រាជធានីភ្នំពេញ, ថ្ងៃទី ២៣ខែមេសា ឆ្នាំ២០២០ ៖ ធនាគារ ព្រីនស៍ បានប្រកាសពីការដាក់ឱ្យដំណើរការរួមគ្នានូវប័ណ្ណម៉ាស្ទ័រ និងប័ណ្ណវីសារថ្មីរបស់ខ្លួនដល់សាធារណជន ។ ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរ៍ និងក្នុងនាមជាអ្នកនាំមុខគេក្នុងការទូទាត់ប្រាក់ជាប្រព័ន្ធឌីជីថល ម៉ាស្ទ័រ និង វីសា ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅតាមហាងទំនិញរាប់លានកន្លែងនៅទូទាំងពិភពលោក ។ ភាពជាដៃគូនេះនឹងជួយបំពេញផែនការរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មថ្មីៗទៅកាន់អតិថិជនបច្ចុប្បន្ន ក៏ដូចជាទាក់ទាញអតិថិជនដែលមានសក្តានុពលថ្មីៗផងដែរ ។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា «ដោយសង្កេតឃើញថា ប្រជាជនកម្ពុជា កាន់តែច្រើនឡើងកំពុងធ្វើជំនួញ និងធ្វើដំណើរនៅក្នុងប្រទេស ទៅក្នុងតំបន់ និងទៅក្រៅប្រទេស ហើយអ្នកទាំងអស់នោះកំពុងស្វែងរកនូវអត្ថប្រយោជន៍ និងការផ្តល់ជូនជាពិសេសនានា ដើម្បីបំពេញនូវតម្រូវការនៃការរស់នៅរបស់ពួកគេ» ។
ធនាគារ ព្រីនស៍ នឹងផ្តល់ជូននូវប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានផ្សេងៗពីគ្នា មានដូចជា៖ ប័ណ្ណ Standard ឬ Classic និងប័ណ្ណ Platinum ។ ជម្រើសទាំងនេះធ្វើឱ្យអតិថិជនមានភាពងាយស្រួលក្នុងការជ្រើសរើសផលិតផលដែលស័ក្តិសមទៅនឹងតម្រូវការ ស្របទៅតាមគោលដៅហិរញ្ញវត្ថុរបស់ពួកគេ ។ ដោយបំពេញទៅតាមតម្រូវការរបស់អតិថិជន រាល់ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានដែលចេញដោយធនាគារ ព្រីនស៍ នឹងផ្តល់ជូនអតិថិជននូវផាសុកភាព និងមានសុវត្ថិភាពខ្ពស់រាល់ពេលដែលពួកគេធ្វើការបញ្ជាទិញពីបណ្តាញទូទាត់ដ៏ធំបំផុតពីរនៅលើពិភពលោក ។
ម៉ាស្ទ័រ និង វីសា ផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដែលត្រូវបានរចនាឡើងសម្រាប់ការបញ្ជាទិញដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធើណែតនិងនៅតាមហាងទំនិញនានាទូទាំងពិភពលោក ។ អតិថិជនអាចទាញយកអត្ថប្រយោជន៍ពីភាពជាដៃគូ ការធ្វើបច្ចុប្បន្នភាព និង បទពិសោធន៍ផ្សេងៗបន្ថែមទៀតដូចជា ការផ្តល់ជូនពិសេសពីហាងទំនិញ ភោជនីយដ្ឋានលំដាប់ពិភពលោក សណ្ឋាគារ និង រមណីយដ្ឋាននានា ដោយគ្រាន់តែប្រើប្រាស់កាតរបស់ពួកគេតែប៉ុណ្ណោះ ។
លោក ហ៊ន់ សុរចនា បានសង្កត់ធ្ងន់លើភាពច្នៃប្រឌិតថ្មីនៃប្រព័ន្ធឌីជីថលរបស់ធនាគារ ជាមួយនឹងការផ្តល់ជូននូវប័ណ្ណថ្មីៗនេះថា «យើងមានគោលបំណងក្នុងការក្លាយខ្លួនជាធនាគារឌីជីថលដែលល្អបំផុត និងមានរីកចម្រើនលឿនបំផុតនៅកម្ពុជា តាមរយៈការខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍគម្រោងឌីជីថលរបស់យើង ។ អ្នកកាន់ប័ណ្ណម៉ាស្ទ័រ និង វីសា អាចធ្វើប្រតិបត្តិការ តាមដាន និងទូទាត់ប្រាក់តាមរយៈបណ្តាញឌីជីថលដែលមានដូចជាសេវាធនាគារតាមទូរស័ព្ទដៃរបស់ធនាគារ ព្រីនស៍ ។ អតិថិជននឹងទទួលបានព័ត៌មានលម្អិតចុងក្រោយស្តីអំពីការបញ្ជាទិញរបស់ពួកគេ ជាមួយនឹងការជូនដំណឹងតាមរយៈសារ SMS ទៅកាន់ទូរស័ព្ទរបស់ពួកគេដោយផ្ទាល់ផងដែរ ។
លក្ខណៈពិសេសទាំងនេះ នឹងជួយឱ្យអតិថិជនរបស់យើងផ្លាស់ប្តូរទៅជាអ្នកប្រើប្រាស់ប្រព័ន្ធដែលមិនប៉ះពាល់ក្រដាសប្រាក់ដោយផ្ទាល់ និងទូទាត់បែបឌីជីថល ព្រោះថាធនាគារ ព្រីនស៍ កំពុងខិតខំអភិវឌ្ឍដំណោះស្រាយតាមបែបធនាគារឌីជីថល ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដោយផ្តល់នូវបទពិសោធន៍ធនាគារកាន់តែងាយស្រួលជាងមុនជូនដល់អតិថិជនរបស់ខ្លួន ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារ ព្រីនស៍ ណាមួយ ឬក៏ទំនាក់ទំនងមកកាន់លេខ 1800-20-8888 ។ បុគ្គលិកប្រកបដោយវិជ្ជាជីវៈរបស់យើង នឹងនៅឆ្លើយតបរាល់តម្រូវការរបស់លោកអ្នក ២៤ម៉ោងលើ ២៤ម៉ោង ៧ថ្ងៃក្នុង ១សប្តាហ៍ ៕ ដោយសហការ
ចែករំលែកព័តមាននេះ