ខេត្តបន្ទាយមានជ័យ ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ដោយសារថយរថយន្តបុកបង្កាន់ដៃស្ពានបាក់ធ្លាក់ចូលក្នុងអាងទឹកត្រពាំងថ្ម ដែលមានកម្ពស់ប្រមាណ៥ម៉ែត្រ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១ និង១០នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចស្ពានទី១ រមណីយដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីឈ្មោះ ព្រីង ដា អាយុ៣២ឆ្នាំ រស់នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក បានឲ្យប្តីឈ្មោះ លាង ភាឡៃ អាយុ៣៦ឆ្នាំ បង្រៀនបើករថយន្ត ។ នៅពេលបើកដល់ចំណុចកៀនស្ពានខាងលិចដែលជាកន្លែងចំណោត រថយន្តបានថយក្រោយ ។
ពេលនោះ ប្រពន្ធដែលរៀនបើកបរ បញ្ចូលលេខចំលេខថយក្រោយ ហើយជាន់ហ្វ្រាំងបែរជាច្រឡំជាន់ហ្ការ ក៏បណ្តាលឲ្យរថយន្តថយក្រោយស្ទុះលឿនជ្រុលទៅបុកអ្នកលក់ផ្លែឈូក នៅក្បែរបង្កាន់ដៃស្ពានបណ្តាលឲ្យរងរបួសធ្ងន់ រួចបន្តទៅបុកបង្កាន់ដៃស្ពានបាក់ធ្លាក់រថយន្តចូលក្នុងអាងទឹកខាងក្រោម ដែលមានកម្ពស់ប្រមាណ៥ម៉ែត្រ រងរបួសទាំង២នាក់ប្តីប្រពន្ធ ។
លោកអធិការបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់នេះបណ្តាលឲ្យទាំង២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ទាំង២នាក់ ដោយប្រពន្ធបែកលើភ្នែកឆ្វេង ឯប្តីបែកចិញ្ចើមឆ្វេង និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ។ រថយន្តដែលធ្លាក់ទៅក្នុងអាងទឹកនេះ ម៉ាកតូយូ៉តាហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ២A-៩៣៣១ ។ ចំណែកស្ត្រីអ្នកលក់ផ្លែឈូក ដែលរងរបួសធ្ងន់ដែរឈ្មោះ សូ ស៊ីណា ហៅវិត អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងថ្មជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបុរី ៕
ចែករំលែកព័តមាននេះ