ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ទី ១​ដើមឆ្នាំ​នេះ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​រក​ចំណូល​បាន​ជាង ៧​លាន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​ត្រីមាស​ទី ១ ដើមឆ្នាំ ២០២០​នេះ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​រក​ប្រាក់ ចំណូល​សរុប​បាន​ជាង ៧,៦​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ចំណូល​បាន​មក​ពី​ការ​លើកដាក់ ក្រោម​ដង​យោង​មាន​ជាង…

រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​ត្រីមាស​ទី ១ ដើមឆ្នាំ ២០២០​នេះ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​រក​ប្រាក់ ចំណូល​សរុប​បាន​ជាង ៧,៦​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ចំណូល​បាន​មក​ពី​ការ​លើកដាក់ ក្រោម​ដង​យោង​មាន​ជាង ២,៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​ចំណូល​លើកដាក់​នៅ​លើ​ទីលាន មាន​ជាង ២,៤​លាន​ដុល្លារ​អា​មេ​រិ​ក​នាំមុខ​ចំណូល​ផ្សេង​ៗ នេះ​បើ​យោង​តាម​កំពង់​ផែ ស្វយ័ត​ភ្នំពេញ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ១៤​ខែមេសា​នេះ បង្ហាញ​ថា​លទ្ធផល​ការងារ​អាជីវកម្ម សេវាកម្ម​នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២០​នេះ គឺ​ទំនិញ​ជា ប្រេងឥន្ធនៈ​មាន​ជាង ៩៣​ម៉ឺន​តោន កើនឡើង ៣%, នាវា​ផ្ទុកទំនិញ​ឆ្លងកាត់ ៦២៥​គ្រឿង កើនឡើង ១៤%, នាវា​ទេសចរណ៍​មាន ១២៦​ជើង ធ្លាក់​ចុះ ៧%, បរិមាណ​កុងតឺន័រ​មាន ៧៤.៣៣៣​ធី​អ៊ី​យូរ​កើនឡើង ២៦% និង​បរិមាណ​អ្នកដំណើរ​មាន​ជាង ៩​ពាន់​នាក់​ពោល ធ្លាក់​ចុះ ២២% បើ​ប្រៀបធៀប​និង​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ។

សេចក្តី​ប្រកាស​ដដែល​ឱ្យ​ដឹង​ថា លទ្ធផល​ការងារ​អាជីវកម្ម សេវាកម្ម អនុវត្ត​ក្នុង​ខែមីនា ឆ្នាំ ២០២០​ដែល​ក្នុង​នោះ គេ​មើលឃើញ​ថា​ទំនិញ​ជា​ប្រេងឥន្ធនៈ​មាន​ជាង ២៦​ម៉ឺន​តោន​ធ្លាក់ ចុះ ១៣%, នាវា​ផ្ទុកទំនិញ​ឆ្លងកាត់​មាន ១៧១​គ្រឿង​ធ្លាក់​ចុះ ១៦%, នាវា​ទេសចរណ៍​មាន ២៨​ជើង​ធ្លាក់​ចុះ ៣៩%,​បរិមាណ​កុងតឺន័រ​មាន ២៤.៤៧៣​ធី​អ៊ី​យូ កើនឡើង ១៧% និង បរិមាណ​អ្នកដំណើរ​មាន ១.៥១៩​នាក់​ធ្លាក់​ចុះ ៦៥% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​និង​ឆ្នាំ ២០១៩ ។

អ្នកស្រី គឹ​ម សុ​ផា​នី​តា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​មូល​ប​ត្រ​នៃ​ក្រុមហ៊ុន​ផ្សារ មូល​ប​ត្រ​កម្ពុជា​មាន​ប្រសាសន៍​ថា របាយការណ៍​ចំណូល​ប្រចាំត្រីមាស​ទី ១ របស់​កំពង់​ផែ ស្វយ័ត​ភ្នំពេញ​គាត់​ធ្វើ​បាន​ល្អ​មែនទែន ទោះបី​ស្ថិត​នៅ​ក្នុង​ភាព​ដ៏​លំបាក​ដល់​ការ​ចរាចរណ៍ ទំនិញ​ក្នុង​តំបន់ និង​ពិភពលោក​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នេះ ។អ្នកស្រី​បន្ត​ថា «​ក្នុង​ត្រីមាស​ទី ១ នេះ​យើង​ឃើញ​ថា​កំពង់​ផែ​ភ្នំពេញ​នៅ​តែ​អាច​រក្សា​បាន​នូវ ចំណូល​ខ្ពស់ ហើយ​យើង​សង្កេត​ឃើញ​ថា​មានការ​កើនឡើង​ថែម​ទៀត​បើ​ប្រៀបធៀប​ទៅ និង​ឆ្នាំ ២០១៩ ដែល​ក្រុមហ៊ុន​ដាក់​មក​ខាង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​) គឺ​មាន តែ ៥,៨៧​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​គាត់​ធ្វើ​បាន​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ។

ក្នុង​ត្រីមាស​ទី ១​ឆ្នាំ ២០២០​នេះ​ស្រប​ពេល​មាន​វិបត្តិ​ដោយសារ​វីរុស​កូ​រ៉ូ​ណា​គាត​មិន​ត្រឹមតែ អាច​រក្សា​បាន​ចំណូល​ទេ ថែម​ទាំង​មានការ​កើនឡើង​ទៀត អ៊ីចឹង​នេះ គឺជា​ចំណុច​វិជ្ជមាន ខ្ពស់​ដែល​វិនិយោគិន​គួរ​ធ្វើការ​ចាប់អារម្មណ៍​ទៅ​លើ​លទ្ធផល​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​» ។

ពាក់ព័ន្ធ​និង​ការ​ធ្វើ​អាជីវកម្ម​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​បើ​គេ​សង្កេត​ទៅ​មើល​តម្លៃ​ភាគហ៊ុន​របស់​កំពង់​ផែ​នៅ​ថ្ងៃ​ទី ១៥​ខែមេសា​ឆ្នាំ ២០២០​នេះ តម្លៃ​ក្នុង​មួយ​ភាគហ៊ុន​ថ្លៃ ៥.៩៦០ រៀល ហើយ​ទំហំ​ជួញដូរ​មាន​ដល់ ៣.៤៦៣​ភាគហ៊ុន បើ​គិត​ជា​តម្លៃ​ជួញដូរ​មាន​ជាង ២០​លាន​រៀល ខណៈ​ទំហំ​នៃ​ការ​ជួញដូរ​ភាគហ៊ុន​កាលពី​ថ្ងៃ​ទី ១៤​ខែមេសា​មាន​តែ ៥៧៦ ភាគហ៊ុន​គិត​ជា​សាច់ប្រាក់​មាន​ជាង​តែ ៣​លាន​រៀល​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ