ប៉ារីស ៖ មន្រ្តីក្រសួងការពារជាតិបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើតេស្តចំនួន៦៦ករណី ដែលសង្ស័យថា មានឆ្លងកូវីដ១៩នោះ ជាលទ្ធផលបានរកឃើញចំនួន ៥០ករណី នៅលើនាវាដឹកយន្តហោះចម្បាំង របស់បារាំងឈ្មោះ ឆាលដឺហ្គោល Charles de Gaulle” ។
សេចក្តីថ្លែងការណ៍ បន្តថា “នាវិក៣នាក់ ត្រូវបានជម្លៀសចេញភ្លាមៗដឹកតាមយន្តហោះ ដើម្បីបញ្ជូនទៅមន្ទីរពេទ្យ នៅប្រទេសបារាំង ។ រហូតមកដល់ពេលនេះ សល់ប៉ុន្មាន គ្មានករណីណាមួយ ដែលត្រូវបានរាយការណ៍ថា ធ្ងន់ធ្ងរនោះទេ “។
កាលពីថ្ងៃពុធ ក្រសួងការពារជាតិ ក៏បានប្រកាសដែរថា នាវាដឹកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ មួយគ្រឿងនេះ បានផ្អាកបេសកកម្មរបស់ខ្លួន បន្ទាប់ពីបានពិនិត្យឃើញប្រហែលជា៤០ករណី ដែលសង្ស័យថា មានឆ្លងវីរុសកូវីដ-១៩ នៅលើនាវាដឹកយន្តហោះ នោះ ។
ក្រុមអ្នកជំនាញខាងរោគរាតត្បាត នៃកងទ័ពជាតិបារាំង (ពេទ្យទាហាន) បានបញ្ជូនទៅត្រួតពិនិត្យរកអ្នកឆ្លងវីរុស ក្នុងចំណោម នារិកនិងបុគ្គលិក ១.៧៦០នាក់ នៅលើនាវាចម្បាំង ដឹកយន្តហោះ ។
បន្ទាប់ពីសមយុទ្ធរួមគ្នា នៅសមុទ្របាល់ទិក ជាមួយកងទ័ពជើងទឹក អ៊ឺរ៉ុប នាវាចម្បាំងរបស់កងទ័ពជើងទឹកបារាំង គ្រោងនឹងវិលត្រឡប់មកកំពង់ផែមេឌីទែរ៉ាណេវិញ នៅថ្ងៃទី២៣ ខែមេសា ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ