របៀបវារៈ​បុណ្យចូលឆ្នាំ​ខ្មែរ​ក្នុង​រង្វង់​បី​ថ្ងៃ


តាម​ប្រ​វ​តិ្ត​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​របស់​ប្រទេស​កម្ពុជា​មាន​តាំងពី​បុរាណកាល​មក ដែល​តាម​ធម្មតា​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​ទី​១៣ ឬ​១៤ ខែមេសា និង​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ ។

នៅ​ពេល​ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់ គេ​រៀប​គ្រឿង​សក្ការបូជា​សម្រាប់​ទទួល​ទេវតា​ថ្មី ចំណែក​ផ្ទះសម្បែង មានការ​តុបតែង​រំលេច​ដោយ​អំ​ពូ​ល អគ្គិសនី ខ្សែ​តូច​ៗ ចម្រុះ​ពណ៌ ឬ​ចង្កៀងគោម គ្រប់​ពណ៌ សម្រាប់​ទទួល​ទេវតា​ថ្មី ។ លុះដល់​វេលា​កំណត់​ទេវតា​ថ្មី​យាង​មក គេ​នាំ​កូនចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់ស្រន់ សុំ​សេចក្តីសុខ​សេចក្តីចម្រើន គ្រប់​ប្រការ​អំពី​ទេវតា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ និង​ក្រយា​ស្ងើ​យ​ដាក់​ថ្វាយ​ទេវតា​នាះ គេ​និយម​តម្រូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ចុះ​មក​ក្នុង​ឆ្នាំ​នីមួយ​ៗ ។ នៅ​ក្នុង​រង្វង់​៣​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​នោះ​មាន​ពិធី​ដូច​តទៅ ៖

ថ្ងៃ​ទី​១- គេ​ត្រូវ​ជួបជុំ​គ្រួសារ ត្រៀម​អុច​ធូប​បន់ស្រន់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែល​ចុះ​មក​ដើម្បី​សុំ​នូវ​សេចក្ដីសុខ ហើយ​និង​ការ​បន់ស្រន់​សុំ​សម្រេច​នូវ​បំណងប្រាថ្នា​អ្វីមួយ​ពី​ទេវតា​ឆ្នាំ​ថ្មី បន្ទាប់​មក​កូនចៅ​ជូន​សម្លៀក​បំពាក់ នំចំណី ប្រាក់​កាក់​ដល់​អ្នក​មានគុណ មាន​ឪពុក​ម្តាយ ជីដូន​ជីតា ជាដើម ជួនកាល​គេ​ធ្វើ​ទាន​ដល់​អ្នក​ក្រីក្រ​ទៀត​ផង ។

ថ្ងៃ​ទី​២- គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ទាំងឡាយ​នៅ​តាម​វត្ត​អារាម ពេល​ល្ងាច​គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វាលុកចេតិយ​នៅ​ជុំវិញ​ព្រះ​វិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ៍​ណាមួយ​នៅ​ក្នុង​វត្ត​នោះ​។ នៅ​ពេល​ព្រលប់ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ភិក្ខុ​ទាំងឡាយ និមន្ត​ភិក្ខុ​សូត្រ​ចម្រើន​ព្រះ​បរិត្ត និង​សម្ដែង​ធម្មទេសនា​។ ពេល​រសៀល គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំខ្សាច់ ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត​ទុក​ដូច​ចូឡាមណី​ចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំងឡាយ បង្សុកូល​ចេតិយ បញ្ជូន​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​ញាតិសន្តាន​ដែល​បាន​ស្លាប់​ទៅ ។

ថ្ងៃ​ទី​៣- ពេល​ព្រឹក​គេ​និមន្ត​ព្រះ​រស់នៅ​ក្នុងផ្ទះ​ដែល​យើង​ហៅ​ថា​ឪពុក​ម្ដាយ​ដើម្បី​ស្រង់ទឹក​លាងបាប និង​ជា​ការ​ដឹងគុណ​ផង ពេល​ថ្ងៃ​គេ​ទៅ​ស្រង់​ព្រះពុទ្ធ​បដិមា​ដើម្បី​យក​ទឹក​មក​លប់​លាងមុខ​ជម្រះ​ឧបទ្រពចង្រៃ​ផ្សេង​ៗ រួច​គេ​និមន្ត​ព្រះសង្ឃ​សូត្រ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​ភិក្ខុសង្ឃ​ត្រូវ​ចេញ​ទៅ​ស្រង់ទឹក​ជូន​ឧបាសក ឧបាសិកា​នៅ​តាម​ភូមិ​ស្រុក​វិញ​ដើម្បី​ជម្រះ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់ ដើម្បី​បញ្ជាក់​អត្ថន័យ​ថា ការ​ធ្វើអំពើ​ល្អ អំពើ​ល្អ​នឹង​ត្រឡប់​សង​មក​វិញ​។

នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ទាំង​បី​ថ្ងៃនេះ គេ​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ​កម្សាន្ដ​សប្បាយ​ជា​ច្រើន​ដូច​ជា ល្បែង​ទាញព្រ័ត្រ ស្ដេចចង់ បោះអង្គញ់ ចោល​ឈូង លាក់កន្សែង ខ្លែង​ឆាប​កូន​មាន់ ជាដើម ពិសេស​រាំ​តាម​ចង្វាក់​ភ្លេងសម័យ​មាន​រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ា​ន់​យ៉ាង​សប្បាយ​ក្រៃ​លែង តែ​ក៏​គេ​មិន​ភ្លេច​យក​ចង្ហាន់​ទៅ​វត្ត​អារាម​ដែរ ។ សាន សារិន

វប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ