ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំង​លក់​សាច់សត្វ​ព្រៃ​លើ​ផ្លូវជាតិ​ពុំ​ខ្លាច​​ច្បាប់ លុះ​បង្ក្រាប​ថ្ងៃនេះ ស្អែក​លក់​ទៀត​​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូរ​សណ្ដាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ជា​រៀងរាល់ថ្ងៃ គេ​តែងតែ​ឃើញ​មានការ​ដាក់​តាំង​លក់​សត្វព្រៃ​មួយ​កន្លែង ដែល​មាន​ប្រមាណ​ពី ២០…

ខេត្តកំពង់ឆ្នាំង ៖ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូរ​សណ្ដាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ជា​រៀងរាល់ថ្ងៃ គេ​តែងតែ​ឃើញ​មានការ​ដាក់​តាំង​លក់​សត្វព្រៃ​មួយ​កន្លែង ដែល​មាន​ប្រមាណ​ពី ២០ ទៅ ៣០ តូប ដោយ​ពុំ​ខ្លាចញញើត​នឹង​ច្បាប់ទម្លាប់​អ្វី​សោះឡើយ​។

ប៉ុន្តែ​យ៉ាងនេះ​ក្តី មន្ទីរ​ជំនាញ​បាន​សារភាព​ថា ការ​បង្ក្រាប​ប្រៀប​ដូច​ជា​វែក​ចក​ក្នុង​ទឹក​យ៉ាងនោះ​ដែរ គឺ​បង្ក្រាប​ថ្ងៃ​ហ្នឹង ថ្ងៃស្អែក​ដាក់​លក់​ទៀត ។ ទីតាំង​លក់​សត្វព្រៃ​នៅ​ចំណុច​ភូមិ​អូរ​សណ្ដាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ នេះ​ដែរ កាលពីដើម​ឡើយ គឺ​កាលពី​ប្រមាណ​ជា​៤​ឆ្នាំ​មុន មានការ​តាំង​លក់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ មានការ​ដាក់​តាំង​លក់​យ៉ាងច្រើន ដោយសារ​តែ​ការ​ប្រកប​មុខរបរ​រកស៊ី​បែប​នេះ ប្រហែល​កាកកប​ហើយ​មើលទៅ​។

សត្វព្រៃ​ទាំងនោះ មាន​រស់ មាន​ងាប់​ស្រាប់ ដូច​ជា​សត្វ​ខ្លាត្រី សត្វ​ទន្សាយ សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ដូច​ជា កុក ក្រួច​មាន់ទឹក និង​សត្វ​ប្រវឹក​ជាដើម ក្រៅពី​នោះ​នៅ​មាន​សត្វ​ជៀស សត្វ​ពស់ និង​សត្វព្រៃ​ដទៃ​ទៀត ។

អ្នកលក់​សត្វព្រៃ​ម្នាក់​ដែល​មិន​អនុញ្ញាតិ​ឱ្យ​ថតរូប បាន​ប្រាប់​ពី​តម្លៃ​សត្វ​ទាំងនោះ​ថា សត្វ​ទន្សាយ​១​ក្បាល ១១​ម៉ឺន​រៀល​, សត្វ​ខ្លាត្រី​១​ក្បាល ថ្លៃ​៨​ម៉ឺន​រៀល ឬ​ក្រោម​នេះ​បន្តិច​តាម​សត្វ​តូច ឬ​ធំ​, សត្វ​ប្រវឹក​១​ក្បាល ថ្លៃ​៤​ម៉ឺន​រៀល​, សត្វ​ជាស​១​ក្បាល​ថ្លៃ​៤​ពាន់​រៀល សត្វ​លលក​១​ក្បាល​៤​ពាន់​រៀល សត្វ​ក្រួច​១​ក្បាល​៣​ពាន់​រៀល ។

អ្នកលក់​រូប​នោះ​បាន​បញ្ជាក់​ថា ទម្រាំ​បាន​សត្វ​មក​លក់ ពួក​គាត់​មាន​គ្នា​៦-៧​នាក់ ត្រូវ​ទៅ​ដេក​ព្រៃ​១​យប់ ទើប​ចាប់​បាន និង​យក​មក​លក់​ចែក​លុយ​គ្នា​បន្តិចបន្តួច​ម្នាក់​គ្រាន់​រស់ ។ ចំណែក​ការ​ដាក់​លក់​នេះ​ដែរ ក៏​ខ្លាច​គេ​ចាប់​ដែរ ប៉ុន្តែ​ធ្វើ​ម៉េច បើ​អត់​មុខរបរ​ទៅ​ហើយ ។

ចំពោះ​សំណួរ​សួរ​ថា ៖ ចុះ​សត្វ​ខ្លាត្រី ធ្លាប់​ឮ​ល្បី​ថា ជា​សត្វ​ឆ្មា​នោះ​មែនឬ​អត់?
អ្នកលក់​ប្រាប់​ថា ៖ គឺជា​ខ្លាត្រី​មែន​ស្បថ​ដល់​ណា​ក៏​ហ៊ាន​ដែរ​។

ជុំវិញ​បញ្ហា​នេះ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ក៏​បាន​បញ្ជាក់​ថា ធ្លាប់​មានការ​បង្ក្រាប​ពី ២-៣ ដង រួច​មក​ហើយ នៅ​ទីតាំង​លក់​សាច់សត្វ​ព្រៃ​នេះ ។ ប៉ុន្តែ​ការ​បង្ក្រាប​ទៅ​នោះ ដូច​វែក​ចក ចឹ​ង ! បង្ក្រាប​ថ្ងៃ​ហ្នឹង ថ្ងៃស្អែក គឺ​មានការ​ដាក់​តាំង​លក់​ទៀត​ដដែល គ្រាន់តែ​អន់​បន្តិច ហើយ​យ៉ាងច្រើន ២-៣​ថ្ងៃ គឺ​មានការ​ដាក់​លក់​ពេញ​ដូច​ដើម​វិញ​ដដែល ។ ការ​ចាប់​សត្វព្រៃ​មក​លក់​បែប​នោះ គឺ​ពិតជា​ខុសច្បាប់​ហើយ ។

លោក​ប្រធាន​មន្ទីរ​កសិកម្ម បាន​អះអាង​ថា ចំពោះ​ខ្លាត្រី គឺ​មិនមែន​ខ្លាត្រី​ពិតប្រាកដ​នោះ​ទេ គឺជា​សត្វ​ឆ្មា ដែល​គេ​យក​មក​កោស​រោល ហើយ​បន្លំ​អតិថិជន​ថា ជា​ខ្លាត្រី​តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ដែរ​ថា ការ​តាំង​លក់​សត្វព្រៃ​ទាំងនោះ កាលពី​ផ្លូវជាតិ​លេខ​៥ មិន​ទាន់​រៀបចំ​ជួសជុល​គេ​ឃើញ តូប​លក់ដូរ​សត្វព្រៃ​ហាក់​នៅ​លាក់លៀម​នៅឡើយ​ទេ ប៉ុន្តែ​ក្រោយ​ពី​ផ្លូវជាតិ​លេខ ៥ កំពុង​ឈូស​ឆាយ​អស់​ទៅ គេ​ឃើញ​តូប​លក់​សាច់សត្វ​ព្រៃ​ទាំងនោះ​លេច​ចេញ​កណ្ដាលវាល​តែ​ម្ដង ដូច​មាន​ក្នុង​រូបភាព​ដែល​យើង​បានឃើញ​នេះ​ស្រាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ