ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក និង​ភ្នាក់ងារ វី​ង ផ្តួចផ្តើម​គំនិត​គាំទ្រ​ឧបត្ថម្ភ​សហគមន៍​ដែល​ខ្វះខាត ខណៈ​​កូ​វី​ដ​១៩ រាតត្បាត

4 ឆ្នាំ មុន

ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​មនុស្ស​ទូ​ទាំង​សកល​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​កម្ពុជា​ផង​ដែរ ។ វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ទូ​ទាំង​សកល​បាន​ដើរ​ថយក្រោយ​ដោយសារ​ការ​នៅ​គម្លាត​ឆ្ងាយ​ពី​គ្នា ដើម្បី​បញ្ឈប់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ នេះ ។…

ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​មនុស្ស​ទូ​ទាំង​សកល​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​កម្ពុជា​ផង​ដែរ ។ វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ទូ​ទាំង​សកល​បាន​ដើរ​ថយក្រោយ​ដោយសារ​ការ​នៅ​គម្លាត​ឆ្ងាយ​ពី​គ្នា ដើម្បី​បញ្ឈប់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ នេះ ។

នៅ​ពេល​ដែល​ប្រជាជន​មិន​អាច​ចេញ​ទៅ​ខាងក្រៅ ដើម្បី​រក​ប្រាក់​កម្រៃ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ ទាំង​នេះ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ជា​ច្រើន​ជួប​ទុក្ខ​លំបាក ជា​ពិសេស​ការ​រក​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ​ដែល​ពួក​គេ​មិន​អាច​ធ្វើការ​ពី​ផ្ទះ​បាន ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី (​តុ​កតុក​) និង​មគ្គុទេសក៍​ទេសចរ​កំពុង​ជួប​វិបត្តិ​ខ្វះខាត​ជា​ច្រើន ។

លោក គួ​យ ដា​រ៉ា​វុ​ធ អ្នក​រត់​រឺ​ម៉ក​កង់​បី​នៅ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា មុន​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩​កើតឡើង រូប​លោក​អាច​រក​ប្រាក់​កម្រៃ​បាន​ជាម​ធ្ប​ម​ជាង ២០​ដុល្លារ​ជា​ប្រចាំ​ថ្ងៃ ។ តែ​ក្នុង​រយៈ​ពេល​នេះ រូប​លោក​អាច​រកបាន​ត្រឹមតែ ២​ដុល្លារ​តែ​ប៉ុណ្ណោះ ពេល​ខ្លះ​សូ​ម្បី​តែ​មួយ​កាក់​មួយ​សេន​ក៏​គ្មាន​ដែរ ។

លោក ដា​រ៉ា​វុ​ធ បានឱ្យ​ដឹង​ទៀត​ថា​៖ «​ពី​មុន​យើង​អាច​ទិញ​សាច់​មាន់ ឬ​ក៏​សាច់​គោ ដើម្បី​បរិភោគ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង តែ​ដោយសារ​តែ​ជំងឺ​រាតត្បាត​ឥឡូវនេះ​យើង​អាច​ទិញ​បាន​តែ មី ឬ​ក៏​ត្រីខកំប៉ុង សម្រាប់​បរិភោគ​ក្នុង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ​» ។

នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រជាជន​ជាង ៥០០០០​នាក់ ដែល​អាស្រ័យ​ប្រកប​របរ​រត់​រ៉ឺ​ម៉ក​កង់​បី ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត ។ យោង​តាម​សមាគម​កង់​បី​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​អាច​រក​ប្រាក់​ចំណូល​បាន ១៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។ តែ​ដោយសារ​មាន​ជំងឺ​រាតត្បាត និង​ខ្វះ​តម្រូវការ​ពី​អ្នក​ធ្វើ​ដំណើរ វា​បាន​ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​អាច​រក​ប្រាក់​ចំណូល​បាន​ត្រឹមតែ ២​ដុល្លារ​ប៉ុណ្ណោះ ដូច​លោក ដា​រ៉ា​វុ​ធ យ៉ាងដូច​ច្នេះ​ដែរ ។

វិបត្តិ​ទាំងនេះ វា​មិន​ត្រឹមតែ​កំពុង​បង្ក​ផលវិបាក​ដល់​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​តែ​ប៉ុណ្ណោះ​ទេ តែ​សូ​ម្បី​តែ​មគ្គុទេសក៍​ទេសចរ​ជាង ៣,០០០​នាក់ ក៏​កំពុង​ជួប​វាសនា​ដូច​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ផង​ដែរ ។

អ្នកស្រី រ៉ា សា​វ៉ែន អាយុ ៣៧​ឆ្នាំ បាន​ប្រកបរ​បរជា​មគ្គុទេសក៍​ទេសចរ​ក្នុង​ខេត្តសៀមរាប ចាប់​តាំងពី​ឆ្នាំ ២០១៦ ហើយ​អ្នកស្រី​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា ទៅ​ភ្ញៀវ​ជនជាតិ​ជប៉ុន ជា​ពិសេស ។ តែ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ នេះ​វា​បាន​បង្ខំ​ឲ្យ​អ្នកស្រី​ស្នាក់​នៅ​តែ​ក្នុងផ្ទះ​ដោយ​មិន​អាច​រក​ប្រាក់​ចំណូល ដើម្បី​ជួយ​ទប់ទល់​ទ្រទ្រង់​ជីវភាព​គ្រួ​សារបាន ។

«​ខ្ញុំ​មាន​អារម្មណ៍​ពិបាកចិត្ត​ណាស់ នៅ​ពេល​ដែល​ខ្ញុំ​បាត់បង់​ប្រាក់​ចំណូល ។ អ្នកស្រី​បាន​បន្ត​ថា ឥឡូវនេះ ខ្ញុំ​មាន​តែ​ពឹង​លើ​ប្រាក់ខែ​ប្តី​ដ៏​ស្តួចស្តើង ដើម្បី​បង់ថ្លៃ​បំណុល​ធនាគារ និង​ចិញ្ចឹម​កូនស្រី​ដែល​ទើបតែ​មាន​អាយុ ១១​ខែ​» ។

ក្នុង​កិច្ច​គាំទ្រ​ដល់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​កូ​វី​ដ​១៩ នោះ បុគ្គលិក និង​ភ្នាក់ងារ​របស់​ធនាគារ​ឯកទេស​វី​ង ព្រមទាំង​បុគ្គលិក​របស់​រ៉ូ​យ៉ា​ល់​គ្រុប បាន​ចូលរួម​ចំណែក​ផ្តួចផ្តើម​នូវ​មូលនិធិ​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​ដែល​ងាយ​រង​គ្រោះ និង​ជួប​ការ​លំបាក​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ តាម​រយៈ​មូលនិធិ​សប្បុរសធម៌​នេះ ពួក​គេ​បាន​រៀបចំ​ជា​ការ​រៃ​អង្គាស​ប្រមូល​មូលនិធិ​សម្រាប់​ផ្តល់​ជូន​ដល់​ក្រុម​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​ដោយ​ផ្តល់​ជូន​នូវ​តម្រូវការ​ចាំបាច់​មួយ​ចំនួន​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ពួក​គេ ។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង បាន​មាន​ប្រសាសន៍​ថា​៖ «​ក្នុង​នាម​ជា​ស្ថាប័ន​មួយ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​សង្គម យើង​មិន​ត្រឹមតែ​គិតគូ​ពី​សុខភាព និង​សុវត្ថិ​ភាព​ផ្ទាល់ខ្លួន​របស់​យើង​នោះ​ឡើយ ប៉ុន្តែ​យើង​ក៏​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង​ដែល​ពួក​គេ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​នៃ​វិបត្តិ​នេះ​ផង​ដែរ ។ វា​ជា​រឿង​ដ៏​សំខាន់​សម្រាប់ វី​ង ក្នុង​ការ​ចូលរួម​ចំណែក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​មួយ​នេះ ក៏​ដូច​ជា​ជួយ​គាំទ្រ​សហ​គមន៍​យើង​ឲ្យ​ឆ្លង​ផុតពេល​វេលា​ដ៏​លំបាក​នេះ​ជាមួយ​គ្នា​» ។

លោក ម៉ា​នូ ក៏​បាន​បន្ថែម​ផង​ដែរ​ថា​៖ «​ការ​ចូលរួម​គាំទ្រ​ដ៏​សប្បុរស​របស់​អស់លោក លោកស្រី វា​មិន​ត្រឹមតែ​មាន​សារៈសំខាន់​ចំពោះ​សហគមន៍​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ជំរុញ​អោយ​អ្នក​ដទៃ​ចូលរួម​ជួយ​ការពារ​សហគមន៍​របស់​យើង​ទាំងអស់​គ្នា​ផង​ដែរ​» ។

សប្បុរសជន​ទាំងឡាយ ក៏​អាច​ចូលរួម​ជួយ​ដល់​ប្រជាជន​ដែល​ខ្វះខាត​ដោយ​ការ​បរិច្ចាគ​ថវិការ​តាម​រយៈ​គណនី​មូលនិធិ​របស់ វី​ង ផង​ដែរ ។ សម្រាប់​គណនី​ប្រាក់​រៀល​សូម​ផ្ញើរ​ទៅ​កាន់ ០៣២១០០០០ និង ០៣៣១០០០០ សម្រាប់​គណនី​ប្រាក់​ដុល្លារ ។ សប្បុរសជន​ក៏​អាច​បរិច្ចាគ​ថវិការ​តាម​រយៈ​ភ្នាក់ងារ វី​ង ណាមួយ​ក្នុង​ចំណោម​ភ្នាក់ងារ វី​ង ជាង ៧៥០០​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ