២ មេ​សា…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង ដែល​បាន​បាញ់​សម្លាប់​ប្អូនថ្លៃ នៅ​កោះ​ឧកញ៉ា​តី ហើយ​រត់គេច​ខ្លួន​អស់​រយៈពេល​៧​ថ្ងៃ​មក ត្រូវ​បាន​កម្លាំង​នគរបាល តាម​ចាប់​បាន​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២២ មេ​សា ២០២០​នេះ នៅ​ខេត្ដស្ទឹងត្រែង ត្រូវបញ្ជូនខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាលវិញ ។

ការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​ដៃដល់​បាន ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ឈឿ​ន សុចិត្ដ ស្នងការ​នគរបាល​ខេត្ដកណ្ដាល និង​មាន​កិច្ចសហការ​រវាង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល សហការ​ជាមួយ​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល និង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដស្ទឹងត្រែង ។

បើ​តាម​លោកស្នងការ​ខេត្ដកណ្ដាល ឈឿ​ន សុចិត្ដ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សែន រ៉ា​នុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រី នគរបាល ប៉ុស្តិ៍​រដ្ឋបាល​បាក់​ខែង ។ ចំណែកឯ ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ។ ជនសង្ស័យ​និង​ជន​រង​គ្រោះ​ត្រូវជា​បងប្អូន​ថ្លៃ​នឹង​គ្នា ។

សូមរម្លឹកថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង បាញ់​សម្លាប់​ប្អូនថ្លៃ នៅ​កោះ​ឧកញ៉ា​តី ហេតុការណ៍​បាញ់ប្រហារ​នេះ កើតឡើង​នៅ​ម៉ោង​១៨ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ភូមិ​ចុង​កោះ ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

បើ​តាម​សាក្សី នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ខ្លួន មានឈ្មោះ គង់ សុខ​ជា ពេល​នោះ ជនសង្ស័យ បាន​យក​អាវុធ​ខ្លី មិន​ស្គាល់​ម៉ាក មក​ភ្ជង់​ប្រពន្ធ​ខ្លួន ទើប​ជន​រង​គ្រោះ​ចេញ​មក​ឃាត់​ដោយ​និយាយ​ថា ចាំបាច់​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​ធ្វើ​អី ? និយាយ​តែ​ប៉ុណ្ណឹង ស្រាប់តែ​ជនសង្ស័យ​បាញ់​សំដៅលើ​ជន​រង​គ្រោះ​០១​គ្រាប់ ត្រូវ​បំពង់ក បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ ក្រោយ​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ហើយ ជនសង្ស័យ​បាន
យក​ម៉ូតូ​ឈ្មោះ ផល ជា​អ្នក​ជិតខាង ជិះ​គេចខ្លួន​បាត់ ដោយ​បន្សល់​ទុក ស្រោម​កាំភ្លើងខ្លី មួយ និង​សំបក​គ្រាប់​ម៉ាក k59 ចំនួន​០១​គ្រាប់​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពី​មាន​ករណី​នេះ​កើតឡើង​ភ្លាម​ៗ​លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ដឹកនាំ​កម្លាំង​ឆ្លងសាឡា​ង ទាំង​យប់​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ផ្ទាល់ ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ