ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវបានអ្នកភូមិសែងចេញពីចម្ការមកសង្គ្រោះ បន្ទាប់ពីគាត់បានរងរបួសធ្ងន់ធ្ងរដោយដាច់ប្រដាប់ភេទ ក្រោយពីត្រូវហ្វូងសត្វក្របីចំនួន៥ក្បាលព្រួតដេញវ័ធនៅក្នុងព្រៃចម្ការស្វាយចន្ទីខាងក្រោយភូមិ នៅថ្ងៃទី១៧ មេសា នេះ ។
បុរសរងគ្រោះខាងលើ ឈ្មោះ ស្រ៊ុយ សីហា អាយុ៥០ឆ្នាំ រស់នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ។
នៅពេលគាត់កំពុងរើសគ្រាប់ស្វាយចន្ទី ក៏ឃើញហ្វូងសត្វក្របីចំនួន៥ក្បាលនៅក្នុងចម្ការស្វាយ ហើយគាត់ដើរទៅដេញ តែក៏ត្រូវហ្វូងសត្វក្របីទាំងនោះព្រួតដេញវ័ធ បណ្តាលឲ្យរងគ្រោះដាច់រយះពេញរាងកាយ ពិសេសនោះរងគ្រោះរហូតដាច់ប្រដាប់ភេទ ។
ក្នុងស្ថានភាពនោះ ជនរងគ្រោះបានស្រែកឲ្យគេជួយ និងក៏ត្រូវបានអ្នកភូមិនៅចម្ការក្បែរនោះចេញមកជួយសែងជម្លៀសបុរសរងគ្រោះចេញពីហ្វូងក្របីដែលកំពុងកាចសាហាវទាំងនោះ។ ជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ដោយសាររងការវ័ធពីសត្វក្របីជាច្រើនក្បាល ដែលមានស្នែងវែងៗ និងមុតស្រួច ។
អធិការរងនគរបាលស្រុកសំបូរ លោកវរសេនីយ៍ទោ ណយ ស៊ីថាច បានថ្លែងថា ហេតុការណ៍ក្របីវ័ធមនុស្សនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ដោយគ្រាន់តែរងគ្រោះធ្ងន់ធ្ងរ ហើយជនរងគ្រោះក៏ត្រូវបានចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈនគរបាលកំពុងតែធ្វើការស្រាវជ្រាវរកម្ចាស់សត្វក្របីដែលលែងចោលក្នុងព្រៃទាំងនោះឲ្យមកទទួលខុសត្រូវ។
នេះជាករណីទី២ហើយ ដែលមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារក្របីវ័ធនៅស្រុកសំបូរ។ ដោយកាលពីដើមខែកុម្ភៈកន្លងទៅ មានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលដំរី នៅស្រុកសំបូរម្នាក់ ក៏បារងរបួសធ្ងន់ធ្ងរស្ទើរស្លាប់ ដោយសាររងពីហ្វូងសត្វក្របីដេញវ័ធ នៅពេលដែលមន្ត្រីនគរបាលប៉ុស្តិ៍រូបនេះ បានចុះបង្ក្រាបអំពើចោរកម្មលួចក្របី ។
ចែករំលែកព័តមាននេះ