ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ ការ​ផ្ទុះ​ជា​ចង្កោម​បង្កើត​ភាព​ផុយ​ស្រួយ​នៃ​ការ​ឆ្លង​ជា​សហគមន៍

3 ឆ្នាំ មុន
  • ភ្នំពេញ

មនុស្ស​ម្នា​សឹង​ទូ​ទាំង​ប្រទេស​មានការ​កត់សម្គាល់​ប្រកបដោយ​ការ​ពេញចិត្ត​ចំពោះ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​។ ជាង​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ កម្ពុជា​បាន​មាន​អ្នកជា​សះស្បើយ​ជា​បន្តបន្ទាប់ ខណៈ ដែល​មិន​មាន​ករណី​ជំងឺ​កូ​វី​ដ​១៩ ថ្មី ត្រូវ​បាន​រក​ឃើញ​ឡើយ​។ បន្ទាប់​ពី​មានការ​ប្រកាស​ជា​សះស្បើយ​បី​ករណី​ទៀត​នៅ​ថ្ងៃ​ទី​២១ ខែមេសា​នោះ…

មនុស្ស​ម្នា​សឹង​ទូ​ទាំង​ប្រទេស​មានការ​កត់សម្គាល់​ប្រកបដោយ​ការ​ពេញចិត្ត​ចំពោះ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​។

ជាង​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ កម្ពុជា​បាន​មាន​អ្នកជា​សះស្បើយ​ជា​បន្តបន្ទាប់ ខណៈ ដែល​មិន​មាន​ករណី​ជំងឺ​កូ​វី​ដ​១៩ ថ្មី ត្រូវ​បាន​រក​ឃើញ​ឡើយ​។

បន្ទាប់​ពី​មានការ​ប្រកាស​ជា​សះស្បើយ​បី​ករណី​ទៀត​នៅ​ថ្ងៃ​ទី​២១ ខែមេសា​នោះ ករណី ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ពី​ចំនួន​១២២​មក​នៅ​ត្រឹម​១២​ករណី​ដែល​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​ព្យាបាល​។

នេះ​ជា​ផ្លែផ្កា​គួរ​ឱ្យ​លើកទឹកចិត្ត​បាន​មក​ពី​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក្រុម គ្រូពេទ្យ អ្នក​ពាក់ព័ន្ធ​ទាំងអស់ និង​ការ​ចូលរួម​របស់​ប្រជាជន​កម្ពុជា​។ យើង​ត្រូវ​តែ​រក្សា​ឱ្យ​បាន​ភាពល្អ​ប្រសើរ​បែប​នេះ​។

សម្រាប់​ប្រជាជន ពួក​គេ​មាន​ហេតុផល​គ្រប់គ្រាន់​នឹង​សប្បាយចិត្ត ដោយសារ​តែ​ឃើញ​ថា អ្នកជា​សះស្បើយ​កាន់តែ​ច្រើន ហើយ​អ្នកជំងឺ​ថ្មី​ក៏​មិនឃើញ​មាន​ទៀត​។ ពួក​គេ​សង្ឃឹមថា បើសិនជា​អ្វី​ៗ​ល្អ​យ៉ាង​នេះនោះ កម្ពុជា​មុខជា​នឹង​អាច​ប្រកាស​ថា លែង​មាន​ជំងឺ​កួ​វី​ដ​១៩​ទៀត ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ឬ​ក៏​ពី​រស​ប្តា​ហ៍​ខាង​មុខ​នេះ បើសិនជា​អ្វី​ៗ​ដំណើរការ​ទៅ​ល្អ​ដូច​មួ​យស​ប្តា​ហ៍​កន្លង​មក​។

មនុស្ស​ទូ​ទាំង​ប្រទេស​ចង់​ឃើញ​កម្ពុជា​ជោគជ័យ​ក្នុង​សមរភូមិ​ប្រឆាំង​កូ​វី​ដ​១៩​។

ប៉ុន្តែ​សម្រាប់​គ្រូពេទ្យ និង​អ្នកជំនាញ ពួក​គេ​មានការ​ប្រយ័ត្ន​ប្រ​យ៉ែ​ង នឹង​រំភើបចិត្ត ចំពោះ​ស្ថានភាព​នេះ​។

គេ​គិត​ថា កូ​វី​ដ​១៩ នឹង​អាច​ផ្ទុះ​ឡើង​គ្រប់ពេល បើសិនជា​ប្រជាជន​កម្ពុជា​ហ៊ាន​តែ​ប្រហែស​។

គ្រប់​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​អោយ​ប្រជាជន​កម្ពុជា​បន្ត​ការ​ប្រុង​ប្រយ័ត្ន​។

ដូច​គ្នា​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃនេះ អ្នកនាំពាក្យ ក្រសួងសុខាភិបាល នៅ​តែ​និយាយ​ថា ស្ថានភាព​នៅ​ផុយ​ស្រួច​នៅឡើយ​។ រលក​ទី​ពីរ នឹង​អាច​កើត​មាន បើសិនជា​យើង​ធ្វេសប្រហែស ហើយ​បន្ត​អំពាវនាវ​អោយ​ប្រជាជន​បន្ត​ការ​ប្រុង​ប្រយ័ត្ន​។

ចំណែក​តំណាង​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា កម្ពុជា​ស្ថិត​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​រាតត្បាត​នៅឡើយ​។

គ្រោះថ្នាក់​ធ្ងន់​នៃ​ជំងឺ​កូ​វី​ដ​១៩ នឹង​អាច​កើត​មាន បើសិនជា​វា​មានការ​រាលដាល​ដល់​សហគមន៍​។ នេះ​ជា​ការ​ព្រួយបារម្ភ​ខ្លាំង ហើយ​ចាំបាច់​ត្រូវ​មាន វិធានការ​ទប់ ស្កាត់​ឱ្យទាន់​ពេលវេលា​។

កម្ពុជា​មិន​ទាន់​បាន​ឈាន​ដល់​ការ​ឆ្លង​រាលដាល​ជា​សហគមន៍​ទេ ប៉ុន្តែ​កម្ពុជា បាន​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ជា​លក្ខណៈ​ចង្កោម​តូច​ៗ​ទៅ​ហើយ​។ អ្នកជំនាញ ទាំង​មន្ត្រី​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ព្រមាន​ថា កម្ពុជា ត្រូវ​តែ​ប្រយ័ត្ន​ដើម្បី​ធ្វើ​យ៉ាងណា​កុំអោយ​មានការ​រាលដាល​ជា​សហគមន៍​។ ការ​ព្រួយបារម្ភ បាន​មាន​កាន់តែ​ខ្លាំង​នៅ​ពេល​ដែល​មានការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ច្រើន​មុន​ចួ​ល​ឆ្នាំ​ដើម្បី​ទៅ​លេង​ស្រុក​កំណើត​គួប​ផ្សំ​នឹង​ការ​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​របស់​កម្មករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​។

ការ​រឹតត្បិត​ដល់​ការ​ធ្វើ​ដំណើរ​នៅ​ពេល​កន្លង​មក ការ​ហាមឃាត់​ការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ ការ​បិទ​សាលារៀន ការ​បិទ​ក្លឹ​ម​កម្សាន្ត​កន្លង​មក និង​ការ​ពិនិត្យ និង​ការ​ដាក់​នៅ ដោយ ឡែក​កម្មករ​ដែល​វិល​ត្រឡប់​មក​ពី​ស្រុក​កំណើត​វិញ គឺជា​វិធានការ​នៃ​ការ​ទប់ស្កាត់​ការ​ឆ្លង និង​ការ​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​កុំអោយ​ឈាន​ដល់​ការ​រាលដាល​ជា​សហគមន៍​។ វា​ជា​វិធានការ​ដែល​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល និង​រដ្ឋាភិបាល​។

ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជា​សហគមន៍​នេះ ការ​ចូលរួម​របស់​ប្រជាជន​កម្ពុជា​ទាំង អស់ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​។ ប្រជាជន​កម្ពុជា​ក៏​ដូច​ជា កម្មករ​ត្រូវ​ឆាប់​រាយ ការណ៍​ជូន​ដល់​ក្រុម​គ្រូពេទ្យ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ តាម​រយៈ​ទូរស័ព្ទ​លេ​ខេ ១១៥ បើសិនជា​ពួក​គេ​មាន​រោគ​សញ្ញា​ដែល​នាំ​អោយ​សង្ស័យ​ថា អាច​កើត​មាន​ជំងឺ​កូ​វី​ដ​១៩ ដូច​ជា​ក្តៅខ្លួន ក្អក ពិបាក​ដក​ដ​ង្ហើ​យ និង​គួប​ផ្សំ​ជាមួយ​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ដែល​មាន​អ្នកជំងឺ​មេរោគ​កូ​វី​ដ​១៩ ឬ​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​ជិត​ស្និ​ទ្ឋ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នកមាន​ជំងឺ​កូ​វី​ដ​១៩​។

នៅ​ពេល​ដែល​កម្ពុជា មិន​បាន​ដាក់​កំហិត​ខ្លាំង​ដល់​ការ​ធ្វើ​ដំណើរ​នោះ វា​ជា​រឿង​ដ៏​សំខាន់ ដែល​ប្រជាជន​ត្រូវ​រស់នៅ​ប្រចាំ​ថ្ងៃ​ប្រកបដោយ​អនាម័យ​ល្អ ដោយ​លាងដៃ​អោយ​ស្អាត​ជាមួយ​ទឹក និង​សាប៊ូ ទឹក​អាល់កុល ឬ​ទឹក​ជែ​ល​សម្លាប់​មេរោគ ការ​ពាក់​ម៉ាស ព្រមទាំង​ការ​សម្អាតផ្ទះ​សម្បែង កន្លែងធ្វើការ និង​របស់របរ​ប្រើប្រាស់​។

ការ​រក្សា​គម្លាត​សង្គម​ដោយ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ចម្ងាយ​ពីរ​ម៉ែត្រ គឺជា​រឿង​ដ៏​សំខាន់​ខ្លាំង​មួយ​ដែល​ប្រជាជន​ត្រូវ​អនុវត្ត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩​នេះ​។

ជា​ការ​កត់សម្គាល់ ការ​រក្សា​គម្លាត​ពី​គ្នា​ពីរ​ម៉ែត្រ​នេះ​ហាក់ដូចជា មិន​ទាន់​ត្រូវ​បាន​អនុវត្ត​អោយ​បាន​ពេញលេញ​នៅឡើយ ចំណែក​រដ្ឋាភិបាល​ក៏​មិន​ទាន់​មាន​វិធានការ​តឹងតែង​ដើម្បី​អោយ​ប្រជាជន​អនុវត្ត​ដែរ​។

នៅ​តាម​កន្លែង​លក់ដូរ ទីផ្សារ ហាង​គុយទាវ ហាង​កាហ្វេ គេ​នឹង​អាច​ឃើញ​មនុស្ស​នៅ​ផ្តុំ​គ្នា​ហើយ​មិន​បាន​រក្សា​គម្លាត​ឡើយ​។

នៅ​ប្រទេស​សិង្ហ​បូ​រី ដែល​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ ហាក់ដូចជា​ធ្ងន់ធ្ងរ​ក្នុង​រយះ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ការ​ឆ្លង​រាលដាល ជា​សហគមន៍​នោះ ពិសេស​នៅ កន្លែង​ស្នាក់​នៅ​របស់​កម្មករ​បរទេស​នោះ ការ​មិន​រក្សា​គម្លាត​ពី​គ្នា​យ៉ាងតិច​មួយ​ម៉ែត្រ នឹង​ត្រូវ​ផ្តន្ទាទោស​ជា​ប្រាក់ និង​អាច​ឈាន​ដល់​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៦​ខែ​។

វិធានការ​រក្សា​គម្លាត​សង្គម​នេះ មាន​សារសំខាន់​ណាស់​ដែល​ប្រជាជន​កម្ពុជា​ត្រូវ​អនុវត្ត​ដើម្បី​កុំអោយ​មានការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩ មក​ខ្លួនឯង​ផង និង​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​ជា​សហគមន៍​ផង​។

ទន្ទឹម​ជាមួយ​គ្នា​នោះ អ្នក​លក់ដូរ​ពិសេស​អ្នកលក់​ម្ហូបអាហារ ចុងភៅ​តាម​ភោជនីយដ្ឋាន ត្រូវ​បង្កើន​អនាម័យ​នៃ​ការ​ធ្វើ​ម្ហូបអាហារ​ក៏​ដូច​ជា អនាម័យ​ផ្ទាល់ខ្លួន ព្រមទាំង​ត្រូវ​ពាក់​ម៉ាស ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​ណាមួយ​ដល់​អតិថិជន​របស់​ខ្លួន​។

កម្ពុជា​ត្រូវ​តែ​គិត​អោយ​កាន់តែ​ល្អិតល្អន់​អំពី​វិធានការ​ចាំបាច់​នានា​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ពី​លក្ខណៈ​ចង្កោម​តូច​ៗ​ទៅ​ជា​ការ​ឆ្លង​រាលដាល​ជា​សហគមន៍​ដែល​ធ្ងន់ធ្ងរ និង​ពិបាក​ដោះស្រាយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ