ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្លាប​ដ៏​កម្រ​នេះ​បង្ហាញខ្លួន​កាន់តែ​ច្រើន​ឡើង​នៅ​ទំនប់​អូរ​ស្វាយ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បន្ទាប់​ពី​ចំនួន​សត្វ​ត្រ​យ៉ង ដែល​ជា​ប្រភេទ​សត្វ​កម្រ​បាន​បង្ហាញខ្លួន​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​តំបន់​ទំនប់​បង្ហៀរ​ទឹកអូរ​ស្វាយ ស្ថិត​ក្នុងភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ហើយ​នៅ​ពេល​នេះ​អាជ្ញាធរ​ឃុំ​ស្រឯម បាន​ដាក់​ចេញ​ផែនការ…

ខេត្តព្រះវិហារ ៖ បន្ទាប់​ពី​ចំនួន​សត្វ​ត្រ​យ៉ង ដែល​ជា​ប្រភេទ​សត្វ​កម្រ​បាន​បង្ហាញខ្លួន​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​តំបន់​ទំនប់​បង្ហៀរ​ទឹកអូរ​ស្វាយ ស្ថិត​ក្នុងភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ហើយ​នៅ​ពេល​នេះ​អាជ្ញាធរ​ឃុំ​ស្រឯម បាន​ដាក់​ចេញ​ផែនការ និង​ផ្សព្វ​ផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ​នេះ រស់នៅ​គង់វង្ស​យូរអង្វែង ។

លោក ប្រាក់ ភី មេឃុំ​ស្រឯម នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ​ដែល​អ្នកខ្លះ​ពុំដែល​បាន​ស្គាល់​នោះ គឺ​ប្រភេទ​សត្វ​ត្រ​យ៉ង ដែល​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​ពី​ភព​ផែនដី​នេះ ឃើញ​ថា បច្ចុប្បន្ន​នេះ សត្វ​ស្លាប​ដ៏​កម្រ​នេះ​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ទឹកដី​ឃុំ​ស្រឯម ស្ថិត​ក្នុង​តំបន់​ទំនប់​ទឹកអូរ​ស្វាយ ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ជា​ច្រើន​រយ​ក្បាល ។

លោក​ថា តាម​ការ​សង្កេត​ឃើញ​សត្វ​ទាំង​អស់នេះ កំពុង​បង្ហាញខ្លួន​ជា​ប្រចាំ​ថ្ងៃ​តែ​ម្តង ឲ្យ​ចំនួន​សត្វ​នេះ ក៏​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ផង​ដែរ ដូច្នេះ​ហើយ​ដើម្បី​ធ្វើការ​ការពារ និង​អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស អាជ្ញាធរ​ក៏​មាន​វិធានការ ដោយ​ដាក់​ឲ្យ​មាន​អ្នក​ប្រចាំការ​នៅ​ទីនោះ​ផ្ទាល់​តែ​ម្តង ចំនួន​១៣​នាក់​។ ក្រៅពី​នេះ​អាជ្ញាធរ​បាន​ចុះ​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទីនោះ ធ្វើ​យ៉ាងណា​ហាម​កាប់​ព្រៃឈើ បរបាញ់ ដាក់​ថ្នាំ​បំពុល នេសាទ​នៅ​ក្នុង​តំបន់​ដែល​សត្វ​នេះ​កំពុង​រស់នៅ ឬ​លែងគោ​ក្របី​ជាដើម កុំ​ឲ្យ​ផ្អើល​ហ្វូង​សត្វ​ទាំង​អស់នេះ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​សត្វ​ដ៏​កម្រ​នេះ​មាន​ជម្រក​រស់នៅ​ទី​នេះ​បាន​យូរអង្វែង និង​ជា​ប្រយោជន៍​ដ៏​សំខាន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​មក​លេង​កម្សាន្ត​នៅ​ទីនោះ​បាន​ច្រើន​ថែម​ទៀត ។

ជាមួយ​គ្នា​នេះ លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ចាត់​ទុក​ថា ការ​បង្ហាញ​វត្តមាន​របស់​សត្វ​ស្លាប​ដ៏​កម្រ​ប្រភេទ​នេះ ជា​ការ​ទាក់ទាញ​ដ៏​សំខាន់​បំផុត​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ ក៏​ដូច​ជា​អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ទីនោះ ។

បច្ចុប្បន្ន​នេះ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត ក៏​បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​សត្វ​ដ៏​កម្រ​នេះ​រួចរាល់​ហើយ​ដែរ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​បន្ថែម ពី​សក្តានុពល​ទេសចរណ៍​នៅ​ទី​នេះ ទៅ​ដល់​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ជ្រាប ។

គួរ​រំលឹក​ថា វត្តមាន​សត្វ​ត្រ​យ៉ង​នេះ បាន​បង្ហាញខ្លួន​នៅ​ក្នុង​តំបន់​ទំនប់​បង្ហៀរទឹក​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ រហូត​មក​ដល់​បច្ចុប្បន្ន​ចំនួន​សត្វ​នេះ មានការ​កើនឡើង​រហូត​ដល់​ជាង​៤០០​ក្បាល​ហើយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ