រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា បើសិនការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជាធានីភ្នំពេញអាចជាការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយតូច ប៉ុន្តែក្រសួងនឹងខិតខំស្រាវជ្រាវ ដើម្បីទប់ស្កាត់ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង បានលើកឡើងថា អ្នកដែលឆ្លងជំងឺកូវីដ១៩ ទាំងអ្នកព្យាបាលជា និងកំពុងព្យាបាលនៅទូទាំ ងប្រទេស គិតមកត្រឹមថ្ងៃទី១២ ខែមេសា មានសរុបចំនួន១២២នាក់ ស្រី៣៨នាក់ និងបុរស ៨៤នាក់ ។
ចំនួនវត្ថុសំណាកដែលធ្វើវិភាគមាន៨៩០៩សំណាក់ ដែលចំនួននេះ បើគិតក្នុងចំណោមប្រជាជន១លាននាក់ មាន៤៥៦សំណាក បានធ្វើវិភាគដែលមានចំនួនច្រើនជាងបណ្តាប្រទេសអាស៊ានមួយចំនួនដូចជាប្រទេសភូមា ២៦សំណាក សម្រាប់ប្រជាជន១លាននាក់ ប្រទេសឡាវ មាន១៥៧សំណាក់ក្នុងចំណោម ប្រជាជន១លាននាក់ ប្រទេសឥណ្ឌូ៧១ សំណាក ក្នុងចំណោមប្រជាជន១លាននាក់ និងប្រទេសហ្វីលីពីន៣០៩សំណាក់ ក្នុងចំណោមប្រជាជន១លាននាក់ ។
លោកបញ្ជាក់ថា ៖«ក្រសួងសុខាភិបាលបានកត់សម្គាល់ថា ការរកឃើញវីរុសកូវីដ១៩ នៅរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនឹងអាចចាត់ទុកជាការឆ្លងក្នុងសហគមន៍ក្នុងទ្រង់ទ្រាយតូច បើសិនការស្រាវជ្រាវបន្តរបស់ក្រុមការងារនៃនាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្ទីសុខាភិបាលរាជធានីភ្នំពេញ រួមជាមួយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងសហរដ្ឋអាមេរិក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធអាចរកឃើញថា មិនមានរកប្រភពនៃការឆ្លងជំងឺកូវីដ១៩» ។
លោករដ្ឋមន្ត្រីបានបន្តថា ក្រុមការងារខាងនឹងខិតខំធ្វើការយ៉ាងសកម្ម ដើម្បីស្រាវជ្រាវបន្តទៀតនៃអ្នកដែលមានហានិភ័យខ្ពស់ និងអ្នកផ្សេងទៀត ដើម្បីចាត់វិធានការទប់ស្កាត់ចម្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ។ ប៉ុន្តែការទប់ស្កាត់ឆ្លងជំងឺនេះ ត្រូវតែមានការចូលរួមពីប្រជាជនក្នុងការអនុវត្តវិធានការនានា ដែលក្រសួងដាក់ចេញ ។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកឥរិយាបថក្នុងការការពារក្នុងដំណាក់កាលវីរុសកូវីដ១៩ បានកំពុងរីករាលដាលដែលភាគច្រើន លើសលុបជាជនបរទេសជាបន្តបន្ទាប់ ដោយទុករយៈពេល១៤ថ្ងៃ ។ ដូច្នេះសូម គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត ៕
ចែករំលែកព័តមាននេះ