រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានខ្ចីម៉ូតូពីមិត្តភក្ដិ តែគេមិនអោយ ក៏ធ្វើសកម្មភាពលួចបានសម្រេចបំរុងយកទៅលក់ ប៉ុន្តែត្រូវម្ចាស់ម៉ូតូតាមរកឃើញក៏នាំគ្នាវាយ បណ្តាលឱ្យរងរបួសបែកមុខបែកមាត់ និងឃាត់ខ្លួនបានទាំងបក្ខពួកម្នាក់ទៀតផង ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចខាងមុខបុរីមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌ
កំបូល ។
ជនសង្ស័យជាអ្នកធ្វើសកម្មភាពលួចម៉ូតូឈ្មោះស្រេង សុខម៉េង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យម្នាក់ទៀតជាបក្ខពួកឈ្មោះសេង គីមស្រៀង ភេទ អាយុ២០ឆ្នាំ មុខរបរលក់ខោអាវតាមអនឡាញ ស្នាក់នៅទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ភូមិ សំរោង ឃុំមុខដា ស្រុករមាសហែក ខេត្ត ស្វាយរៀង ។ រីឯម៉ូតូមួយគ្រឿងដែលជនសង្ស័យលួចនោះម៉ាកហុងដាប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ ១GQ-៥៤៤៨ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅខាងមុខបន្ទប់ជួលជនរងគ្រោះស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ខណៈដែលជនរងគ្រោះទុកម៉ូតូនៅខាងមុខបន្ទប់ ហើយជនសង្ស័យត្រូវជាមិត្តភ័ក្ដិស្គាល់គ្នា តែមិនស្និទ្ធស្នាលនោះទេ ហើយបានស្នាក់នៅបន្ទប់ជួលទល់មុខគ្នា បានស្រែកខ្ចីម៉ូតូពីជនរងគ្រោះថាយកទៅបញ្ចាំទូរស័ព្ទ តែជនរងគ្រោះនៅក្នុងបន្ទប់បានស្រែកតបវិញថា អត់អោយទេ ស្រាប់តែជនសង្ស័យឃើញកូនសោម៉ូតូនៅក្នុង
កន្ត្រកម៉ូតូក៏បានលួចយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។
តាមប្រភពដដែលបានបន្តថា បន្ទាប់មកជនសង្ស័យខាងលើបានយកម៉ូតូនោះជិះទៅឯស្រុកកំណើតរបស់ខ្លួន ហើយអួតប្រាប់គេឯងនៅក្នុងភូមិថា ម៉ូតូមួយគ្រឿងខាងលើនោះខ្លួនទើបនឹងទិញថ្មី លុះពេលជនរងគ្រោះបាននាំគ្នាទៅរកមើលនៅឯស្រុកកំណើតរបស់ជនសង្ស័យ បែរជាគេជិះម៉ូតូគេចខ្លួនបាត់ទៀត ។
តាមប្រភពដដែលបានបន្តទៀតថា លុះនៅថ្ងៃកើតហេតុ ជនសង្ស័យម្នាក់ខាងលើបាននាំជនសង្ស័យម្នាក់ទៀតថាយកម៉ូតូទៅលក់នៅម្តុំឃ្លាំងរំសេវ តែម្ចាស់ហាងមិនព្រមទិញ ទើបជនសង្ស័យខាងលើនោះបានឌុបមិត្តភក្ដិម្នាក់ថាទៅជួបសង្សារនៅម្តុំចំណុចកើតហេតុខាងលើ ស្រាប់តែជនរងគ្រោះប្រទះឃើញម៉ូតូរួមនឹងជនសង្ស័យ២នាក់ខាងលើ ក៏នាំគ្នាឃាត់វាយ បណ្តាលឲ្យជនសង្ស័យម្នាក់រងរបួសប៉ោងមុខ និងជនសង្ស័យដែលជាអ្នករួមដំណើរម្នាក់ទៀត រងរបួសបែកមុខ ទើបសមត្ថកិច្ចនគរបាលនាំជនសង្ស័យនិងជនរងគ្រោះមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចសួរនាំដឹងថា ករណីខាងលើបានកើតហេតុនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍កន្ទោកបានប្រគល់ករណីនេះអោយទៅនគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការតាមនិតិវិធីបន្ត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ