ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្លាយ​ជាទី​កម្សាន្ត​ថ្មីស្រឡាង ស្រស់​ស្អាត ត្រជាក់​ភ្នែក

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អូរ​ព្រំដែន​កម្ពុជា​-​វៀតណាម មួយ​កន្លែង​កំពុង​ក្លាយ​ជាទី​កម្សាន្ត​ថ្មីស្រឡាង សម្រាប់​​អ្នក​ខេត្តមណ្ឌលគិរី ក្រោយ​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​បាន​សាងសង់​ទៅ​ដល់​ចំណុច​នោះ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​កម្សាន្ត​បែប​គ្រួសារ​។ លោក ចាន់ បុត្រ…

ខេត្តមណ្ឌលគិរី ៖ អូរ​ព្រំដែន​កម្ពុជា​-​វៀតណាម មួយ​កន្លែង​កំពុង​ក្លាយ​ជាទី​កម្សាន្ត​ថ្មីស្រឡាង សម្រាប់​​អ្នក​ខេត្តមណ្ឌលគិរី ក្រោយ​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​បាន​សាងសង់​ទៅ​ដល់​ចំណុច​នោះ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​កម្សាន្ត​បែប​គ្រួសារ​។

លោក ចាន់ បុត្រ អ្នក​រស់នៅ​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ភូមិ​ជា​ច្រើន​បាន​ប្រើ​មធ្យោ​បាយ​​រថយន្ត និង​ម៉ូតូ ភ្ជាប់​ទៅ​ដោយ​ម្ហូបអាហារ ភេសជ្ជៈ កៅស៊ូ​តង់ ឬ​កន្ទេល អាវ​ពោង​ហែល​ទឹក ជាដើម ធ្វើ​ដំណើរ​ទៅ​កម្សាន្ត នៅ​ចំណុច​អូរ​ហ៊ុ​ច ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កែវ​សីមា ឬ​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​ក៏​ស្ថិត​ក្នុង​តំបន់ការពារព្រំដែន​របស់​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៦២១ និង​វរៈ​ការពារ​ព្រំដែន​លេខ​២ ។

បើ​យើង​ធ្វើ​ដំណើរ​ពី​ផ្សារ​កែវ​សីមា លើ​កំណាត់​ផ្លូវ​ក្រា​កៅស៊ូ​ចម្ងាយ​ជាង​ម្ភៃ​គីឡូម៉ែត្រ ឆ្ពោះទៅ​ច្រក​ទ្វា​ទ្វេភាគី​ឡា​ប៉ា​ខេ រួច​បត់​ឆ្វេង​ឡើង​លើ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ដែល​ស្ថាបនា​ដោយ​កង​វិស្វកម្ម​ក្រសួង​កា​ពារ​ជាតិ ចម្ងាយ​ជិត​២០​គីឡូម៉ែត្រ​ទៀត​នោះ និង​ដល់​ចំណុច​អូរ​ហ៊ុ​ច នោះ​ហើយ​។

ទេសភាព​តាម​ផ្លូវ មាន​រុក្ខជាតិ​តូច​ធំ ដុះ​លើ​កំពូលភ្នំ យ៉ាង​ខៀវ ស្រងាត់​មើល​ស្ទើរ​ដាច់​កន្ទុយភ្នែក​។ ធ្វើ​ដំណើរ​លើ​ស្ថានភាព​ផ្លូវ បត់បែន ឡើង​ចុះឡើង​ស្រៀវ​ឆ្អឹងខ្នង ទម្រាំ​ទៅ​ដល់​គោលដៅ​។ លើ​ផ្លូវ​វិស្វកម្ម ក៏​សម្បូរ​ទៅ​ដោយ​ដើម​សំ​រ៉​ង ជ្រុះ​ផ្លែ​ស្អេកស្កះ ត​ត្រូវ​អ្នក​ភូមិ​រើស​យក​មក​ផ្ទះ​ធ្វើ​បង្អែម​។ ផ្លូវ​នេះ​សម្បូរ​ភ្នំ​ជា​ច្រើន​ដោយ​គេ​ប្រើ​គ្រឿងចក្រ ពុះ​ជា​ពីរ ឬ​មួយ​ចំហៀង មើលទៅ​ដូច​ជា​ផ្ទាំងគំនូរ​អ៊ីចឹង​។

នៅ​ពេល​គេ​ទៅ​ដល់​ចំណុច​លេង​កម្សាន្ត​នោះ គេ​សង្កេត​ឃើញ​មាន​រោង​ទាហាន​កង​វិស្វកម្ម​ចំនួន​ពីរ​ខ្នង​ដែល​ពួក​គាត់​ស្នាក់​នៅ ហើយ​អ្នកដំណើរ​អាច​ទុក​មធ្យោបាយ​ខាង​នៅ​ទី​នេះ រួច​ដើរ​ចុះ​ទៅ​ខាងក្រោយ​ប្រហែល​៣០​ម៉ែត្រ លើ​កម្ទេច​ថ្ម មាន​សណ្ឋាន​ដូច​អាចម៍ផ្កាយ ទើប​អាច​ហែល​ទឹក​លេង​បាន​។

នៅ​ប្រប​មាត់​អូរ​មាន​រុក្ខជាតិ​តូច​ធំ​ផ្សេង​ៗ​ជា​ពិសេស​ដើម​ឬ​ស្សី​ដុះ​ត្រៀម​ត្រា ហើយ​បើ​គេ​ឆ្លង​ផុត​ទឹកអូរ គឺ​ចូល​ដល់​ទឹកដី​ប្រទេស​វៀតណាម​តែ​ម្តង​។ នៅ​តាម​មាត់​អូរ​មាន​ឆ្នេរ​ថ្ម​តូច​ល្មម ដែល​អាច​ក្រាលកន្ទេល បោះ​តង់ អង្គុយ​ហូប​អាហារ រួម​ទាំង​ការ​មុជទឹក​និង​ជិះ​ក្បូន​ឬ​ស្សី​ដែល​ទាហាន​វិស្វ​កម្ម បាន​ធ្វើ​ចំនួន​ពីរ​ទុក​ឲ្យ​លេង​យ៉ាង​សប្បាយ​រីករាយ​។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មាន​ប្រសាសន៍​ថា សក្តានុពល​ផ្នែក​ទេសចរណ៍​ក្នុង​ខេត្ត​មណ្ឌល​គិរី​នេះ មាន​ច្រើន ហើយ​ក្រៅពី​ក្រុង​សែន​មនោ​រម្យ ស្រុក​ពេ​ជ្រា​ដា ឬ​ស្រុក​អូ​រាំង សុទ្ធតែ​មាន​សក្តានុពល​ទេសចរណ៍​ទាំងអស់​។ ប៉ុន្តែ​កន្លង​មក​តំបន់​មួយ​ចំនួន ពុំ​ទាន់​បាន​ត​ភ្ជាប់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​( ផ្លូវ ស្ពាន )​។

ជាក់ស្តែង​ដូច​នៅ​ស្រុក​កែវ​សីមា នៅ​រដូវ​ចូល​ឆ្នាំ ឃើញ​មាន​ប្រជាជន​ទៅ​លេង​ជា​លក្ខណៈ​គ្រួសារ មិនមែន​ទៅ​ជា​លក្ខណៈ​ប្រមូលផ្តុំ​ឡើយ គឺ​ទៅ​លេង​ទឹក​នៅ​អូរ​ព្រំដែន ដែល​រាជរដ្ឋាភិបាល​កំពុង​ស្ថាបនា​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន ឬ​អាច​ហៅ​បាន​ថា ផ្លូវ​ប្រវត្តិសាស្ត្រ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សម្តេច​តេ​ជោ​។ លោក​អភិបាលខេត្ត​បន្ត​ថា នៅ​ពេល​ធ្វើ​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​នោះ​ទៅ ផ្លូវ​ស្អាត ក៏​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ជិះឡាន​ម៉ូតូ​តាម​នេះ​ដែរ ហើយ​ក៏​មាន​កន្លែង​កម្សាន្ត​ប្លែក​ៗ ដែល​មិន​ទាន់​មានការ​អភិវឌ្ឍ​ន៏​ផង​នោះ ធ្វើ​ឱ្យ​ពលរដ្ឋ​ទៅ​លេង​សប្បាយ​ផង​ដែរ​។

មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ផ្លូវ​នេះ ទៅ​លេង​ទឹក​នោះ​ទេ សូ​ម្បី​ប្រជា​កសិករ​ដែល​បាន​ដាំ​ដុះ​ដំណាំ​កសិឧស្សាហកម្ម​នានា ក៏​អាច​ប្រើ​ផ្លូវ​មួយ​ខ្សែ​នេះ ដឹក​កសិផល​របស់​ពួក​គាត់​យក​ទៅ​លក់​នៅ​ទីផ្សារ​បាន​យ៉ាង​ងាយស្រួល​។

លោក ស្វាយ សំ​អ៊ា​ង ក៏​បាន​ផ្តាំផ្ញើ​រថា សូម​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ បង្ក​លក្ខណៈ​ងាយ​ស្រួល​​លើ​ការ​ប្រើប្រាស់​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន ហើយ​យើង​ត្រូវ​ចូលរួម​ថែរក្សា​ផ្លូវ​មួយ​ខ្សែ​នេះ ទុកជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទាំងអស់​គ្នា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ