ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវបានប្រទះឃើញដេកបាត់បង់ជីវិតក្នុងថ្លុកឈាមនៅបន្ទប់ផ្ទះជួលមួយកន្លែង ក្រោយពីបងថ្លៃគោះទ្វារហៅជនរងគ្រោះ តែឃើញឆ្លើយតបនោះទេ ទើបអើតមើលតាមបង្អួតក៏ឃើញជនរងគ្រោះដេកក្នុងថ្លុកឈាមដោយពុំទាន់ដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ស៊ន់ ជា ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ ស្នាក់នៅភូមិ-ឃុំកើតហេតុ ហើយមានស្រុកកំណើតស្រុកសូត្រនិគម ខេត្តសៀមរាប។
យោងតាមសម្ដីបងថ្លៃស្រីរបស់ជនរងគ្រោះឈ្មោះ អ៊ុក មុំ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ជាបងថ្លៃបានយកខោអាវដែលបោកអ៊ុតរួចហើយ មកឱ្យប្អូនរបស់គាត់ (ជនរងគ្រោះ) នៅបន្ទប់ជួល ។ បន្ទាប់មកគាត់បានគោះទ្វារហៅតែមិនឆ្លើយតបនោះទេ ពេលនោះគាត់ក៏ព្យាយាមគោះទ្វារហៅម្ដងទៀត ប៉ុន្តែនៅតែមិនឮឆ្លើយតបមកវិញដដែល ទើបរូបគាត់ជាបងថ្លៃគាត់បានអើតមើលតាមបង្អួចក៏ឃើញប្អូនថ្លៃរបស់គាត់ប្រឡាក់សុទ្ធតែឈាម ។
បងថ្លៃជនរងគ្រោះបន្តថា ពេលណោះគាត់មិនទាន់ដឹងអំពីមូលហេតុនោះទេ តែភ្លាមៗនោះគាត់បានបើកទ្វារចូលដែរ តែជាប់សោនៅខាងក្នុង ក្រោយមកគាត់ក៏បានទាក់ទងទៅសមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍ក្នុងករណីនេះតែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ រួចសមត្ថកិច្ចក៏ធ្វើការកាត់សោរ ដើម្បីចូលទៅក្នុងបន្ទប់ និងត្រួតពិនិត្យទៅលើសពជនរងគ្រោះ លុះរហូតដល់យប់ថ្ងៃទី២១ មេសា ថ្ងៃដដែល សមត្ថកិច្ចនៅតែពុំទាន់អាចសន្និដ្ឋានបានថា ជាករណីអ្វីឱ្យពិតប្រាកដនៅឡើយនោះទេ។ (កែសម្រយលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ