ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩​នៅ​កំពង់ចាម អ្នកជំងឺ​១៦​នាក់​ជា​​សះស្បើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត និង​ក្រុម​គ្រូពេទ្យ​បាន​ជួយ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ​ចំនួន​១៦​នាក់ ឱ្យ​បានជា​សះស្បើយ​ទាំង​អ្នក​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម និង​អ្នក​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។ ទោះជា​បែប​នេះ អាជ្ញាធរ​នៅ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​អនាម័យ​ដើម្បី​ចៀសវាង​កុំឱ្យ​ឆ្លង​ជំងឺ​ដ៏​សាហាវ​នេះ​។…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត និង​ក្រុម​គ្រូពេទ្យ​បាន​ជួយ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ​ចំនួន​១៦​នាក់ ឱ្យ​បានជា​សះស្បើយ​ទាំង​អ្នក​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម និង​អ្នក​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។ ទោះជា​បែប​នេះ អាជ្ញាធរ​នៅ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​អនាម័យ​ដើម្បី​ចៀសវាង​កុំឱ្យ​ឆ្លង​ជំងឺ​ដ៏​សាហាវ​នេះ​។

បើ​តាម​លោក ជា ក្រូច អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២០​នេះ​ថា លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ និង​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត រួម​ទាំង​មន្ត្រី​ក្រោម​ឱវាទ ព្រម​ទាំង​មន្ត្រី​ក្រសួងសុខាភិបាល បាន​យកចិត្តទុកដាក់​ចាប់តាំងពី​ពេល​ដែល​មាន​ស្ត្រី​ចំណាស់​វ័យ​៦៥​ឆ្នាំ ជនជាតិ​អង់គ្លេស​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​លើ​នាវា​ទេសចរណ៍​ដែល​បាន​មក​ចូល​ចត​នៅ​ច្រាំង​ទន្លេ ក្រុង​កំពង់ចាម នា​ពេល​កន្លង​មក រួម​នឹង​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​ទៀត​។

លោក ជា ក្រូច អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត បាន​ប្រាប់​បន្ត​ថា ក្នុង​វិធានការ​ការពារ​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​ជំងឺ ដោយ​នាំ​អ្នកទេសចរ​នៅ​លើ​នាវា​មក​ស្នាក់​នៅ​ដាច់​ដោយឡែក​នៅ​សណ្ឋាគារ​មេគង្គ​មាត់ទន្លេ​ក្រុង​កំពង់ចាម ។ ជាមួយ​គ្នា​នោះ ក៏​មាន​ជនជាតិ​ម៉ា​ឡេ​ស៊ី​នៅ​ខាង​ស្រុក​កងមាស រួម​ទាំង​ភ្ញៀវ​ទេសចរ​នៅ​លើ​នាវា​សរុប​ចំនួន​១៦​នាក់ ដែល​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​ជា​បន្តបន្ទាប់​នៅ​បន្ទប់​ដាច់​ដោយឡែក​ក្នុង​មន្ទីរពេទ្យ​ខេត្ត​។ ក្នុង​នោះ​ក៏​មាន​ជនបរទេស​មួយ​ចំនួន​ដោយ​មានការ​ស្នើ​សុំ​ពី​មន្ត្រី​ស្ថានទូត​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​បន្ត​។

លោក​បន្ត​ថា ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ គឺ​ថ្ងៃ​ទី​១៥ ខែមេសា​កន្លង​ទៅ ជនជាតិ​ម៉ា​ឡេ​ស៊ី​២​នាក់ ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រូវ​បានជា​សះស្បើយ និង​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​វិញ ជាមួយ​នោះ​ក៏​មាន​លិខិតបញ្ជាក់​សុខភាព​ពី​មន្ទីរពេទ្យ​ខេត្ត​ផង​ដែរ​។ និយាយ​រួម​នៅ​ក្នុង​ខេត្តកំពង់ចាម មិន​មាន​អ្នកជំងឺ​ឆ្លង​កូ​វី​ដ​ថ្មី​ទៀត​នោះ​ទេ​។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់​ថា ទោះបី​អ្នកជំងឺ​បានជា​សះស្បើយ​ទាំងអស់​ក៏​ពិតមែន តែ​លោក​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​សហការ​ជាមួយ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត នៅ​តែ​បន្ត​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​នានា ក្នុង​ខេត្តកំពង់ចាម ឲ្យ​បាន​ផល​ផុស​បន្ថែម​ទៀត​។

ជាមួយ​នោះ​ក៏​មាន​ពលករ និង​ពល​ការិនី​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​រស់​នៅ​ដាច់​ដោយឡែក​ពី​សមាជិក​ក្រុម​គ្រួសារ​រយៈពេល​១៤​ថ្ងៃ​ផង​ដែរ ដើម្បី​តាមដាន​សុខភាព ប្រសិន​ណាបើ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​នោះ សូម​រាយការណ៍​ជា​បន្ទាន់​មក​មន្ត្រី​សុខាភិបាល​នៅ​មូលដ្ឋាន​។

គួរ​បញ្ជាក់​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ អាជ្ញាធរ​ខេត្ត​បាន​អនុវត្ត​តាម​បញ្ជា​លេខ​០២ របស់​ប្រមុខ​រាជរាជ​រដ្ឋាភិបាល​កម្ពុជា និង​បាន​បើក​ឲ្យ​ចរាចរណ៍​ឡើង​វិញ​រវាង​ព្រំប្រទល់​ខេត្ត និង​ខេត្ត ហើយ​យុទ្ធ​នា​ការ​នេះ​បាន​ធ្វើ​ឡើង​យ៉ាង​ផុលផុស​នៅ​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ