រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសា ឆ្នាំ២០២០ ។
ក្រសួងបានបន្តថា កម្ពុជានឹងចុះត្រជាក់ដល់២៣អង្សាសេ ព្រមទាំងមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ហើយមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃទី២១ ខែមេសានេះ ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២២ ដល់២៨ ខែមេសា ឆ្នាំ២០២០ ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលងសម្ភាធទាបអូសបន្លាយលើកម្ពុជាជាមួយនឹងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង ។
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦°C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន ។
៣ – បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន ។
ជាមួយនឹងស្ថានភាពនេះ ក្រសួងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣-២៥ ខែមេសា ឆ្នាំ២០២០ ៕
ចែករំលែកព័តមាននេះ