ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា ភ្ញៀវ​ទេសចរ​តាម​ខេត្ត​​សម្រុក​ទៅ​លេង​រមណីយដ្ឋាន​ចំការ​​ខ្នុរ​(វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ចាប់តាំងពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០ គេ​សង្កេត​ឃើញ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ជា​ច្រើន មក​ពី​តាម​បណ្តា​ខេត្ត​នានា សម្រុកចូល​ទៅ​លេង​ក្នុង​រមណីយដ្ឋាន​ចំការ​ខ្នុរ…

ខេត្ត​ប៉ៃលិន ៖ ចាប់តាំងពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០ គេ​សង្កេត​ឃើញ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ជា​ច្រើន មក​ពី​តាម​បណ្តា​ខេត្ត​នានា សម្រុកចូល​ទៅ​លេង​ក្នុង​រមណីយដ្ឋាន​ចំការ​ខ្នុរ ដែល​ធ្វើ​ឱ្យ​ម្ចាស់​មានការ​លក់​ម្ហូបអាហារ​ដាច់​គួរ​ឱ្យ​កត់សម្គាល់ ។ លើស​ពី​នេះ នៅ​ក្នុង​រមណីយដ្ឋាន​ខាងលើ មាន​ដាក់​ពោង​ហែល​ទឹក និង​មាន​ទូក​សម្រាប់​ជួល​អុំ​លេង​នៅ​ក្នុង​ស្ទឹង​ប​រយ៉ា យ៉ាង​សប្បាយ​រីករាយ​ជួបជុំ​ក្រុម​គ្រួសារ​ទៀត ។

បើ​តាម​ប្រភព​ពី​ម្ចាស់​រមណីយដ្ឋាន​ចម្ការ​ខ្នុរ ឈ្មោះ មួន យ៉​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​មាន​ង​ប្រពន្ធ​ឈ្មោះ ទិ​ត្យ ផល្លា អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២០ មេ​សា​នេះ​ថា ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ ទើប​កាលពី​ខែមីនា ឆ្នាំ​២០២០ ខាង​លោក​បាន​បិទទ្វារ​មិន​ឱ្យ​ភ្ញៀវ​ចូល​លេង​នោះ​ទេ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​ពី​ភ្ញៀវ​ម្នាក់​ទៅ​ម្នាក់​ទៀត ព្រមទាំង​ឆ្លង​ទៅ​ដល់​ខាង​លោក ទើប​បង្ខំចិត្ត​ផ្អាក​ការ​លក់ដូរ ដោយ​បិទទ្វារ​ជា​បណ្តោះអាសន្ន ។

លោក​បន្ត​ទៀត​ថា ប៉ុន្តែ​ក្រោយ​ពី​មាន​សារា​ចរណ៍​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​បាន ទើប​ខាង​លោក​ក៏​បើក​ឱ្យ​ភ្ញៀវ​នាំ​គ្នា​ចូល​លេង​យ៉ាង​សប្បាយ ដោយ​ភាគ​ច្រើន​គឺ​ភ្ញៀវ​ទេសចរ​មក​ពី​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ ។ ម្យ៉ាងវិញទៀត ប៉ះ​ចំ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ខណ​:​ពួក​គាត់​អត់​បាន​ដើរ​លេង​នា​រដូវ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ទើប​នាំ​គ្នា​ទៅ​កំសាន្ត​លេង​ខេត្ត​ប៉ៃលិន ក្នុង​រមណីយដ្ឋាន​របស់​គាត់​តែ​ម្តង។

លោក​បញ្ជាក់​ថា នៅ​ក្នុង​រមណីយដ្ឋាន​នេះ ម្ហូបអាហារ​មិន​លក់​លើស​ពី​មុន​ឡើយ គឺ​លក់​ឱ្យ​ភ្ញៀវ​នៅ​ក្នុង​តម្លៃ​ថេរ​ដដែល ហើយ​ក៏​មាន​ពោង​សម្រាប់​ជួល​ឱ្យ​ភ្ញៀវ​ហែល​ទឹក​លេង​ថែម​ទៀត មាន​កង់​រថយន្ត​ជិះ​បណ្តែត​ទឹក និង​កូន​ទូក​ជ័រ​ផង​ដែរ ។ លើស​ពី​នេះ ក៏​មាន​ស្ពាន​ឆ្លង​ទឹក​អាច​ឱ្យ​ភ្ញៀវ​ដើរទៅ​អង្គុយ​លេង​កំសាន្ត​នៅ​ត្រើយម្ខាង អម​ដោយ​ផ្កា​ភ្ញី​ចម្រុះ​ពណ៌ ដែល​ម្ចាស់​ដាក់​ដាំ​ជាប់​នឹង​ចំហៀង​ស្ពាន ។ ហើយ​គេ​ក៏​ឃើញ​ភ្ញៀវ​ខ្លះ ដាក់​កូន​ធុង បាស​យក​ទៅ​ចាក់​រាំ​កំសាន្ត​ជាមួយ​មិត្ត​ភក្តិ និង​រាំ​លេង​កំសាន្ត​សប្បាយ​នៅ​ក្បែរ​ៗ​មាត់​ស្ទឹង រហូត​ដល់​ពេល​ល្ងាច ទើប​នាំ​គ្នា​បើកបរ​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ។

បើ​តាម​សម្តី​ភ្ញៀវ​ទេសចរ​ម្នាក់​ឈ្មោះ ច​ន្តា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មក​ពី​ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ត្រូវ​បាន​ផ្អាក និង​បិទផ្លូវ លុះ​ពេល​បើក​វិញ គាត់​ក៏​បាន​បបួល​នាំ​បងប្អូន ដើម្បី​បើកបរ​រថយន្ត​ចូល​ទៅ​លេង​កំសាន្ត​ក្នុង​រមណីយដ្ឋាន​ចំការ​ខ្នុរ ព្រោះ​នៅ​ជិត​មាត់​ស្ទឹង បង្ក​លក្ខណៈ​ងាយស្រួល​ចុះ​ងូតទឹក ទាំង​ប្រពន្ធ និង​កូនចៅ ព្រមទាំង​ធ្វើ​ឱ្យ​ត្រជាក់​ស្រស់ស្រាយ​សប្បាយចិត្ត បំបាត់​អស់​នូវ​ក្តី​ទុក្ខ​កង្វល់​ទៀត​ផង ។

ចំណែក​អ្នកខ្លះ​ទៀត ទិញ​គ្រឿង​ភេសជ្ជ​:​នាំ​គ្នា​ជួល​ខ្យុ​ស​១​ខ្នង តម្លៃ​១៥០០០​រៀល អង្គុយ​លេង​ផឹកស៊ី​អរ​សប្បាយ តែ​ក៏​មានការ​ពាក់​ម៉ាស និង​លាង​សម្អាត​ដៃ​មុន​នឹង​ចាប់​កាន់​របស់​ទាំងនោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ