ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ទ្រាំ​លែង​បាន​សម្រេច​ផ្តាច់​លុយ​ដល់​អង្គការ​សុខភាព​ពិភពលោក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ មាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​បញ្ឈប់​ការ​ផ្តល់​មូលនិធិ​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ហើយ​លោក​បាន​ណែនាំ​រដ្ឋបាល​របស់​លោក​រួច​ហើយ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ មាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​បញ្ឈប់​ការ​ផ្តល់​មូលនិធិ​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ហើយ​លោក​បាន​ណែនាំ​រដ្ឋបាល​របស់​លោក​រួច​ហើយ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ថ្ងៃ​ទី ១៥ មេ​សា​។

លោក​ត្រាំ បាន​និយាយ​ថា​អង្គការ​សុខភាព​ពិភពលោក «​បាន​បរាជ័យ​ក្នុង​កាតព្វកិច្ច​ជា​មូលដ្ឋាន​» ក្នុង​ការ​ឆ្លើយ​តប​របស់​ខ្លួន​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា ឬ​ហៅ​ថា កូ​វី​ដ -១៩ នេះ​។ លោក​បាន​ចោទប្រកាន់​ស្ថាប័ន​អង្គការសហប្រជាជាតិ ពី​បទ «​ធ្វើ​មិន​បាន​ត្រឹមត្រូវ​និង​បិទ​បាំង​ការ​រីក​រាលដាល​នៃ​មេរោគ​» បន្ទាប់​ពី​វា​បាន​លេច​ចេញ​នៅ​ក្នុង​ប្រទេស​ចិន​ហើយ​បាន​និយាយ​ថា​ស្ថាប័ន​មួយ​នេះ​ត្រូវ​តែ​ទទួលខុសត្រូវ​។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​វាយប្រហារ​ទៅ​លើ WHO ។ កាលពី​គ្រា​មុន លោក​ត្រាំ ក៏​បាន​ចោទប្រកាន់ WHO​ថា​មាន​ភាព​លំអៀង​ទៅ​រក​ចិន ពាក់ព័ន្ធ​វីរុស​កូ​វី​ដ -១៩ នេះ ។

យ៉ាងណាមិញ លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ខ្លួនឯង​ក៏​ត្រូវ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ទឹកដី​របស់​គាត់​ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង​មួយ​នេះ ។
លោក Trump បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ឯ​សេត​វិមាន​ថា « ខ្ញុំ​កំពុង​ដឹកនាំ​រដ្ឋបាល​របស់ខ្ញុំ ឲ្យ​បញ្ឈប់​មូលនិធិ ខណៈ​ពេល​ដែល​ការ​ពិនិត្យ​ឡើង​វិញ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​វាយតម្លៃ​តួនាទី​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​យ៉ាងធ្ងន់ធ្ងរ​និង​ការ​លាក់បាំង​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​» ។

លោក​បាន​បន្ថែម​ថា «​អង្គការ​សុខភាព​ពិភពលោក​បាន​បរាជ័យ​ក្នុង​កាតព្វកិច្ច​មូលដ្ឋាន​របស់​ខ្លួន​ហើយ​ស្ថាប័ន​នេះ​ត្រូវ​តែ​ទទួលខុសត្រូវ​» ។ ប្រតិកម្ម​ទៅ​នឹង​ការ​កត់សម្គាល់​របស់​លោក​ត្រាំ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក António Guterres បាន​និយាយ​ថា​ពេល​នេះ​មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​កាត់​បន្ថយ​ធនធាន​សម្រាប់​អង្គការ​សុខភាព​ពិភពលោក​ទេ​។

សហរដ្ឋអាមេរិក​គឺជា​អ្នក​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​តែ​មួយ​ធំ​បំផុត​របស់​អង្គការ​សុខភាព​ពិភពលោក ដោយ​ផ្តល់​ថវិកា​ចំនួន ៤០០ លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​មុន​ពោល​គឺ​ក្រោម ១៥% នៃ​ថវិកា​សរុប​របស់​ខ្លួន​។

សហរដ្ឋអាមេរិក​សហរដ្ឋអាមេរិក​ក្លាយជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​និង​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩​ច្រើន​ជាងគេ​លើ​ពិភពលោក ដែល​ក្នុង​នោះ មនុស្ស​យ៉ាង​ហោច​ណាស់ ៦១២៣៨០ ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​វីរុស​កូ​វី​ដ ១៩ ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់ ២៥ ៩៤៩ នាក់ និង​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ៤៨ ០៣៦ នាក់ គិត​ត្រឹម​ថ្ងៃ​ទី ១៥ មេ​សា នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ