ដឹងពីការដែលកុមារ​ឆ្លង​កូ​វី​ដ​បានជា​ក្រោយ​ព្យាបាល​ជិត​20​ថ្ងៃ


ខេត្តសៀមរាប ៖ ក្មេង​ប្រុស​អាយុ​១២​ឆ្នាំដែល​ទទួល​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩​ពី​ម្តាយ បានជា​សះស្បើយ​វិញ​ហើយ បន្ទាប់​ពី​គ្រូពេទ្យ​បង្អែកខេត្តសៀមរាប ផ្តល់​ការ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​អស់​រយៈពេល​ជិត​២០​ថ្ងៃ​កន្លង​មក និង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​នា​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២០​នេះ ។

លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​បង្ហាញ​សាវតា​នៃ​ការ​ឆ្លង​នៅ​រសៀល​ថ្ងៃ​ទី​១៩ មេ​សា ឆ្នាំ​២០២០​ថា កុមា​រា​អាយុ​១២​ឆ្នាំ​នេះ ជា​កូនបង្កើត​របស់​បុរស​ខ្មែរ​ទី​២ ដែល​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​នៅ​ខេត្តសៀមរាប បន្ទាប់​ពី​ឪពុក​បាន​វិល​ត្រឡប់​មក​ពី​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ ចំណែក​បុរស​ជា​ឪពុក​នោះ ត្រូវ​បាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​តាម​ស្រាវជ្រាវ​រក និង​ផ្តល់​ការ​ព្យាបាល​ចាប់ពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ និង​បានជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០​កន្លង​មក ។

ការ​វិល​ត្រឡប់​របស់​បុរស​ជា​ឪពុក​នោះ មិន​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ​នោះ​ឡើយ ដោយសារ​ការ​ចន្លោះ​ខ្វះខាត​នេះ​ហើយ គឺ​ក្រោយ​ពេល​ដែល​បុរស​ជា​ឪពុក​ព្យាបាល​បានជា​សះស្បើយ​ហើយ រោគ​សញ្ញា​វីរុស​កូ​វី​ដ​-១៩​បាន​បង្ហាញ​វត្តមាន​ទៅ​លើ​ភរិយា និង​ចម្លង​ពី​ភរិយា​ទៅ​កូន​បន្ត​ទៀត ។
ម្តាយ​និង​កូន ត្រូវ​បាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ទទួល​ព្យាបាល​ជា​បន្តបន្ទាប់ ។ ស្ត្រី​ជា​ភរិយា​និង​ជា​ម្តាយ​របស់​កុមា​រា​អាយុ​១២​ឆ្នាំ​នោះ ពិនិត្យ​ឃើញ​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​៣​លើក​ហើយ​កាលពី​ស​ប្តា​ហ៍​មុន ប៉ុន្តែ​ស្ត្រី​ជា​ម្តាយ​នោះ​មិន​ព្រម​ចេញពី​មន្ទីរពេទ្យ​នោះ​ទេ ដោយ​សុំ​នៅ​កំដរ​កូន​សិន​រហូត​ដល់​ថ្ងៃ​កូនប្រុស​បានជា​សះស្បើយ ។

យ៉ាងណា​ក៏​ដោយ ស្ត្រី​(​ជា​ម្តាយ​កុមា​រា​)​ម្នាក់​នោះ ​បាន​បង្ហាញ​នូវ​ការ​សោក​ស្តាយ​ចំពោះ​ការ​ធ្វេសប្រហែស​នោះ និង​បន្ថែម​នូវ​ការ​ផ្តាំផ្ញើ​យ៉ាង​ដូច្នេះ​ថា យោង​តាម​ការ​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន​របស់​ក្រសួងសុខា​ភិបាល និង​ការ​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ មិន​អាច​ប្រើ​ពាក្យ​ថា សោកស្តាយ​ចំពោះ​ការ​ធ្វេសប្រហែស​នោះ​ឡើយ លោកស្រី​បាន​បង្ហាញ​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​គ្រូពេទ្យ​ជួរ​មុខ​នៃ​សមរភូមិ​កូ​វី​ដ​-១៩​ទាំងអស់ ដែល​បាន​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​សុខភាព​និង​អាយុជីវិត​ប្រជាជន ។

លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ គូសបញ្ជាក់​ឱ្យ​ដឹង​បន្ថែម​អំពី​ការ​យកចិត្តទុកដាក់​របស់​គ្រូពេទ្យ​ជួរ​មុខ​របស់​កម្ពុជា ដែល​ក្រៅ​អំពី​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព នោះ​គឺ​ការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់ លើ​ករណី​សុខភាព​ផ្លូវដង្ហើម​របស់​អ្នកជំងឺ មុន​នឹង​មានការ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ រួម​ទាំង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​ផង​ដែរ បន្ត​ការ​ដាក់ខ្លួន​១៤​ថ្ងៃ មុន​នឹង​មានការ​ជួបជុំ​ក្រុម​គ្រួសារ និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ​នោះ ។

លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា ដោយ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ចំពោះ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មាន​ចំនួន​៧​នាក់ ក្នុង​នោះ​ក្មេង​ម្នាក់ និង​ស្ត្រី​ម្នាក់ ខណៈ​ពេល​នេះ​បានជា​សះស្បើយ​ត្រូវ​ចាក​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំនួន​៦​នាក់ នៅ​សល់​តែ​ម្នាក់ គឺ​បុរស​ជា​ជនជាតិ​ខ្មែរ អ្នក​បើករថយន្ត​ឱ្យ​ក្រុម​ជនជាតិ​បារាំង​ដែល​មាន​មេរោគ​កូ​វី​ដ​១៩ ។

លោក​បាន​បញ្ជាក់​ថា អ្នក​ឆ្លង​ទាំង​៧​នាក់​ប្រុស ស្រី ដែល​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ តាំងពី​ថ្ងៃ​ទី​៥ រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២០​នេះ ឃើញ​ថា ពួក​គាត់​ពិតជា​បានជា​សះស្បើយ​បន្តបន្ទាប់ ចំនួន​៦​នាក់ ពិតប្រាកដ​មែន ។ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បញ្ជាក់​ថា នេះ​ជា​ប្រពន្ធ និង​កូន​របស់​បុរស​ខ្មែរ​ទី​២ ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ។

ដូច្នេះ ​ក្រុម​គ្រូពេទ្យ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន ជាទី​បំផុត​ចំពោះ​អ្នក​ដែល​នៅ​ជាប់​ពាក់ព័ន្ធ​ប៉ះពាល់​ជិត​បំផុត អ្នក​ដែល​មាន​វិជ្ជមាន​មេរោគ​ហ្នឹង គឺ​សំខាន់​ណាស់ ហើយ​បើ​យើង​អត់​មានការ​ពាក់ព័ន្ធ​វិជ្ជមាន​មេរោគ​នោះ​​ទេ យើង​មិន​មាន​បញ្ហា​ទេ ឬ​មួយ​យើង​មិន​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ណា​ដែល​មានការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ហ្នឹង ក្នុង​រយៈពេល​១៤​ថ្ងៃ​កន្លង​ទៅ វា​គ្រាន់តែ​ជា​រោគ​សញ្ញា​នៃ​ការ​គ្រុនផ្តាសាយ​ធម្មតា ។

ក្នុង​នាម​ជា​ប្រធាន​មន្ទីរ​សុខាភិបាល ក៏​ដូច​ជា​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប រួម​និង​លោកគ្រូ​ពេទ្យ និង​មន្ត្រី​សុខាភិបាល​ទាំងអស់ ដែល​បាន​ធ្វើការ​នៅ​ជួរ​មុខ ក្នុង​មន្ទីរពេទ្យ​ខេត្តសៀមរាប​នេះ សូម​ជូនពរ​ដល់​ក្រុម​គ្រួសារ​អ្នក​ទាំង​៣ មាន​ប្តី​-​ប្រពន្ធ និង​កូនប្រុស​មួយ​នេះ សូម​ឱ្យ​មានសំណាង​ល្អ​រៀង​រហូត​ទៅ ៕ ​

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ