វាជាដំណឹងដ៏ល្អដែលរហូតមកទល់ពេលនេះ កម្ពុជាមិនមានការឆ្លងមេរោគកូវីដ ១៩នៅក្នុងចំណោមកម្មករឡើយ។
វាមានភាពចាំបាច់ខ្លាំងណាស់ដែលថា កម្ពុជាត្រូវប្រយ័ត្នខ្ពស់បំផុតចំពោះការឆ្លងមេរោគកូវីដ១៩ នៅក្នុងចំណោមកម្មករកាត់ដេរប្រមាណមួយលាននាក់។ ហេតុការណ៍ អាក្រក់ណាមួយកើតឡើងទៅលើកម្មករ វានឹងមិនត្រឹមតែធ្វើអោយប៉ះពាល់ដល់សុខភាព និងជីវិតរបស់កម្មករទេ វាថែមទាំងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ហើយក៏នឹងធ្វើអោយកម្ពុជាពិបាកនឹងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩។
កន្លងមក កម្ពុជាបានបង្ហាញសញ្ញាល្អចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយជិត១០ថ្ងៃចុងក្រោយនេះមិនមានករណីថ្មីនៃជំងឺកូវីដ១៩ ត្រូវបានរកឃើញនៅកម្ពុជាឡើយ ខណៈដែលមានករណីជាសះស្បើយបានមានជាបន្តបន្ទាប់។ ក្នុងចំណោម ១២២ ករណី កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១១០ករណី ដោយមានតែ ១២ករណីទៀតប៉ុណ្ណោះស្ថិតនៅក្រោមការព្យាបាល។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ អ្នកជំនាញខាងវេជ្ជសាស្ត្រទាំងនៅក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក បានព្រមានពីភាពផុយស្រួយនៃស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដោយតម្រូវអោយប្រជាជនទាំងអស់បន្តការប្រុងប្រយ័ត្ន។
ហេតុការណ៍នែការផ្ទុះឡើងនៃការឆ្លងរាលដាលមេរោគកូវីដ១៩ នៅអគារស្នាក់នៅរបស់កម្មករបរទេសដែលធ្វើការនៅប្រទេសិង្ហបូរី បានបញ្ហាពីសញ្ញាដ៏គ្រោះថ្នាក់មួយ ដែលកម្មករកម្ពុជាត្រូវប្រុងប្រយ័ត្ន។
ការផ្ទុះឡើងនោះបានធ្វើអោយប្រទេសសិង្ហបូរី បានមានអ្នកជំងឺកូវីដ១៩ ខ្ពស់ជាងគេបំផុតក្នុងចំណោមប្រទេសទាំងដប់នៅក្នុងអាស៊ាន ដោយមានចំនួនជាង១ម៉ឺននាក់។
សេចក្តីរាយការណ៍ព័ត៌មាន Channel News Asia បាននិយាយថា កំណើនដ៏ខ្លាំងនេះ បានបង្ខំអោយរដ្ឋាភិបាលសិង្ហបូរី រឹតបន្តឹងកាន់តែខ្លាំងវិធានការប្រឆាំងកូវីដ១៩ ដោយ រួមមានការបិទកន្លែងការងារបន្ថែមទៀត ហាមប្រជាជនចេញក្រៅផ្ទះបើមិនចាំបាច់ ហាមហាត់ប្រាណជាក្រុមជាដើម។
សិង្ហបូរីមានកំណើនខ្លាំងនៃអ្នកជំងឺកូវីដ១៩ បន្ទាប់ពីមានករណីឆ្លងនៅក្នុងអគារស្នាក់ នៅរបស់កម្មករបរទេសដែលធ្វើការនៅទីនោះ។
ចំនួនអ្នកជំងឺកូវីដ១៩ នៅសិង្ហបូរី បានកើនឡើងលើសប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ដោយធ្វើឱ្យក្លាយទៅជាប្រទេសដែលមានអ្នកជំងឺកូវីដ១៩ ច្រើនជាងគេក្នុងអាស៊ាន។
ដោយពិនិត្យមើលនឹងស្ថានភាពនៃការរស់នៅ និងកន្លែងធ្វើការរបស់កម្មករកាត់ដេរនៅកម្ពុជានោះ ការឆ្លងមេរោគកូវីដ១៩ ណាមួយនៅក្នុងចំណោមពួកគេ វានឹងបង្កហានិភ័យខ្ពស់នៃការឆ្លងជាចង្កោមធំ និងអាចឈានដល់ការឆ្លងជាសហគមន៍។
ហេតុដូច្នេះ វាជាការចាំបាច់បំផុត ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅក្នុងចំណោមកម្មករ។
រដ្ឋាភិបាលកម្ពុជា មើលឃើញពីភាពផុយស្រួយនេះ បានជាកន្លងមក មានការដាក់កំហិតដល់ការធ្វើដំណើរមុនបុណ្យចូលឆ្នាំ ហើយបន្តមកទៀតមានការពិនិត្យ និងដាក់នៅដោយឡែកចំពោះកម្មករដែលវិលត្រឡប់ពីស្រុកកំណើតមកធ្វើការងារវិញ។
ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមព្រលប់ថ្ងៃទី២១ មេសា ឆ្នាំ២០២០ មានកម្មកររោងចក្រសរុប ១២២១នាក់ បានមកពិនិត្យសុខភាពនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះក្រសួងបានយកសំណាកទៅពិសោធន៍បន្តសង្ស័យកូវីដ១៩ មានចំនួន ៧០ នាក់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី ២២ មេសានេះ ។
ប្រភពដដែលបានបញ្ជាក់ថា ចំពោះការធ្វើចត្តាឡីស័កចំពោះបងប្អូនកម្មកររោងចក្រក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំហើយ ត្រឡប់ មកធ្វើការងារវិញ មកដល់ពេលនេះមានចំនួន ១២២១នាក់មកពិនិត្យសុខភាព នៅមណ្ឌលត្រួតពិនិត្យសុខភាព ដែលក្នុងនោះដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃចំនួន ១១៤៦ នាក់, ដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ នៅវិទ្យាល័យជម្ពូវ័ន ចំនួន១៤នាក់ និងដាក់ឲ្យនៅមណ្ឌលចត្តាឡីស័កកម្រិត២ នៅវិទ្យាល័យជម្ពូវ័ន មានចំនួន ៦១ នាក់ ។ ទន្ទឹមនឹងនេះផងដែរ ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យធ្វើ ចត្តាឡីស័កនៅផ្ទះចំនួន ៥៨ នាក់ ក្នុងនោះចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន៤០នាក់ និងកម្រិត ២ ចំនួន១៨នាក់ ។
ដោយឡែកលទ្ធផលថ្ងៃទី ២២ មេសា គិតត្រឹមម៉ោង ១១ ព្រឹក មានកម្មកររោងចក្រមក ត្រួតពិនិត្យសុខភាពមានចំនួន ៣១២ នាក់ ក្នុងនោះដាក់ឲ្យធ្វើចត្តាឡីស័ក នៅផ្ទះចំនួន១៤ ថ្ងៃមានចំនួន ៣១១ នាក់ ដាក់ឲ្យនៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ០ នាក់ និងមណ្ឌលចត្តាឡីស័កកម្រិត ២ ចំនួន ១ នាក់។
ការងារទប់ស្កាត់នៃការឆ្លងមេរោគកូវីដ១៩ ក្នុងចំណោមកម្មករកំពុងតែបន្តធ្វើយ៉ាងសកម្ម។
ចំណែកកម្មករទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់បែបយ៉ាងចំពោះសុខភាពរបស់ខ្លួន ហើយត្រូវលាងដៃអោយបានញឹកញាប់ ពាក់ម៉ាសមុខ រក្សគម្លាតពីគ្នា និងឆាប់រាយ ការណ៍តាមទូរស័ព្ទ ១១៥ បើសិនជាមានរោគសញ្ញាដែលនាំសង្ស័យ ដល់ជំងឺកូវីដ១៩ ដែលមានដូចជាក្តៅខ្លួន ក្អក និង ពិបាកដកដង្ហើមជាដើម។
កម្មករកម្ពុជាត្រូវចៀសអោយបានពីអ្វីដែលកើតមានចំពោះកម្មករបរទេសនៅក្នុងប្រទេសិង្ហបូរី៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ