ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខណៈ​បន្លែ​កំពុង​តែ​​ឡើង​​ថ្លៃ​ ​ស្រាប់តែ​កសិ​ករ​​ប្រឈម​​​ការ​ខ្វះ​ខាត​​​ទឹក​ទៅវិញ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​រស់នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ក្រៅពី​មុខរបរ​ធ្វើស្រែ​គឺ​ដាំ​​បន្លែបង្ការ​ដើម្បី​បង្កើន​ចំណូល​គ្រួសារ ​ហើយ​​អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​នោះ គឺ​បន្លែ​របស់​ពួក​គាត់​កំពុង​តែ​ឡើងថ្លៃ​គួរ​កត់សម្គាល់ ។ ផ្ទុយ​ទៅ​វិញ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​រស់នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ក្រៅពី​មុខរបរ​ធ្វើស្រែ​គឺ​ដាំ​​បន្លែបង្ការ​ដើម្បី​បង្កើន​ចំណូល​គ្រួសារ ​ហើយ​​អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​នោះ គឺ​បន្លែ​របស់​ពួក​គាត់​កំពុង​តែ​ឡើងថ្លៃ​គួរ​កត់សម្គាល់ ។ ផ្ទុយ​ទៅ​វិញ បញ្ហា​ប្រឈម​គឺ​កង្វះខាត​ទឹក​ប្រើប្រាស់ ហេតុនេះ​ហើយ​ពួក​គាត់​សំណូមពរ​ដល់​មន្ទីរ ក៏​ដូច​ជា​ក្រសួងកសិកម្ម មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ដល់​អ្នក​ភូមិ​ត្រពាំង​ក្រពើ ដែល​មាន​មួយ​ភាគ​ធំ​គឺជា​អ្នក​ដាំ​បន្លែបង្ការ​នេះ​ផង ។

តាម​ប្រភពពី​ស្ត្រី​ឈ្មោះ​សែត ផៃ អាយុ​៣៣ ឆ្នាំ ជា​ប្រធាន​សហគមន៍​ប្រមូលផ្តុំ​បន្លែ និង​ជា​អ្នក​ដាំ​បន្លែ​ផ្ទាល់​ដៃ បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២០ នេះ​ថា​ ​ពេល​នេះ​បន្លែ​របស់​អ្នក​ភូមិ​ត្រពាំង​ក្រពើ គឺ​មាន​តម្លៃ​ថ្លៃ​គួរ​កត់សម្គាល់ ដូច​ជា​ស្លឹកខ្ទឹម១​គីឡូ​​ក្រាម​លក់​ក្នុង​​តម្លៃ​៣ពាន់​​រៀល, ស្ពៃ​ក្រ​ញ៉ា​ញ់​​ក្នុង​១គីឡូក្រាម​តម្លៃ​៤ពាន់​​រៀល​ ស្ពៃជើងទា និង​ស្ពៃចង្កឹះ​​ក្នុង​១​គីឡូ​ក្រាម​​៣៥០០​រៀល​ជាដើម ។​ ខុស​កាលពី​ដើមដៃ​ ដំណាំ​របស់​ពួក​គាត់​លក់​បាន​ត្រឹមតែ៧០០ទៅ​​១ពាន់​​រៀលប៉ុណ្ណោះ​ក្នុង១ គីឡូ​ក្រាម ។

ស្ត្រី​ជា​ប្រធាន​សហគមន៍​ប្រមូលផ្តុំ​បន្លែ​​ខាងលើ​​បាន​បញ្ជាក់​ថា​ ចំពោះ​មូលហេតុ​ដែល​បន្លែ​របស់​ពួក​គាត់​បាន​ថ្លៃ គឺ​ដោយសារ​គ្មាន​ការ​នាំ​ចូល​បន្លែ​ពី​ក្រៅប្រទេស ។ ម្យ៉ាងវិញទៀត​ដោយសារ​បញ្ហា​ខ្វះខាត​ទឹក ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បោះបង់​ចោល​ចំការ​មួយ​រយៈ ធ្វើ​ឱ្យ​​បន្លែបង្ការ​ជួប​ការ​ខ្វះខាត​លើ​ទីផ្សារ​។​ ជាក់ស្តែង បច្ចុប្បន្ន កូនក្រុម​គាត់​មាន​ចំនូ​ន​៣៩​គ្រួសារ (​គាត់​ជា​ប្រធាន​ក្រុម​)​គឺ​មាន​មួយ​ចំនួន​បាន​បង្រួម​ផ្ទៃដី​ដាំ​បន្លែ ឱ្យ​​នៅ​តូច​និង​ខ្លះ​បាន​បោះបង់​ទាំងស្រុង ព្រោះ​ជួប​បញ្ហា​ខ្វះខាត​ទឹក​ស្រោចស្រព​ចំការបន្លែ​​របស់​ពួក​គាត់ ។

ស្ត្រី​ជា​ប្រធាន​សហគមន៍​ប្រមូលផ្តុំ​បន្លែ​​ខាងលើ​​បាន​បញ្ជាក់​​បន្ត​ថា​​ កន្លង​ទៅ​ខាង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​ជួយ​ច្រើន​ណាស់ ដូច​ជា​ស្បៃ ទុ​​យោ​ទឹក ម៉ាស៊ីន និង​ជួយ​ផ្ទះ​សំណាញ់​សម្រាប់​ដាំ​បន្លែ​ជាដើម​។ ពួក​គាត់​ជា​កសិករ​ត្រេកអរ​ខ្លាំង​ណាស់​ និង​សូ​ម​ថ្លែងអំណរគុណ​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន​ជាង​នេះ​ទៀត គឺ (​ទឹក​ស្រោចស្រព​) ។ ហេតុនេះ​ហើយ​ពួក​គាត់​សំណូមពរ​ដល់​មន្ទីរ និង​ក្រសួងកសិកម្ម សូម​មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ដល់​ពួក​គាត់​សម្រាប់​ការ​ដាំ​ដុះ​ក្នុង​រដូវប្រាំង​នេះ​ផង ។

ជុំវិញ​បញ្ហា​នេះ ​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ប្រាប់​តាម​ទូរ​សព្ទ័​ថា​ ​លោក​ទទួលស្គាល់​ថា​ពិតជា​មាន​បញ្ហា​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ពិតមែន ។​ បច្ចុប្បន្ន​នេះ​ខាង​មន្ទីរ​កំពុង​តែ​សិក្សា​ថា​ តើ​គួរ​យក​ទឹក​ពី​ប្រភព​ណា យក​ក្នុង​ដី (​អណ្តូង​)​ឬ​ជីក​ប្រឡាយ​បង្ហូរទឹក​​ឱ្យ​​ពួក​គាត់ ។ បញ្ហា​នេះ​គឺ​ខាង​មន្ទីរ​កំពុង​តែ​ដោះស្រាយ​ជា​បណ្ដើរ​ៗ​ហើយ​សង្ឃឹមថានឹង​បាន​មក​ពេល​ឆាប់​ៗ នេះ​។

យ៉ាងនេះ​ក្តី ប្រជា​កសិករ​នៅ​ភូមិ​ត្រពាំង​ក្រពើ បច្ចុប្បន្ន​បាន​ចាប់ផ្ដើម​ភ្ជួរ​ដាស់ដី សម្រាប់​ធ្វើ​ចំការ​បន្លែ​ឡើង​វិញ​ជា​បណ្តើរ​ៗ ហើយ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ម្តង​២​ដងរួច​មក ចំណែកកសិករ​​ខ្លះ​ទៀត​ក៏​បាន​ជីក​ស្រះ​សម្រាប់​តម្កល់​ទឹក​ទុក​ធ្វើ​ចំការ​នៅ​រដូវប្រាំង​នា​ឆ្នាំ​ក្រោយ​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ