ខេត្តព្រះសីហនុ ៖ លោក តាំង សុចិតគ្រឹះស្នា ប្រធានមន្ទីរទេសចរខេត្តបានឱ្យដឹង នៅរសៀលថ្ងៃទី១៤
មេសា ថា ទន្ទឹមនឹងបងប្អូនយើងមានការយល់ដឹងក្នុងការការពារពីកូវីដ១៩ និងបានអនុវត្តទៅតាមគោលការសារាណែនាំ កុំឱ្យមានការជួបជុំមនុស្សច្រើននោះ សង្កេតឃើញចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងខេត្តព្រះសីហនុ មានការធ្លាក់ចុះយ៉ាងគំហុកនាពេលបច្ចុប្បន្ន ។
ស្ថិតតាមរមណីយដ្ឋាន និងតំបន់ឆ្នេរកំសាន្ត ក៏ដូចជាម្ចាស់ផ្ទះសំណាក់ និងតាមសណ្ឋារគារ គិតត្រឹមថ្ងៃទី១៥ មេសា នេះ ដែលជាថ្ងៃចូលឆ្នាំទី៣ គឺមានសភាពស្ងាត់ខ្លាំង ដោយមិនមានមនុស្សដើរច្រើននោះទេ ។ ហើយចំពោះបងប្អូនដែលជាអ្នកក្នុងខេត្តវិញ ក៏មិនសូវចេញដើរដែរ ដោយពួកគេបាននៅក្នុងផ្ទះ ព្រោះតែខ្លាចការឆ្លងវីរុសកូវីដ១៩នេះ ។
ដោយសារតែសម្ពាធមេរោគប្រភេទថ្មី កូវីដ១៩ កំពុងវាយលុកមកពីខាងក្រៅគ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពីសុខភាពរបស់បងប្អូន ដោយដាក់កំហិតឱ្យផ្អាកការធ្វើដំណើរក្នុងប្រទេស កុំឱ្យឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងសំណូមពរសុំឱ្យកាត់បន្ថយការជួបជុំ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាត ។
លោកប្រធានមន្ទីរទេសចរខេត្តបន្តថា ដើម្បីការពារបន្ថែម ក្រុមការងាររបស់មន្ទីរទេសចរបានយកចិត្តទុកដាក់ ដោយចុះបាញ់ថ្នាំការពារមេរោគនៅតាមតំបន់កម្សាន្តមួយចំនួនផងដែរ ។
គួរបញ្ជាក់ថា នៅក្នុងពិភពលោកនេះ កំពុងកើតមានសង្គ្រាមមេរោគដ៏សាហាវកូវីដ១៩ បណ្តាលឱ្យប្រទេសក្នុងតំបន់អឺរុបមួយចំនួន មានមនុស្សស្លាប់ពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើង ជាបន្តបន្ទាប់និងបានចម្លងរីករាលដាលដល់ប្រទេសមួយចំនួននៅក្នុងតំបន់ថែមទៀត ។
ទន្ទឹមនេះ ក៏សង្កេតឃើញដែរ លើក្រុមអាជីវករលក់ដូរបានត្អូញត្អែរគ្រប់ៗគ្នាថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ពួកគាត់ជួបប្រទះការលំបាកក្នុងការប្រកបមុខរបរ ដោយសារមិនមានភ្ញៀវទេសចរធ្វើដំណើរចូលមកកំសាន្ត ដូចកាលពីឱកាសចូលឆ្នាំកន្លងមក ដោយសារតែពិភពលោកកើតមានជំងឺកូវីដ១៩ ម្នាក់ៗមានការប្រុប្រយ័ត្នរៀងៗខ្លួន ។
ចែករំលែកព័តមាននេះ