ក្លិប Barcelona កំពុងស្វែងរកអ្នកឧបត្ថម្ភ (Sponsor) និងផ្តល់សិទ្ធិឲ្យពួកគេដាក់ឈ្មោះលើកីឡដ្ឋានរបស់ខ្លួនជាលើកដំបូង ហើយប្រាក់ដែលទទួលបានទាំងអស់នឹងត្រូវបរិច្ចាគ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ។
កីឡាដ្ឋានរបស់ Barca ដែលត្រូវបានគេស្គាល់ថាជា Camp Nou ជាភាសាកាតាឡាន់ ដែលអាចផ្ទុកអ្នកទស្សនាប្រមាណ ៩៩,០០០ នាក់ មិនធ្លាប់មានឈ្មោះណាផ្សេងទៀតទេ ចាប់តាំងពីបានបើកដំណើរការជាផ្លូវការនៅឆ្នាំ ១៩៥៧ ។
ក្លិបបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ចំណូលទាំងអស់នឹងត្រូវប្រើសម្រាប់គម្រោងស្រាវជ្រាវ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតទូទាំងពិភពលោក» ។
«FC Barcelona និងមូលនិធិ Barca ចាត់ទុកវាជាភាពចាំបាច់ ដែលនៅពេលមានវិបត្តិ ស្ថាប័ននេះគួរតែប្រើប្រាស់ធនធានទាំងអស់របស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងផលវិបាករបស់វាសម្រាប់ប្រទេស» ។
ប្រទេសអេស្ប៉ាញ គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៤ នៅលើពិភពលោក ដែលមានអ្នកបាត់បង់ជីវិតដោយសារជំងឺរលាកផ្លូវដង្ហើមបណ្តាលមកពីវីរុសកូវីដ១៩ច្រើនជាង ២១.០០០ នាក់ នឹងជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានអ្នកឆ្លងច្រើនជាងគេពោលគឺជាង ២០០,០០០ នាក់ ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ