ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ហាញមុខ​ក្រុមជនធ្វើសកម្មភាព​យ៉ាង​សកម្ម ក្នុងនោះម្នាក់ជា​​មន្ត្រីយោធា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ពាក់ព័ន្ធនឹងករណី​ឆក់​ខ្សែ​ក និង​​ឆក់​កាបូប​យ៉ាង​សកម្ម​ចំនួន​៣​នាក់​ ក្នុង​នោះ​មាន​​ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញមុខ​ជា​សា​ធារ​ណៈ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៧ ខែ មេ​សា នេះ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់ ហើយ​ត្រូវ​បានកម្លាំង​ល្បាត​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​…

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ពាក់ព័ន្ធនឹងករណី​ឆក់​ខ្សែ​ក និង​​ឆក់​កាបូប​យ៉ាង​សកម្ម​ចំនួន​៣​នាក់​ ក្នុង​នោះ​មាន​​ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញមុខ​ជា​សា​ធារ​ណៈ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៧ ខែ មេ​សា នេះ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់ ហើយ​ត្រូវ​បានកម្លាំង​ល្បាត​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ ។ ​ក្នុង​ការ​បង្ហាញមុខ​នេះ​ ជនសង្ស័យ​ជា​ស្ត្រី​ពុំ​បាន​យក​មក​បង្ហាញ​នោះ​ទេ​ដោយសារ​តែ​មាន​ជំងឺ​។

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួនទាំង​៣នាក់​ខាងលើ​រួម​មាន​ ១-​ឈ្មោះ​​សោម វ៉ា​លី​សា ហៅ​ហ្សា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជា​មន្ត្រី​យោធា ស្នាក់​នៅ​ផ្ទះ​លេខ​១៣ EO​ ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួល​គោក រាជធានី​ភ្នំពេញ​ ២-​ឈ្មោះ​អុី​ សុ​ភ័​ក្រ​និ​ត ហៅ​ឌី ណា​រ័​ត្ន ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ និង​៣-​ឈ្មោះ លី​រ៉ា ណែ​ត ភេទ​ស្រី​ អាយុ​២០​ឆ្នាំ មាន​លំនៅ​តាម​ផ្លូវជាតិ​លេខ​៥​ ភូមិ.ឃ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

​លោក​វ​រៈ​សេនីយ៍​ឯក ប៊ុ​ន សត្យា នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៥ ខែ​មេ​សា ឆ្នាំ​២០២០​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៣៥ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួល​គោក និង​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មេ​សា នៅ​តាម​ផ្លូវលំ​ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ជា​បន្តបន្ទាប់​២​លើក​នៅ​ថ្ងៃ​តែ​មួយ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា ​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥​ ខែមេសា ជនសង្ស័យ​ឈ្មោះ សោម វ៉ា​លី​សា ដែល​ជា​មន្ត្រី​យោធា បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០២០ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​​ប្លា​ទី​ន​ដាំ​ពេជ្រ​ពី​នារី​ម្នាក់​នៅ​ចំណុច​មុខ​ផ្ទះ​លេខ ២DEO​ផ្លូវ​លេខ ១១២ កែង​ផ្លូវ​លេខ២៣៣​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ។​

តាម​ប្រភពព័ត៌មានបាន​បន្ត​ទៀត​ថា នៅ​ក្នុង​សកម្មភាព​ឆក់​បាន​សម្រេច​ ដោយ​មាន​បក្ខពួក​២​នាក់​ទៀត ឈ្មោះ​អុី សុ​ភ័​ក្រ​និ​ត​ និង​ឈ្មោះ​លី​ រ៉ា​ណែ​ត ​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស្គូ​ពី​ ពណ៌​ស​ ពាក់​ស្លាក​លេខ ភ្នំពេញ​១HG-២៦៦៥​ ជា​អ្នក​​បិទគូទ​ ។ ​បន្ទាប់​ពី​ឆក់​បាន​សម្រេច ជនសង្ស័យជិះ​ម៉ូតូ​​គេចខ្លួន ​លុះ​​ពេល​ធ្វើ​ដំណើរ មក​ដល់​ចំណុច​មុខ​ផ្ទះ​លេខ​៩៥២​ ផ្លូវ​លេខ​១២៨ សង្កាត់​ទឹកល្អក់​ទី​១ ជនសង្ស័យ​ឈ្មោះ​សោម វ៉ា​លី​សា ក៍បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពី​បុរស​ម្នាក់ ដែល​ជិះ​ម៉ូតូឌុប​នារី​ម្នាក់ ។ ​នៅ​ក្នុង​សកម្មភាព​ឆក់​បាន​តែ​មួយ​កំណាត់​ ហើយ​ជនសង្ស័យ​ជិះ​គេចខ្លួន ហើយ​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែក​ចោរ​ៗ និងជិះម៉ូតូ​ដេញ​តាម​។

តាម​ព័ត៌មាន​អោយ​ដឹង​បន្ត​ទៀត​ថា នៅ​ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​អុី សុ​ភ័​ក្រ​និ​ត​ និង​ឈ្មោះ​លី​ រ៉ា​ណែ​ត​ ជិះ​គេចខ្លួន​ ហើយ​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដេញ​តាម​មក​ដល់ ចំណុច​ផ្លូវ​លេខ​៥៩២​កែង​៣៣៥ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​ ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បុក​ជាមួយ​រថយន្ត ក៏​ត្រូវ​​ចាប់​​ឃាត់ខ្លួន​បាន​២​នាក់ ។​ លុះ​រំលង​បាន​មួយ​ថ្ងៃ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ មេ​សា​ឆ្នាំ​២០២០ សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​សោម វ៉ា​លី​សា​ នៅ​ចំណុច​ផ្លូវលំ​ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លោក​វ​រៈ​សេនីយ៍​ឯក ប៊ុ​ន សត្យា នាយការិយាល័យ​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួនជនសង្ស័យ​រួចមក​ សមត្ថកិច្ច​ឈាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ ដោយ​​ដកហូត​បាន​​កាបូបស្ពាយ​ និង​កាបូបយួរ​របស់​ជន​រង​គ្រោះ​ចំនួន​១៣ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង ដែល​ជិះ​ធ្វើ​សកម្មភាព​។

តាម​ចម្លើយ​សារភាព​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៤​លើក ​ក្នុងនោះ​​លើក​១-ឆក់​យក​ខ្សែ​ក​ផ្លា​ទី​ន​ដាំ​ពេជ្រ នៅ​ចំណុច​មុខ​​ផ្ទះ​លេខ ២DEO ផ្លូវ​លេខ​១១២ កែង​ផ្លូវ​លេខ​២៣៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ ២០២០ ​​លើក​ទី​២-ឆក់​ខ្សែ​ក នៅ​ចំណុច​មុខ ផ្ទះ​លេខ ៩៥២ ផ្លូវ​លេខ​១២៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៥​រសៀល​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ ២០២០ ។

​លើក​៣-ឆក់​កាបូបដៃ​របស់​មន្ត្រី​យោធា​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្លូវ​លេខ​១៦៨​ កែង​ផ្លូវ​លេខ​២៧៦ សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌ​បឹង​កេងកង​ យក​បាន​មាស​ទង្ង​ន់​៦​តម្លឹង​និង​លុយ​៣១០០០​ដុល្លារ​ និង​លើក​ទី​៤​ឆក់​ខ្សែ​ក​ផ្លា​ទី​ន​កាលពី​ថ្ងៃ​ទី​២២​ ខែ​មិ​នា ឆ្នាំ​២០២០​ នៅ​ចំណុច​ផ្លូវ​លេខ ១៥៦ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។​

បន្ទាប់​ពី​បង្ហាញមុខ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប​ញ្ចូ​ន​ទៅ​កាន់​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែ មេ​សា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ