រាជធានីភ្នំពេញ ៖ កញ្ញាដួង ម៉ានិច ត្រូវបានជ្រើសរើសជាតួអង្គតំណាងឲ្យទេវតាសង្ក្រាន្តឆ្នាំថ្មី ក្នុងទម្រង់សម័យអង្គរ សម្រាប់ចងក្រងជាសៀវភៅព្រះរាជពិធីទ្វាទសមាស ខណៈទេវតាតួអង្គតំណាងឲ្យពង្សទេវតាប្រុសឆ្នាំជូតបានទៅលើតារាសម្តែង និងច្រៀងលោកនូ ឧសភា ។
កាលពីពេល ថ្មីៗកន្លងមកដួង ម៉ានិច បានសម្តែងនូវក្តីរីករាយ និងមោទនភាព ក្នុងពេលដែលនាងបានទទួលតំណែងកិត្តិយសនេះ ហើយនាងអរគុណនូវទឹកចិត្តក្រុមការងារទាំងអស់សម្រាប់ការចូលរួម និងកម្លាំងសាមគ្គីដែលធ្វើឲ្យទេពធីតាសង្ក្រាន្តក្នុងសៀវភៅព្រះរាជពិធីទ្វាទសមាសលេចនូវរូបរាងឡើង ។ ជាមួយរូបរាងជាតួអង្គទេវតាឆ្នាំថ្មី ដួង ម៉ានិច បានភ្ជាប់ជាមួយសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា «នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានគ្រងនូវសម្លៀកបំពាក់តួអង្គតំណាងឲ្យទេវតាសង្ក្រាន្តឆ្នាំថ្មី ព្រះនាងគោរាគៈទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម ក្នុងទម្រង់សម័យអង្គរ ដែលបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ដ៏ត្រចះត្រចង់របស់ខ្មែរ ។
សូមបួងសួងដល់បារមីនៃបុព្វបុរសខ្មែរគ្រប់សម័យកាល សូមប្រទាននូវពរជ័យ គំនិត បញ្ញាស្មារតីដល់កុលបុត្រខ្មែរគ្រប់រូប រួបរួមគ្នាសិក្សាស្រាវជ្រាវ ស្រឡាញ់ ថែរក្សា និងលើកតម្កើងនូវមរកតវប្បធម៌ជាតិយើងឲ្យកាន់តែផុសត្រដែតរូបរាង មានពន្លឺឡើងគ្រប់ទម្រង់ គ្រប់សម័យកាល ដើម្បីបង្ហាញលើឆាកជាតិ និងអន្តរជាតិនូវវប្បធម៌ដ៏រុងរឿងរបស់មហានគរខ្មែរ ។ កូនខ្មែរជំនាន់ក្រោយ ពិតជាមានមោទនភាព និងគោរពកោតសរសើរដល់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏អស្ចារ្យ រចនាបទជាច្រើនសម័យកាល ដែលគួរឲ្យសិក្សាឈ្វេងយល់ »។
សៀវភៅព្រះរាជពិធីទ្វាទសមាស គឺជាសៀវភៅសម្រាប់កិច្ចការចងក្រងនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរដែលធ្លាប់បានបោះពុម្ភ. ភាគ១, ភាគ២ និងភាគ៣រួចមកហើយ ។ សៀវភៅនេះចម្លងចេញពីសាស្ត្រាស្លឹករឹតទាំងឡាយ ដែលសាស្ត្រាទាំងនោះចារនៅមុនសម័យកើតព្រះនគរសៀម (ស្យាម) បច្ចុប្បន្នថៃ ។
ឆ្នាំនេះ ទេវតាសង្ក្រាន្តឆ្នាំថ្មី ព្រះនាងគោរាគៈទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម ទ្រង់នឹងយាងចុះមកក្នុងថ្ងៃមហាសង្ក្រាន្តខាងមុខ ថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០២០ វេលាម៉ោង២០:៤៨នាទី ក្នុងកិរិយាផ្ទំបើកព្រះនេត្រ (តាមសៀវភៅព្រះរាជពិធីទ្វាទសមាស) លើខ្នងព្យាគ្ឃៈ (ស្តេចខ្លា) ជាពាហនៈ ទ្រង់អម្ពរពណ៌លឿង លម្អព្រះកាណ៌ ដោយផ្កាអង្គាបុស្ស អភរណ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្ដឆ្វេងទ្រង់ឈើច្រត់ ៕
ចែករំលែកព័តមាននេះ