រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញពេញបានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតបានវត្ថុតាងថ្នាំញៀនចំនួន៨កញ្ចប់ កាលពីវេលាម៉ោង១១ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវរថភ្លើង R៦ ស្ថិតក្នុងក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកវរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ទើបអធិការដ្ឋានប៉ុស្តិ៍បានបើកការស្រាវជ្រាវចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅផ្លូវរថភ្លើង R៦ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកអធិការនគរបាលខណ្ឌបានបន្តថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការខាងលើនេះ កំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ ផល លីភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (ជាអ្នកជួញដូរ) និងម្នាក់ទៀតឈ្មោះ ខៃ សំបូរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅស្រុកពញាឮ ខេត្តកណ្តាល (ជាអ្នកជួញដូរ)។ ចំណែកវត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៨កញ្ចប់ (ក្នុងនោះមានកញ្ចប់ធំចំនួន១), ថង់ប្លាស្ទិចសំរាប់ច្រក និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
លោកអធិការបានឲ្យដឹងទៀតថា កម្លាំងជំនាញខណ្ឌប៉ុសិ៍្តកំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ