វៀតណាម​បន្ត​ការ​នាំ​ចេញ​អង្ករ ក្រោយ​ពី​ប្រកាស​ហាមឃាត់​មួយ​រយៈ


វៀតណាម ៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍ (១១ មេ​សា​) ថា នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀ​ន​ស្វឹ​ន​ភុ​ក (Nguyen Xuan Phuc) បាន​យល់ព្រម​ជា​មួយនឹង​ផែនការ ដើម្បី​បន្ត​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​ហាមឃាត់​ការ​នាំ​ចេញ​ក្នុង​ខែមីនា ដើម្បី​ធានា​សន្តិសុខ​ស្បៀងអាហារ​ជាតិ ចំ​ពេល​មានការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩​។

ទីភ្នាក់ងារសារព័ត៌មាន​បាន​រាយការណ៍​ថា ប្រទេស​នេះ​នឹង​នាំ​ចេញ​អង្ករ​ប្រហែល ៤០០០០០​តោន​នៅ​ក្នុង​ខែមេសា ដោយ​កត់​សម្គាល់ថា ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម និង​ក្រសួង​និង​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ដទៃ​ទៀត នឹង​ពិចារណា​អំពី​ស្ថានភាព​ជំងឺ​រាតត្បាត​នេះ ហើយ​រាយការណ៍​ទៅ​នាយក​រដ្ឋមន្ត្រី​អំពី​ផែនការ​នាំ​ចេញ​អង្ករ​សម្រាប់​ខែឧសភា​។

តាម​របាយការណ៍​បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​អាច​នាំ​ចេញ​អង្ករ​បាន ៨០០០០០​តោន​នៅ​ក្នុង​ខែមេសា និង​ឧសភា ពោល​គឺ​ធ្លាក់​ចុះ ៤០% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

មុន​នេះ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បាន​ស្នើ​សុំ​បន្ត​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស ដោយ​បង្ហាញ​ថា ប្រទេស​នេះ​បាន​កំណត់​កូតា​សម្រាប់​ការ​នាំ​អង្ករ​ចេញ​ជា​រៀង​រាល់​ខែ ចំ​ពេល​មានការ​ផ្ទុះ​ឡើង​ជំងឺ​កូ​វី​ដ​១៩​។ ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម​បាន​ព្យាករណ៍​ថា តម្រូវ​ការ​ស្បៀងអាហារ​ក្នុងស្រុក​របស់​ប្រទេស​ក្នុង​ឆ្នាំ​២០២០ នឹង​ឈាន​ដល់​ជិត ៣០​លាន​តោន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ