ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ព្រឹទ្ធសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ហើយ ។ ការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​វិសាមញ្ញ នា​ព្រឹក​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ​២០២០​ក្រោម​អ​ធីប​តី​ភាព​លោក ស៊ឹ​ម ការ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ព្រឹទ្ធសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ហើយ ។ ការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​វិសាមញ្ញ នា​ព្រឹក​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ​២០២០​ក្រោម​អ​ធីប​តី​ភាព​លោក ស៊ឹ​ម ការ ប្រធាន​ស្តីទី​ព្រឹទ្ធសភា មាន​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន ៥៤​រូប ។

អង្គប្រជុំ​បាន​ដំណើរការ​ដោយ​មាន​របៀបវារៈ​តែ​មួយ គឺ ៖ ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ។ សេចក្តីព្រាងច្បាប់​នេះ តាក់តែង​ឡើង​មាន​គោលបំណង​កំណត់​អំពី​បែបបទ​នីតិវិធី និង​លក្ខខណ្ឌ​នៃ​ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ ព្រមទាំង​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ការ​ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន ។

សេចក្តីព្រាងច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​នៅ​ពេល​ដែល​ប្រទេស​ជាតិ​ត្រូវ​បាន​ដាក់​ស្ថិត​ក្នុង​ភាព​អាសន្ន ស្រប​តាម​មាត្រា​២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សេចក្តីព្រាងច្បាប់​នេះ មានគុណ​ប្រយោជន៍​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ដោយ​បាន​ផ្តល់​មូលដ្ឋាន​គតិ​យុ​ត្ត​ជាក់លាក់​ដល់​ការ​អនុវត្ត​មាត្រា​២២​ថ្មី មាត្រា​៨៦ មាត្រា​១០២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជា​មូលដ្ឋាន​គតិ​យុ​ត្ត​កំណត់​នូវ​បែបបទ នីតិវិធី និង​លក្ខខណ្ឌ​នៃ​ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន ជា​មូលដ្ឋាន​គតិ​យុ​ត្ត​កំណត់​អំពី​សិទ្ធិ​អំណាច​របស់​រាជរដ្ឋាភិបាល ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​នានា ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន និង​ឱ្យ​រដ្ឋសភា ព្រឹទ្ធសភា​ទទួល​បាន​ពី​រាជរដ្ឋាភិបាល​នូវ​ការ​រាយការណ៍​ជា​ប្រចាំ​អំពី​វិធានការ​បាន​ដាក់​ចេញ​ក្នុង​ពេល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន នឹង​អាច​ស្នើ​សុំ​ព័ត៌មាន​ចាំបាច់​បន្ថែម​ផ្សេង​ៗ​ទៀត​ពី​រាជរដ្ឋាភិបាល​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ត្រួតពិនិត្យ និង​ការ​វាយតម្លៃ​អំពី​វិធានការ​ដែល​បាន ដាក់​ចេញ​ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន ។

សេចក្តីព្រាងច្បាប់​នេះ តាក់តែង​ឡើង​មាន ០៥​ជំពូក និង​១២​មាត្រា ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជា​-​ណា​ចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១១៥​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃ​ទី​១០​ខែមេសា ឆ្នាំ​២០២០ នា​សម័យប្រជុំ​លើក​ទី​៤ នីតិកាល​ទី​៦ ។

ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អម​ដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ ។ អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៤​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ