ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តមួយគ្រឿងសង្ស័យបើកលឿនពេកបត់មិនទាន់ បណ្តាលឱ្យក្រឡាប់ធ្លាក់ចូលប្រឡាយទឹកផ្ងារជើងឡើងលើ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចមុខខ្លោងទ្វារចូលវត្តព្រះរាមរង្សី តាមបណ្ដោយផ្លូវជាតិលេខ៥៣ ស្ថិតក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
តាមប្រភពពីសាក្សីដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-៣៤០២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ បានបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុក៏បត់ចូលខ្លោងទ្វារវត្តព្រះរាមរង្សី ប៉ុន្តែដោយសារល្បឿនលឿនពេកមិនអាចបត់បានក៏បណ្ដាលឲ្យក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកបះជើងឡើងលើត្រាំក្នុងទឹកតែម្ដង ។
តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះគេឃើញបុរសមិនស្គាល់អត្តសញ្ញាណ២នាក់បានវារចេញពីក្នុងរថយន្ត ដោយមានរងរបួស និងប្រឡាក់ពេញខ្លួន បានឡើងលើថ្នល់រួចហៅម៉ូតូឌុបជិះទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ដោយខ្លួនឯង ដោយទុករថយន្តចោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្តស្ទូចមកស្ទូចរថយន្តមួយគ្រឿងខាងលើទៅរក្សាទុកជូនម្ចាស់ដើមវិញ ដើម្បីការពារក្រែងបានបាត់បងដោយប្រការណាមួយ ៕
ចែករំលែកព័តមាននេះ